ភ្នំពេញ៖ ក្រសួងកសិកម្មបានអំពាវនាវឱ្យវិស័យឯកជនពិនិត្យលទ្ធភាពលើការវិនិយោគក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម សម្រាប់ការកែច្នៃនាំចេញផ្លែមៀនទៅទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នកម្ពុជាកំពុងធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យជាមួយនឹងប្រទេសមួយចំនួន។
លិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើឡើងក្នុងថ្ងៃទី ២០ ខែសីហា បានលើកឡើងថា ផ្លែមៀនប៉ៃលិន ជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀន។
ក្នុងបរិការណ៍នេះ ការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធនឹងការលាងសម្អាត រម្ងាប់សមាសភាពចង្រៃ និងការវេចខ្ចប់ ដើម្បីធានាអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យដែលបានឯកភាពគ្នា គឺជាការងារបច្ចេកទេសដ៏សំខាន់មួយសម្រាប់កំណត់នូវភាពជោគជ័យទាំងក្នុងដំណាក់កាលចរចា ដែលរួមមានផងដែរនូវការចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងដំណាក់កាលនៃការនាំចេញជាក់ស្តែង។
លិខិតបានបញ្ជាក់ថា៖ «ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការអំពាវនាវចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី វិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងក្នុងការជំរុញការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានទាន់ពេលវេលា និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញឱ្យបានជាអតិបរមាភ្លាមៗនៅក្រោយពេលមានការឯកភាពជាមួយប្រទេសនាំចូលលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ»។
យោងតាមក្រសួងកសិកម្ម បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាននិងកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនទៅកាន់ប្រទេសទាំង ២។
កាលពីចុងសប្តាហ៍មុន កសិករដាំមៀនប៉ៃលិន (តាង៉ែន) និងឈ្មួញនាំចេញទៅប្រទេសថៃ បានជួបនឹងបញ្ហាទីផ្សារយ៉ាងខ្លាំង ដែលបណ្តាលមកពីប្រទេសថៃ បានបញ្ឈប់ការទិញផ្លែមៀនពីកម្ពុជាទាំងស្រុង ក្រោយពីប្រទេសចិន សម្រេចឈប់ឱ្យប្រទេសថៃ នាំចូលទៅប្រទេសខ្លួន៕