ភ្នំពេញៈ សហគមន៍អ្នកដាំមៀនប៉ៃលិន សង្ឃឹមថា ការវិនិយោគរោងចក្រកែច្នៃផ្លែឈើ (តំណាប់ស្វាយ ម្នាស់ មៀន ខ្នុរ និងស្វាយចន្ទី) ដែលមានតម្លៃជាង ១១ លានដុល្លាររបស់ក្រុមហ៊ុន Cambodian Xing Can Shi Pin Co., Ltd នឹងជួយធ្វើឱ្យទីផ្សារមៀនប៉ៃលិន (តាង៉ែន) ទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើន ពិសេសប្រទេសចិន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះបានអនុម័តគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ១១,២ លានដុល្លារ និងបង្កើតឱកាសការងារចំនួន ១៥៤ នាក់។
លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍អ្នកដាំមៀនប៉ៃលិន បានស្វាគមន៍ចំពោះគម្រោងវិនិយោគរោងចក្រកែច្នៃផ្លែឈើនៅកម្ពុជា ដោយលោករំពឹងថា រោងចក្រនេះនឹងស្រូបយកផ្លែមៀនប៉ៃលិនយកមកកែច្នៃសម្រាប់នាំចេញ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ប្រសិនបើមានការបង្កើតរោងចក្រប្រភេទនេះកាន់តែច្រើន វានឹងជួយស្រោចស្រង់ទីផ្សារផលិតផលមៀនប៉ៃលិនរបស់ប្រជាកសិករទូទាំងប្រទេសនាពេលអនាគត»។
លោកឱ្យដឹងទៀតថា សព្វថ្ងៃលក្ខខណ្ឌតម្រូវភូតគាមអនាម័យ គឺជាឧបសគ្គចម្បងដែលរារាំងដល់ការនាំចេញផ្លែមៀនប៉ៃលិនទៅទីផ្សារអន្តរជាតិ។ ទោះបីយ៉ាងណាលោករំពឹងថាកម្ពុជា និងចិននឹងសម្រេចបានការចរចាលើពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញមៀនប៉ៃលិនស្រស់ និងក្លាស្សេទៅប្រទេសចិន នាដើមឆ្នាំក្រោយ។
លោកប្រាប់ថា៖ «ខ្ញុំគិតថាការបង្កើតរោងចក្រកែច្នៃផ្លែឈើកាន់តែច្រើន បញ្ហាទីផ្សារមៀននឹងអាចដោះស្រាយ ពិសេសការនាំចេញមៀនត្រង់ទៅកាន់ទីផ្សារប្រទេសចិន»។
បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃមៀនប៉ៃលិនមួយនៅក្នុងខេត្តប៉ៃលិន ប៉ុន្តែមិនទាន់បានដំណើរការចង្វាក់ផលិតកម្មទេ ដោយសារការចរចាលើពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យជាមួយប្រទេសចិននៅមិនទាន់សម្រេចបាន។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន លោក សួន ជុំ បានឱ្យដឹងថា រោងចក្រនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ផ្លែមៀនទៅកាន់ទីផ្សារប្រទេសចិន។ លោកបានបញ្ជាក់ថា៖ «រោងចក្រនេះអាចសម្ងួតមៀនបានប្រមាណ ៣០ តោនក្នុងរយៈពេល ១ ម៉ោង»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា បច្ចុប្បន្នការដាំមៀនប៉ៃលិនកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដោយមានផ្ទៃដីដាំជាង ១៣ ៦០៨ ហិកតានៅទូទាំងប្រទេស ហើយភាគច្រើនដាំនៅខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ក្នុងនោះផ្ទៃដីជិត ៧ ពាន់ហិកតាកំពុងប្រមូលផលនៅឆ្នាំនេះ ដែលនឹងផ្តល់ប្រមាណ ១១ ម៉ឺនតោន។
តាង៉ែនផ្តល់ផលជាមធ្យមពី ៧៣០ តោនក្នុង ១ ហិកតាអាស្រ័យលើការថែទាំ៕ LA
វីដេអូ៖