ភ្នំពេញ៖ ក្រុមប្រឹក្សាស្តង់ដាជាតិនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បានអនុម័តស្តង់ដាអន្តរជាតិមកជាស្តង់ដាជាតិបានចំនួន ២០ ស្តង់ដាថែមទៀត មកអនុវត្តជាស្តង់ដាជាតិ។
ការអនុម័តនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាស្តង់ដាជាតិ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ តាមប្រព័ន្ធហ្សូម ក្រោមអធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍។
អង្គប្រជុំបានសម្រេចយកស្តង់ដា ISO,IEC និងស្តង់ដារ UNECE Regulation ចំនួន ២០ បន្ថែមទៀត មកអនុវត្តជាស្តង់ដាជាតិ។
ស្តង់ដាទាំងនោះ រួមមាន ផ្នែកស្តង់ដាសំណង់ និងសម្ភារសំណង់ ផ្នែកស្តង់ដាប្រព័ន្ធគ្រប់គ្រង ផ្នែកស្តង់ដាសារធាតុ និងផលិតផលគីមី និងផ្នែកស្តង់ដាផលិតផលអគ្គិសនី និងអេឡិចត្រូនិក ព្រមទាំង ផ្នែកផលិតផលស្តង់ដាកៅស៊ូ ផ្នែកស្តង់ដាយានយន្ត ផ្នែកផលិតផលគ្រឿងសម្អាង និងផ្នែកស្តង់ដាឌីជីថល។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីបានថ្លែងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ដែលបានខិតខំស្រាវជ្រាវបកប្រែស្តង់ដាអន្តរជាតិយកមកធ្វើជាស្តង់ដាជាតិបានជាច្រើន ដែលនាំឱ្យកម្ពុជាមានស្តង់ដាជាតិកើនដល់ចំនួន ៩៨៨ គិតមកដល់ពេលនេះ។
លោកថ្លែងថា៖ «ការសម្រេចយកស្តង់ដាអន្តរជាតិមកធ្វើជាស្តង់ដាជាតិ គឺមិនមែនយើងចេះតែអនុម័តហើយទុកចោលទេ តែវាជាតម្រូវការពិតប្រាកដ ក្នុងការអនុវត្ត ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម កិច្ចការពារសុវត្ថិភាព និងការទាក់ទាញការវិនិយោគដ៏សំខាន់សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ ជាក់ស្តែង ដូចជា ស្តង់ដាយានយន្តប្រើថាមពលអគ្គិសនី និងស្តង់ដាឌីជីថល គឺជាតម្រូវការចាំបាច់ចាប់ពីពេលនេះ រហូតទៅអនាគត។
លោកបន្ថែមថា បើទោះជា កម្ពុជាមានច្រកទីផ្សារនាំចេញក្នុងគោលដៅច្រើនប្រទេសយ៉ាងណាក៏ដោយ ប្រសិនបើផលិតផលរបស់កម្ពុជាគ្មានស្តង់ដាទេ នោះទំនិញរបស់កម្ពុជាក៏មិនអាចលក់ដូរ ឬនាំចេញក្នុងឧត្តមភាពប្រកួតប្រជែងខ្ពស់បានដែរ។
លោកថ្លែងទៀតថា៖ «ខ្ញុំសូមស្នើឱ្យគណៈកម្មការបច្ចេកទេសទាំងអស់បន្តខិតខំច្បិចយកស្តង់ដាអន្តរជាតិសំខាន់ៗ និងចាំបាច់ចំពោះមុខ និងអនាគតមកធ្វើជាស្តង់ដាជាតិឱ្យបានច្រើនថែមទៀត ដើម្បីជាមូលដ្ឋានបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល»៕