ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ ក្នុងគោលបំណង ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីលើវិស័យនេះ និងមានគោលដៅទាក់ទាញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានយល់ជ្រួតជ្រាបយ៉ាងច្បាស់ថាវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កលក្ខណៈឱ្យប្រទេសកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាឆ្អឹងខ្នង ដែលនាំឱ្យមានជោគជ័យនៅក្នុងដំណើរការអភិវឌ្ឍប្រទេស។ រដ្ឋាភិបាលកម្ពុជាបានចាប់យកវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាការសម្រេចចិត្តដ៏សំខាន់មួយដែលនឹងអនុញ្ញាតឱ្យប្រទេសកម្ពុជាឈានជើងចូលទៅក្នុងសករាជថ្មីនៃអារ្យធម៌ដ៏រស់រវើក។
លោកបានឱ្យដឹងថា៖ «ខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឈានទៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ជាតិមាតុភូមិកម្ពុជា»។
ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ ត្រូវបានតាក់តែងឡើងដោយមានសសរស្តម្ភចំនួន ៥ រួមមាន សសរស្តម្ភទី១ មានគោលដៅពង្រឹងអភិបាលកិច្ចនៃប្រព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលក្រសួងនេះគឺជាស្ថាប័នដឹកនាំការសម្របសម្រួលលើការអនុវត្តគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សសរស្តម្ភទី២ មានគោលដៅកសាងធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការបង្កើនចំនួននិស្សិតដែលសិក្សាផ្នែកស្ទែម (STEM) នៅតាមសាកលវិទ្យាល័យឱ្យបានយ៉ាងតិចចំនួន ៥០ ភាគរយ។ សសរស្តម្ភទី៣ មានគោលដៅលើកកម្ពស់ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ តាមរយៈការវិនិយោគចំនួន ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបទៅលើសកម្មភាពស្រាវជ្រាវ។
សសរស្តម្ភទី៤ មានគោលដៅពង្រឹងកិច្ចសហការ និង កសាងបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងឡាយ និងសសរស្តម្ភទី៥ មានគោលដៅ ជំរុញប្រព័ន្ធអេកូឡូស៊ីដែលបង្កបរិយាកាសដល់នវានុវត្តន៍ ការលើកកម្ពស់សមត្ថភាពស្រូបទាញក្រុមហ៊ុន ការទាក់ទាញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងផែនទីបង្ហាញផ្លូវនេះថា ការពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍ គឺជាកត្តាគន្លឹះកំណត់ ការសម្រេចឱ្យបាននូវទស្សនវិស័យប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
លោកថ្លែងទៀតថា៖ «ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ គឺជាសម្បត្តិដ៏មានសារៈសំខាន់ និងទាន់សភាពការណ៍ក្នុងការតម្រង់ទិស មិនត្រឹមតែទៅរកការស្តារសេដ្ឋកិច្ចឡើងវិញប៉ុណ្ណោះទេ ថែមទាំងការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងការបង្កើនផលិតភាពទៀតផង។ ក្នុងន័យនេះ ផែនទីបង្ហាញផ្លូវនឹងជាកាតាលីករក្នុងការធ្វើបរិវិត្តកម្ម សេដ្ឋកិច្ច ពីសេដ្ឋកិច្ចអតិពលកម្ម ទៅជាសេដ្ឋកិច្ចផ្អែកលើជំនាញ ហើយប្រែក្លាយជាប្រជាជាតិមួយដែលយកនវានុវត្តន៍ជាមូលដ្ឋានក្នុងការអភិវឌ្ឍ»។
លោក ប៉ាត់ ចំណាន ស្ថាបនិកក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី (Supper App Technology Plc) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍនៅក្រុមហ៊ុនលោក ដើម្បីដំណើរការចង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ទៅកាន់ទីផ្សារ៕