ទីក្រុងវ៉ាស៊ីនតោនៈ Rivian Automotive ដែលជាក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ និងរថយន្តប្រើប្រាស់អគ្គិសនី ដែលគាំទ្រដោយក្រុមហ៊ុន Amazon បាននិយាយថា ខ្លួនបានដាក់ពាក្យចុះបញ្ជីលក់ភាគហ៊ុន ពេលដែលក្រុមហ៊ុននេះរៀបចំខ្លួន ដើម្បីបង្កើនផលិតកម្មនិងការចែកចាយ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនៀ បាននិយាយថា ខ្លួនបានដាក់ពាក្យជាសម្ងាត់ សម្រាប់ការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង ស្ថិតនៅក្រោមច្បាប់ ដែលអនុញ្ញាតឲ្យខ្លួនរក្សាទិន្នន័យហិរញ្ញវត្ថុរបស់ខ្លួនជាលក្ខណៈឯកជន។
ទំហំមូលបត្រ និងតម្លៃសម្រាប់ការបោះផ្សាយមិនត្រូវបានបង្ហាញនោះទេ។
ក្រុមហ៊ុន Rivian បានបង្កើនមូលនិធិជាង ១០ ពាន់លានដុល្លារ ចាប់តាំងពីខ្លួនបង្កើតឡើងក្នុងឆ្នាំ ២០០៩ រួមទាំង ពីក្រុមហ៊ុន Amazon ដែលបានសន្យាទិញរថយន្តដឹកទំនិញអគ្គិសនីរហូតដល់ ១០ ម៉ឺនគ្រឿន ពីក្រុមហ៊ុនដែលទើបដំណើរការនេះ។ តម្លៃរបស់ក្រុមហ៊ុននេះ បានប៉ានស្មានមានចំនួន ២៦,៧ ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ។
ក្រៅពីការលក់រថយន្តឲ្យក្រុមហ៊ុន Amazon ក្រុមហ៊ុន Rivian កំពុងផលិតរថយន្តដឹកទំនិញអគ្គិសនី និង រថយន្តកីឡា សម្រាប់អតិថិជនដោយមានតម្លៃចាប់ពីប្រហែល ៧០ ០០០ ដុល្លារ ក្នុង ១ គ្រឿង។
ព័ត៌មានពីក្រុមហ៊ុន Rivian កើតមាន នៅពេលដែលរដ្ឋាភិបាលជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក បានផ្តល់អាទិភាពលើការអភិវឌ្ឍរថយន្តអគ្គិសនី និងនៅពេលដែលវិស័យររថយន្តសកលបង្កើនផលិតកម្មរថយន្តអគ្គិសនី។
គេហទំព័ររបស់ក្រុមហ៊ុន Rivian កំពុងទទួលការបញ្ជាទិញរថយន្ត ដោយការចែកចាយ រំពឹងពីខែមករា ឆ្នាំ ២០២២។ ក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀត កំពុងណែនាំរថយន្តអគ្គិសនី ដែលមានបំណងប្រឈមជាមួយក្រុមហ៊ុនរថយន្តអគ្គិសនី គឺ Teslaវិនិយោគិនក្រុមហ៊ុននេះ រួមមាន ក្រុមហ៊ុន Ford Motor Co. ក្រុមហ៊ុន Fidelity, ក្រុមហ៊ុន T. Rowe Price និងមូលនិធិរបស់ក្រុមហ៊ុន Amazon៕ AFP/RR