ភ្នំពេញៈ MCLS Synergy Co., Ltd. (THADA) ដែលជាក្រុមហ៊ុនសំខាន់មួយក្នុងឧស្សាហកម្មយានយន្តអគ្គិសនី (EV) កំពុងពង្រីកអាជីវកម្មរបស់ខ្លួនដោយសហការជាមួយ Datasonic Corporation Sdn. Bhd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីសាធារណៈនៅប្រទេសម៉ាឡេស៊ី។
អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ គឺក្រុមហ៊ុន THADA នឹងផ្ទេរចំណេះដឹងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្គត់ផ្គង់គ្រឿងបន្លាស់ម៉ូតូអគ្គិសនីព្រមទាំងឧបករណ៍អេឡិចត្រូនិកដល់ក្រុមហ៊ុន Datasonic ខណៈក្រុមហ៊ុន Datasonic នឹងផ្តល់បទពិសោធន៍ដំឡើងទីផ្សារ និងលក់ម៉ូតូអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។
នាយកគ្រប់គ្រងក្រុមហ៊ុន THADA លោក Syaiful Hazreen Hasan Nodin បានឱ្យដឹងក្នុងអំឡុងពេលចុះហត្ថលេខាតាមអនឡាញកាលពីថ្ងៃទី ១៨ ខែសីហាថា ក្រុមហ៊ុនលោក រួមជាមួយក្រុមហ៊ុន Datasonic បានកំណត់ទិសដៅក្នុងការផលិតម៉ូតូអគ្គិសនីចំនួន ៥០០ គ្រឿងត្រឹមឆ្នាំ ២០២២។
លោកនិយាយថា៖ «ក្រៅពីការផលិតម៉ូតូអគ្គិសនី យើងក៏គ្រោងនឹងបង្កើតស្ថានីយសាកថ្ម និងអាគុយអេឡិចត្រូនិកឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយបញ្ហាកង្វល់ជាច្រើនរបស់អតិថិជន។ ការណ៍នេះនឹងជំរុញឱ្យប្រជាជនប្រើប្រាស់បច្ចេកវិទ្យាបៃតងនៃម៉ូតូអគ្គិសនី និងជួយសង្គ្រោះប្រទេសពីការបំពុលបរិស្ថាន ដោយមិនមានការបំភាយឧស្ម័នណាមួយនោះទេ»។
នៅក្នុងឱកាសនោះ លោក Syaiful Hazreen Hasan Nodin ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Datasonic សម្រាប់ការជ្រើសរើសយកក្រុមហ៊ុន THADA ជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ពួកគេនៅក្នុងទីផ្សារថ្មីនេះ។
លោក Mr. B.C. Chuah នាយកប្រតិបត្តិក្រុមហ៊ុន Datasonic បានឱ្យដឹងថា ពួកគេពិតជារីករាយចំពោះការពង្រីកអាជីវកម្ម និងវិនិយោគលើអាជីវកម្ម EV តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន THADA ដែលជាក្រុមហ៊ុនបង្កើតឡើង និងមានបទពិសោធន៍នៅប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងកំពុងទន្ទឹងរង់ចាំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ម៉ូតូអគ្គិសនីនៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមួយមិនទាន់ទទួលយកបច្ចេកវិទ្យា EV ទូលំទូលាយនៅឡើយ»។
តាមផែនការ ក្រុមហ៊ុន Datasonic នឹងបង្កើតរោងចក្រដំឡើងនៅទីក្រុង Klang រដ្ឋ Selangor ដើម្បីឆ្លើយតបនឹងតម្រូវការកំណើននៃម៉ូតូអគ្គិសនី នៅក្នុងប្រទេសម៉ាឡេស៊ី។
គំនិតផ្តួចផ្ដើមនេះនឹងបម្រើជាការជំរុញប្រកបដោយភាពវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី តាមរយៈការអភិវឌ្ឍទេពកោសល្យ ឱកាសការងារ និងការផ្ទេរបច្ចេកវិទ្យា។
របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០១៩ នៅកម្ពុជាមានយានយន្តចុះបញ្ជីជាង ៥ លានគ្រឿង ដោយក្នុងនោះ ៨៥ ភាគរយគឺជាម៉ូតូ ហើយក្នុងចំណោមនោះម៉ូតូអគ្គិសនីមានចំនួនតិចជាង ០,១ ភាគរយ។ កាលពីឆ្នាំ ២០២០ យានយន្តថ្មីចំនួន ៦៤០ ១៨៣ គ្រឿងបានចុះបញ្ជីក្នុងចំណោមនោះម៉ូតូមានចំនួន ៥៣១ ២៦៩ គ្រឿង៕