ភ្នំពេញៈ ក្រុមហ៊ុនចុះបញ្ជីមូលបត្រ និងសញ្ញាបណ្ណសាជីវកម្មភាគច្រើនបានរាយការណ៍ពីការស្ទុះងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចេញពីវិបត្តិសុខភាពនៅត្រីមាសទី ២ ឆ្នាំនេះ ដោយសារការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ យ៉ាងរហ័សនៅលើពិភពលោក និងនៅក្នុងតំបន់។
PPCBank ដែលជាធនាគារចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម បានរាយការណ៍ទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ១៦ ខែសីហាថា ក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ ប្រាក់ចំណូលរបស់ខ្លួនមាន ៧៧ ២៦៤ លានរៀល កើនលើសត្រីមាសទី ២ ឆ្នាំ ២០២០ ចំនួន ៣ ៤៧១ លានរៀលស្មើ ៤,៧ ភាគរយ ហើយប្រាក់ចំណេញសុទ្ធមាន ១៥ ១២៩ លានរៀលធ្លាក់ចុះ ១ ៨៩១ លានរៀលស្មើនឹង ១១,១ ភាគរយធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០២០។
លោក YIM Yong Taick ប្រធានធនាគារ PPCBank បានឱ្យដឹងក្នុងរបាយការណ៍ថា នៅពេលវីរុសកូរ៉ូណាថ្មី រីករាលដាល រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការដ៏ត្រឹមត្រូវដើម្បីឆ្លើយតបនឹងវិបត្តិនេះ។ លោកនិយាយថា៖ «ទោះបីមានភាពមិនច្បាស់លាស់នៅពេលនេះ ក៏ក្នុងត្រីមាសទី ២ កន្លងមក ធនាគារ PPCBank ទទួលបានការយល់ព្រមពីអាជ្ញាធរ ដើម្បីប្រតិបត្តិការសកម្មភាពអាជីវកម្មរបស់ខ្លួន និងបានដាក់ឱ្យដំណើរការផលិតផល និងសេវាដែលមានស្រាប់ និងថ្មីៗផងដែរ»។
ចំណែក LOLC (Cambodia) Plc ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចុះបញ្ជីសញ្ញាបណ្ណក៏បានរាយការណ៍ ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី ២ ឆ្នាំ ២០២១ មាន ៥០ ៥២៤ លានរៀល កើន ២ ៧៥៦ លានរៀល ស្មើ ៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន។
រីឯ RMA (Cambodia) ដែលជាក្រុមហ៊ុនចុះបញ្ជីសញ្ញាបណ្ណរថយន្តក៏បានរាយការណ៍ថា RMAC បង្កើនប្រាក់ចំណូលបាន ៣១៥,០ ពាន់លានរៀល កើនឡើង ៤២,០ ភាគរយធៀបត្រីមាសដូចគ្នាឆ្នាំ ២០២១។ ទន្ទឹមនឹងនេះប្រាក់ចំណេញនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ មានចំនួន ២៧,៦ ពាន់លានរៀល កើនឡើង ៥២,៨ ភាគរយធៀបនឹងត្រីមាសដូចគ្នាឆ្នាំ ២០២០។
ទន្ទឹមនឹងនេះ Pestech (Cambodia) ជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុន ក៏បានរាយការណ៍ថា នៅត្រីមាសទី ៤ ឆ្នាំ ២០២១ ប្រាក់ចំណូលសរុបរបស់ PCL មាន ១១០ ៦៦៨ លានរៀលដែលតំណាងឱ្យការកើនឡើង ៦៥,២៤ ភាគរយធៀបនឹង ៦៦ ៩៧៤ លានរៀលនៅត្រីមាសទី ៤ ឆ្នាំ ២០២១។ ក្នុងរយៈពេល ១២ ខែបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ប្រាក់ចំណូលសរុបរបស់ PCL មាន ២៧៣ ៦២៨ លានរៀល តំណាងឱ្យការកើនឡើង ៧០ ៦១៤ លានរៀល ឬ ៣៤,៧៨ ភាគរយធៀបនឹង ២០៣ ០១៤ លានរៀលក្នុងឆ្នាំសារពើពន្ធបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេរបស់កម្ពុជាបានឱ្យដឹងថា នៅត្រីមាសទី ២ ឆ្នាំ ២០២១ ប្រតិបត្តិការអាជីវកម្មរបស់ PPSEZ ផ្ដល់ប្រាក់ចំណេញ ខណៈដែលប្រាក់ចំណូលដី និងប្រាក់ចំណូលជួលមាន ១ ៨៥៩ ៩៧៦ ០០០ រៀលធៀបនឹង ១៧ ៨៤៤ ៦៦៤ ០០០ រៀល នៅត្រីមាសទី ២ នៃឆ្នាំ ២០២០។
ទោះយ៉ាងណា Grand Twins International (GTI) ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ បានរាយការណ៍ការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូលចំនួន ២៧,៩៤ ភាគរយនៅត្រីមាសទី ២ នេះ ខណៈខាតបង់ចំនួន ៣៨៦,០៧ ភាគរយ និងការខាតបង់សុទ្ធចំនួន ៦៤៧,៩៧ ភាគរយ។
GTI ត្រូវបានដកស្រង់សម្តីដោយលើកឡើងថា៖ «ការធ្លាក់ចុះចំណូល គឺដោយសារការផ្អាកការផលិតរបស់ក្រុមហ៊ុននេះកាលពីខែមេសា និងខែមិថុនា ដែលទទួលរងផលប៉ះពាល់ពីការធ្លាក់ចុះផ្នែកផលិតកម្មត្រូវនាំចេញ ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុនមានចំនួន ២៧,៩៤ ភាគរយ។ ការខាតបង់ប្រតិបត្តិការមាន ៣៨៦,០៧ ភាគរយ និងការខាតបង់សុទ្ធ ៦៤៧,៩៧ ភាគរយ ដោយសារការធ្លាក់ចុះប្រាក់ចំណូលរបស់ក្រុមហ៊ុន និងការកើនឡើងប្រាក់ខែ ៥០ ភាគរយត្រូវបើកឱ្យបុគ្គលិកក្នុងអំឡុងពេលការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុន»៕ LA