ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និង ធនាគារ វីង ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុប បានសម្រេចនូវកិច្ចព្រមព្រៀងភាពជាដៃគូជាផ្លូវការ ដើម្បីដាក់បញ្ចូលប្រព័ន្ធទូទាត់ទៅក្នុងទីផ្សារ CambodiaTrade.com ដើម្បីជួយពង្រឹងការទូទាត់បែបឌីជីថលសម្រាប់អ្នកប្រើប្រាស់ ជាពិសេសគឺសហគ្រាស ធុនតូច និងមធ្យមកម្ពុជា។
កិច្ចព្រមព្រៀងភាពជាដៃគូនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ ក្រោមអធិបតីភាពរវាងលោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងលោក គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការសាកល្បងគេហទំព័រ Cambodia Trade.com កាលពីពាក់កណ្ដាលខែមិថុនា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ SMEs របស់កម្ពុជាក្នុងការដាក់លក់ផលិតផលរបស់ពួកគេដល់អតិថិជនកាន់តែទូលំទូលាយថែមទៀត និងចាប់យកចំណែកសេដ្ឋកិច្ចឌីជីថលពិភពលោក ដែលរីកចម្រើន។
លោក គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានថ្លែងសាទរជាមួយភាពជាដៃគូរជាមួយក្រសួងពាណិជ្ជកម្មក្នុងការជួយសម្រួលការទូទាត់បែបឌីជីថលសម្រាប់ថ្នាលផ្សារអេឡិចត្រូនិករបស់ក្រសួង។ លោកថា ជាមួយដំណើការ ១៣ ឆ្នាំរួចមកហើយ វីង បានជម្នះនូវរាល់ការលំបាកទាំង ទិសដៅទៅ Bank និង Unbank ជូនប្រជាពលរដ្ឋគ្រប់ៗរូប។
លោកបានថ្លែងថា៖ «ប្រសិនយើងគិតមើល ១៣ ឆ្នាំថយក្រោយ កម្ពុជា យើង ការអភិវឌ្ឍមិនទាន់បានធំធេងទេ។ នៅពេលនេះ វីង បានធ្វើឱ្យប្រជាជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុកបានផ្ញើលុយមកច្រើន តាមរយៈ វីង ជាពិសេសពីប្រទេសកូរ៉េ ថៃ និងប្រទេសម៉ាឡេស៊ី»។
លោកបានថ្លែងបន្តទៀតថា វីង បានដំណើការមកទល់ពេលនេះក៏ដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសប្រជាពលរដ្ឋទូទាំងប្រទេស។ បច្ចុប្បន្ន វីង មានអតិថិជនកំពុងប្រើប្រាស់ ១២ លាននាក់។
លោកថា៖ «ខ្ញុំពិតជាមានការកោតសរសើរក្រសួងក្នុងការបង្កើត Cambodia Trade នេះគឺជាដំណើការស្របតាមទីផ្សារយុគសម័យថ្មី ដើម្បីឱ្យដើរទាន់សភាពការណ៍ចំពោះប្រទេសអាស៊ានផង និងសកលលោកផង។ ប្រសិនបើយើងមិនផ្លាស់ប្តូរទេ ការងារ ទីផ្សារ និងចែកចាយមិនបានទាន់សភាពការណ៍ដូចប្រទេសនានា»។
លោក ប៉ាន សូរស័ក្ត បានថ្លែងថា ក្រុមហ៊ុន Royal Group តាមរយៈ ធនាគារ វីង តែងតែមានកិច្ចសហការល្អជាមួយក្រសួងពាណិជ្ជកម្មជាថ្មីម្តងទៀតតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់របស់ធនាគារ វីង ជាមួយនិងផ្សារអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្មមានឈ្មោះថា «Cambodia Trade.com» ដើម្បីជួយសម្រួលដល់ការទូទាត់ប្រាក់តាមបែបឌីជីថលដែលនឹងផ្តល់ភាពងាយស្រួលជូន អាជីវករសហគ្រាស ធុនតូច និងមធ្យម និងអតិថិជនក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
បើយោងតាមលោក ក្រសួងពាណិជ្ជកម្មបានដាក់ដំណើរការសាកល្បងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដសម្រាប់ការចុះឈ្មោះបឋម ដោយ សហគ្រាសធុនតូច និងមធ្យមនៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២១ ដើម្បីជួយគាំទ្រដល់សហគ្រាសធុន-តូច និងមធ្យមនៅកម្ពុជាអាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យារួមមួយ (មាន ទាំងប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធដឹកជញ្ជូនផងដែរ) ក្នុងការនាំចេញផលិតផលកម្ពុជា និងពង្រើកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងនៅក្នុងប្រទេសកម្ពុជា និង ក្រៅប្រទេស។ ពិធីសម្ពោធជាផ្លូវការ ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ នឹងត្រូវរៀបចំក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកថ្លែងថា៖ «ការបង្កើត Cambodia Trade គឺស្របនឹងបរិបទប្រទេសកម្ពុជាជាមួយការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ យើងទាំងអស់គ្នាកម្ពុជាពឹងផ្អែកលើការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយដៃគូពាណិជ្ជកម្ម ហើយការនាំចេញទាំងអស់នោះមានតម្លៃប្រមាណ ៥៥ ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា»។
លោកបានថ្លែងបន្តទៀតថា៖ «ជាមួយនោះដែរការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេមកធ្វើតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈការលក់ទៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក និងតាមបណ្តាញសង្គមនានា។ សកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនខ្លាំងផងដែរ ជាពិសេសក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩។ ដោយមើលឃើញពីការវិវឌ្ឍខាងលើក្រសួងពាណិជ្ជកម្មបានបង្កើតផ្សារអេឡិចត្រូនិក Cambodia Trade ប្រែក្លាយកាលានុវត្តភាព ដើម្បីជាប្រយោជន៍សម្រាប់សហគ្រាសធុន-តូច និងមធ្យម»៕LA
វីដេអូ៖