ភ្នំពេញៈ កម្ពុជា-ឥណ្ឌាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកសិកម្មជាមួយរដ្ឋបាលខេត្តកែបដែលជាតំបន់សក្តានុពលទេសចរណ៍ឆ្នេរសមុទ្រ។
ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីសប្តាហ៍មុននៅសាលាខេត្តកែប។
ក្នុងជំនួបនេះ លោកស្រី Khobragade លើកឡើងថា នេះគឺជាជំនួបដើម្បីបង្កើនចំណងមិត្តភាពជាមួយខេត្តជាប់មាត់សមុទ្រ។ លោកស្រីបន្តថា អភិបាលខេត្តកែបបានឯកភាពធ្វើការរួមគ្នា ដើម្បីបង្កើន និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កសិកម្ម និងការកសាងសមត្ថភាព និងបង្កើនឱកាសសេដ្ឋកិច្ចអតិបរមា។
លោកស្រីបន្ថែមថា៖ «ភាគីទាំង ២ ក៏បានពិភាក្សាគ្នា ដើម្បីបង្កើតចំណងមិត្តភាពខេត្តជាបងប្អូនស្រីផងដែរ»។
លោក សោម ពិសិដ្ឋ បានលើកឡើងដែរថា ឥណ្ឌាបានមកស្វែងយល់ពីសក្តានុពលរបស់ខេត្ត និងសិក្សាអំពីគម្រោងអភិវឌ្ឍន៍របស់ខេត្តទៅលើវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ជាដើម។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បានលើកឡើងពីសក្តានុពលសំខាន់ៗ និងបង្ហាញចក្ខុវិស័យដែលខេត្តបានដាក់ចេញសម្រាប់ធ្វើការអភិវឌ្ឍក្នុងខេត្តនាពេលខាងមុខ។ លោកថា ភាគីឥណ្ឌាសន្យាថានឹងទទួលយកគម្រោងណាមួយប្រសិនបើខេត្តស្នើសុំឱ្យមានការគាំទ្រពីឥណ្ឌា។
លោកបន្តថា៖ «ខ្ញុំសង្ឃឹមថាលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជានឹងពិនិត្យរាល់គម្រោងដែលខេត្តបានដាក់ចេញ ដើម្បីពិនិត្យ និងជួយគាំទ្រ ពិសេសគម្រោងអភិវឌ្ឍន៍លើវិស័យទាំង ៣ ខាងលើ»។
កាលពីថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើននៅខេត្តកែបដោយរំពឹងថានឹងអនុវត្តឆាប់ៗនេះ។
គម្រោងនេះនឹងអនុវត្តចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍកែលម្អតំបន់ឆ្នេរថ្មីរបស់រាជរដ្ឋាភិបាលនេះក្នុងគោលបំណង ដើម្បីពង្រីកសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកែប បង្កើតមុខរបរដល់ពលរដ្ឋនៅមូលដ្ឋាន និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំជឿថា ការអភិវឌ្ឍតំបន់ឆ្នេរនេះនឹងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តកែបកាន់តែច្រើន»។
បច្ចុប្បន្នខេត្តកែប មានឆ្នេរសមុទ្រតែ ១ គត់ ដោយមានប្រវែងសរុប ៣៥០ ម៉ែត្រ ហើយខេត្តកែបមានកោះចំនួន ១២ និងថ្មប៉ប្រះទឹក ១ ដែលជាតំបន់សក្តានុពលទេសចរណ៍ឆ្នេរសមុទ្រ។ នេះបើតាមលោក សោម ចិន្តា។
របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា ឆ្នាំ ២០២០ មានតម្លៃ ១៩០,១៣ លានដុល្លារ ធ្លាក់ចុះ ២៥,៨១ ភាគរយធៀបឆ្នាំ ២០១៩។ ក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ៦១,៣៦ លានដុល្លារធ្លាក់ចុះ ៥,១២ ភាគរយ និងនាំចូលមាន ១២៨,៧៧ លានដុល្លារ ធ្លាក់ចុះ ៣២,៧៩ ភាគរយ៕