ទីក្រុងហូជីមិញៈ វៀតណាមនាំចេញត្រីប្រា មានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ប៉ុន្តែទស្សនវិស័យបែជាស្រអាប់ទៅវិញនៅរយៈពេលដែលនៅសេសសល់ដោយសារការរីករាលដាលកូវីដ ១៩ មិនត្រូវបានគ្រប់គ្រងល្អនោះទេ។
យោងតាមសមាគមនាំចេញ និងផលិតអាហារសមុទ្ររបស់វៀតណាម (VASEP) ការនាំចេញត្រីប្រា (pangasius) បានកើនឡើងហួសសេចក្តីរំពឹងទុក ដោយមានកំណើនរហូតដល់ ១៨ ភាគរយដែលមានតម្លៃដល់ទៅ ៩៣១ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ទីផ្សារសំខាន់ៗដែលស្រូបយកផលិតផលត្រីប្រាពីប្រទេសវៀតណាម មានទីផ្សារចិន អាមេរិក ប្រេស៊ីល និងថៃ។
យោងតាម VASEP ការនាំចេញកើនឡើងនេះដោយសារទីផ្សារអាមេរិក ដែលបង្កើនការទិញរបស់ខ្លួនដោយសារកំណើននៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ នៅអាមេរិក ដែលធ្វើឲ្យមានតម្រូវការប្រើប្រាស់ច្រើនសម្រាប់ផលិតផលម្ហូបអាហារ។
ការរីករាលដាលកូវីដ ១៩ បង្កឲ្យមានផលប៉ះពាល់ចំបងដោយកាត់បន្ថយពាណិជ្ជកម្ម ដោយសារការតម្រូវឲ្យរក្សាគម្លាតសង្គមក្នុងប្រទេសជាច្រើន រួមទាំងបារាំង អ៊ីតាលី និង អាល្លឺម៉ង់ ខណៈពេលដែលតម្លៃដឹកជញ្ជូនវិញបានហក់ឡើងយ៉ាងខ្លាំង និងការស្តុកតួកុងតឺន័រក៏មានផលប៉ះពាល់ខ្លាំតដល់ការនាំចេញរបស់វៀតណាមផងដែរ។
លោក To Thi Tuong Lan អគ្គលេខាធិការរងនៃសមាគម VASEP បានលើកឡើងថា ទន្ទឹមនឹងនេះដែរ តម្លៃវត្ថុធាតុដើមបានហក់ឡើងពី ៤ ទៅ ៥ ដង ចាប់តាំងពីពាក់កណ្តាលនៃឆ្នាំនេះ។
តម្លៃចំណីត្រីវិញ កើនឡើង ១៥ ទៅ ២០ ភាគរយ និងការបញ្ជូនទំនិញបានកើនឡើងពី ៥ ទៅ ១០ ដង ដែលបង្កបញ្ហាប្រឈមសម្រាប់ពេលវេលាដែលនៅសេសសល់នៃឆ្នាំនេះ៕ VNS-ANN/RR