ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់អ្នកនាំចេញទាំងអស់នៅកម្ពុជាឱ្យចូលរួមផ្តល់ប្រឹក្សាយោបល់ក្នុងដំណើរការរៀបចំសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មីសម្រាប់នាំចេញទំនិញទៅកាន់ចក្រភពអង់គ្លេស។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
សេចក្តីជូនដំណឹងដែលផ្សព្វផ្សាយនាថ្ងៃទី ១៦ ខែសីហា ឱ្យដឹងថា ក្នុងដំណើរនៃការរៀបចំសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មីនេះចក្រភពអង់គ្លេសផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធចូលរួមប្រឹក្សាយោបល់សាធារណៈ ប្រមូលធាតុចូល និងសំណូមពរតាមរយៈការបំពេញកម្រងសំណួរ ដើម្បីចូលរួមកែសម្រួលលក្ខខណ្ឌតម្រូវ និងនីតិវិធីឱ្យមានលក្ខណៈងាយស្រួល និងសាមញ្ញ ប្រកបដោយ តម្លាភាព និងបរិយាប័ន្ន។
សេចក្តីជូនដំណឹងបានបន្តថា៖ «បន្ទាប់ពីទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធចក្រភពអង់គ្លេសនឹងពិនិត្យសម្រេចដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅថ្មីមួយសម្រាប់អនុវត្តនៅឆ្នាំ ២០២២ ខាងមុខ»។
ក្នុងន័យនេះក្រសួងពាណិជ្ជកម្មសូមអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ចូលរួមឆ្លើយនូវកម្រងសំណួរ តាមរយៈគេហទំព័រ https://www.gov.uk/government/consultations/designing-the-uk-trade-preferences-scheme-fordeveloping-nations ឱ្យបានត្រឹមថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើសូមឱ្យផលិតករ ឬអ្នកនាំចេញទាំងអស់ចូលរួមឆ្លើយនូវកម្រងសំណួរខាងលើនេះ»។
កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំនេះ រដ្ឋាភិបាលអង់គ្លេសបានចាប់ផ្តើមធ្វើការពិគ្រោះយោបល់លើច្បាប់ពាណិជ្ជកម្មថ្មី ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសមានប្រាក់ចំណូលទាប រួមទាំងកម្ពុជា។
សេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មីនេះនឹងអនុវត្តចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៧០ នៅពេលបច្ចុប្បន្ន និងរួមទាំងការកែលម្អដូចជា ពន្ធនាំចូលកាន់តែទាប និងច្បាប់នៃលក្ខខណ្ឌតម្រូវប្រភពដើមកាន់តែងាយស្រួលសម្រាប់ប្រទេសជាច្រើន ដែលនាំចេញទំនិញទៅចក្រភពអង់គ្លេសអាចឱ្យប្រទេសទាំងនោះធ្វើពិពិធកម្មការនាំចេញ និងធ្វើឱ្យសេដ្ឋកិច្ចពួកគេរីកចម្រើន។
ផែនការពាណិជ្ជកម្មបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេសនឹងអនុវត្តចំពោះប្រទេសចំនួន ៤៧ ក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCF) និងបណ្តាប្រទេស ២៣ បន្ថែមទៀតដែលត្រូវចាត់ថ្នាក់ដោយធនាគារពិភពលោក ជាប្រទេសមានប្រាក់ចំណូលទាប និងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីខែកក្កដាថា នេះជាប្រព័ន្ធអនុគ្រោះថ្មីមួយដែលគេទើបនឹងដាក់ឱ្យពិភាក្សាគ្នា។ កម្ពុជាទទួលស្វាគមន៍រាល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទាំងឡាយណាដែលផ្តល់ប្រយោជន៍នៅក្នុងការពង្រីកទីផ្សារ និងការនាំចេញទំនិញ។ សព្វថ្ងៃកម្ពុជាទទួលបាននូវភាពអនុគ្រោះពាណិជ្ជកម្មរួចហើយ គឺប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP ពីចក្រភពអង់គ្លេសដែលផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍តិចតួច។
លោកថ្លែងថា៖ «បើប្រព័ន្ធអនុគ្រោះថ្មីនេះមានលក្ខណៈងាយស្រួលជាងការអនុវត្តក្រោមប្រព័ន្ធអនុគ្រោះចាស់ GSP របស់អង់គ្លេសយើងស្វាគមន៍ ហើយយើងគិតថា វានឹងមានឱកាសច្រើនក្នុងការពង្រីកទីផ្សាររបស់យើងទៅកាន់ចក្រភពអង់គ្លេស»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែសីហាថា លោកបានជូនព័ត៌មាននេះដល់សមាជិករបស់សមាគមរួចរាល់ហើយដើម្បីឱ្យពួកគេចូលរួមក្នុងការឆ្លើយតបទៅតាមតម្រូវការរបស់ចក្រភពអង់គ្លេស។
លោកប្រាប់ថា៖ «យើងបានផ្តល់ដំណឹងនេះទៅកាន់សមាជិករួចហើយ និងជំរុញឱ្យពួកគាត់ចូលរួមឆ្លើយតបនឹងសំណួរដែលដាក់ក្នុងតំណភ្ជាប់ (Link) ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងស្រាប់»។
លោកបន្ថែមថា កម្មវិធី GSP គឺជាគោលនយោបាយពាណិជ្ជកម្មដ៏មានសារៈសំខាន់ ដូច្នេះការចូលរួមផ្តល់យោបល់គឺមានភាពចាំបាច់ណាស់នៅក្នុងអភិបាលកិច្ចប្រជាធិបតេយ្យ។
បើយោងតាម លោក សុវិជាតិ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសបានបន្តកើនឡើងជាលំដាប់ ជាក់ស្តែងក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃ ២៥៨,៤៥ លានដុល្លារក្នុងនោះ កម្ពុជានាំទៅចក្រភពអង់គ្លេស ២៣៩,៧៣ លានដុល្លារ ខណៈកម្ពុជានាំចូល ១៨,១៧ លានដុល្លារ៕ LA