ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រោមកិច្ចសហការពីស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងអភិវឌ្ឍ «ប្រព័ន្ធអេកូស៊ីស្ដែមឌីជីថល» ដើម្បីគាំទ្រវិស័យធុរកិច្ចអនឡាញដែលមាននិន្នាការពេញនិយមទាំងនៅកម្ពុជា និងនៅពិភពលោក ដែលគេរំពឹងថា វានឹងរួមចំណែកដល់ការកសាងសេដ្ឋកិច្ចដ៏រឹងមាំក្នុងអំឡុងពេល និងក្រោយពេលការរីករាលដាលជំងឺកូវីដ ១៩។
លោកស្រី Sonali Dayaratne មន្ដ្រីទទួលបន្ទុក UNDP Cambodia បានឱ្យដឹងថា ប្រព័ន្ធអេកូស៊ីស្ដែមឌីជីថល មានគោលបំណងសំខាន់ៗដូចជា បង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការទទួលយកពាណិជ្ជកម្មអេឡិចត្រូនិក និងការបង្កើន និងការកែលម្អសមត្ថភាពរបស់មីក្រូសហគ្រាសធុនតូច និងមធ្យម (MSMEs) លើមធ្យោបាយនៃការធ្វើអាជីវកម្មតាមបែបឌីជីថល។
លោកស្រីកត់សម្គាល់ថា ទិសដៅនៃគំនិតផ្ដួចផ្ដើមនេះនឹងបង្កើនសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងចំណោមសហគ្រាស និងអតិថិជន។
លោកស្រីថ្លែងថា៖ «គំនិតផ្តួចផ្ដើមនេះ ត្រូវបានបង្កើតឡើងកាលពីខែមេសាឆ្នាំនេះ ហើយនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំនេះ។ ហេតុនេះ យើងសង្ឃឹមថា សហគ្រាស និងអតិថិជនកាន់តែច្រើននឹងចូលរួមជាមួយពួកយើងដើម្បីសម្រេចបានគោលបំណងប្រកបដោយមហិច្ឆតានៃការរួមបញ្ចូលមួយនេះ»។
លោក Pablo KANG ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជាបញ្ជាក់ថា អាជីវកម្មធុនតូច គឺជាកតា្តជំរុញដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា និងមានសារៈសំខាន់ចំពោះអ្នកដែលងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់សេដ្ឋកិច្ចដោយសារតែជំងឺកូវីដ ១៩។
លោកលើកឡើងថា៖ «ជាការឆ្លើយតបនឹងការរីករាលដាលជំងឺនេះ ប្រទេសអូស្ដ្រាលី និង UNDP Cambodia បានគាំទ្រ MSME ដើម្បីដំណើរការយ៉ាងរហ័សនូវអាជីវកម្មអនឡាញរបស់ពួកគេដូច្នេះពួកគេអាចបន្តប្រតិបត្តិការនៅក្នុងបរិយាកាសដែលរឹតបន្តឹងដោយសារតែការរីករាលដាលជំងឺនេះ»។
លោកបញ្ជាក់ថា៖ «គំនិតផ្តួចផ្ដើមដែលបានដឹកនាំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាមួយសមាគមពាណិជ្ជកម្មកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មឌីជីថល នឹងធ្វើការងារឆ្ពោះទៅរកអនាគតឌីជីថលរួមបញ្ចូលមួយនៅក្នុងប្រទេសកម្ពុជាជាមិនខាន»។
លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា សម្ព័ន្ធឌីជីថលកាន់តែរឹងមាំ នឹងជំរុញនិរន្តរភាពអាជីវកម្ម ជាមួយនឹងបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់ MSME។
លោក វ៉ាន់ដេត បញ្ជាក់៖ «កម្មវិធីនេះយើងទទួលបានការសហការរៀបចំពីទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (AusAID) និង UNDP នៅកម្ពុជា រួមជាមួយសមាគមពាណិជ្ជកម្មនៃស្ថាប័នហិរញ្ញវត្ថុ និងអាជីវកម្មឌីជីថលនៅកម្ពុជា ដើម្បីគាំទ្រការចាប់យក និងការបន្តសកម្មភាពអាជីវកម្មអនឡាញក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ ព្រមទាំងជំរុញឆ្ពោះទៅរកអនាគតឌីជីថលកាន់តែមានសុវត្ថិភាពនៅកម្ពុជា»។
ដោយការទទួលស្គាល់នូវគម្លាត និងបញ្ហាប្រឈមសំខាន់ៗទាំងនេះ UNDP ដែលបានគាំទ្រដោយជំនួយអូស្ដ្រាលី និងបានជួយសម្រួលដោយ Idea Consultancy បានផ្ដួចផ្ដើមការរួមបញ្ចូលឌីជីថលនេះ ដើម្បីគាំទ្រសកម្មភាពសំខាន់ៗដូចជា ទី ១ យុទ្ធនាការយល់ដឹងជាសាធារណៈស្ដីពីអត្ថប្រយោជន៍នៃការទទួលយកពាណិជ្ជកម្មអេឡិចត្រូនិក និងទី ២ ការកសាងសមត្ថភាពរបស់ SME លើពាណិជ្ជកម្មអេឡិចត្រូនិក។ នេះបើយោងតាមលោកស្រី Dayaratne។
លោកស្រីបន្ថែមថា ដើម្បីធ្វើឱ្យមានភាពជាក់លាក់ នៅពេលនេះយើងមាន SME ជាង ៥០០ ដែលចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធីបណ្ដុះបណ្ដាលលើជំនាញឌីជីថល ហើយ SME និងអតិថិជនជាង ៥០០ ០០០ បានចូលរួមក្នុងយុទ្ធនាការយល់ដឹងពីពាណិជ្ជកម្មអេឡិចត្រូនិក លើអត្ថប្រយោជន៍នៃដំណោះស្រាយឌីជីថល និងប្រព័ន្ធទូទាត់ឌីជីថល។
លោកស្រីលើកឡើងថា៖ «យើងសូមកោតសរសើរយ៉ាងខ្លាំងដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគាំទ្រការដាក់បញ្ចូលនេះតាំងពីដំណាក់កាលចាប់ផ្ដើមដំបូងរបស់ខ្លួន និងបានយល់ព្រមក្នុងការបន្តគាំទ្រតម្រូវការព័ត៌មាន និងទ្រព្យធានារបស់ MSME សម្រាប់ការធ្វើឌីជីថលូបនីយកម្ម ព្រមទាំងការលក់តាមប្រព័ន្ធអនឡាញដែលទទួលបានប្រាក់ចំណេញ និងស្របតាមក្របខ័ណ្ឌច្បាប់»៕LA