ភ្នំពេញៈ គម្រោង​វិនិយោគ​ជប៉ុន​ចំនួន ២១១ ដែលមាន​ប្រាក់​ប្រមាណ ៣,១៤ ​ពាន់​លាន​ដុល្លារ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន CDC​។

សេចក្តីប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​លើក​ទី​២២ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន​ឱ្យ​ដឹងថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​ ២០២១ CDC បានសម្រេច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ជប៉ុន​ធ្វើការ​វិនិយោគ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៤៥ ​គម្រោង ស្មើនឹង​ទុនវិនិយោគ ២,៨ ​ពាន់​លាន​ដុល្លារ និង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មាន ៦៦ ​គម្រោង ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៣៤០ ​លាន​ដុល្លារ​។

កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ កាលពី​រសៀល​ថ្ងៃទី​ ៣០ ខែសីហា មាន​ការចូលរួម​ពី​លោក សុក ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក Masahiro MIKAMI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​, ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO) សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា​ (JBAC), និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​ប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ ១៣០ ​រូប​។

កិច្ចប្រជុំ​នៃ​ «​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន​» គឺជា​ផ្នែក​មួយ​នៃ​យន្តការ​ថែទាំ​ការវិនិយោគ​ដែល​ត្រូវបាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​ ២០០៩ ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដែល​បាន​ចុះហត្ថលេខា​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe កាលពី​ខែមិថុនា ឆ្នាំ​ ២០០៧​។

លោក សុក ចិន្តាសោភា បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ថា វិនិយោគិន​ជប៉ុន ជានិច្ចកាល​តែង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រដ្ឋាភិបាល​កម្ពុជា ដែល​នេះ​ជា​កត្តា​លើក​ទឹកចិត្ត​ពួកគេ​ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ និង​មាន​គ្រប់​វិស័យ​។ លោក​អះអាងថា ការវិនិយោគ​របស់​ជប៉ុន គឺជា​ចំណុច​របត់​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​លើ​ផលិតផល​នាំចេញ​របស់ខ្លួន​ទៅ​ទីផ្សារ​អន្តរជាតិ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។

លោក​ថ្លែងថា​៖ «​សកម្មភាព​នៃ​ការវិនិយោគ​របស់​វិនិយោគិន​ជប៉ុន​ទាំងអស់ ជាពិសេស​ការវិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​វាយនភណ្ឌ បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរួមចំណែក​ដល់​ការធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ស្របតាម​ការចង្អុលបង្ហាញ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​ ២០១៥-២០២៥ ដែលជា​ចក្ខុវិស័យ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ឱ្យបាន​ត្រឹម​ឆ្នាំ​ ២០២៥»​។

ជាមួយ​គ្នា​នេះ លោក ចិន្តាសោភា ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA នឹង​ចាប់ផ្តើម​ការហោះហើរ​ផ្ទាល់​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ឡើងវិញ​នាពេល​ឆាប់ៗ​។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Masahiro MIKAMI បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់ផ្នែក​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។ ជាមួយ​គ្នា​នេះ​លោក​ក៏​ថ្លែងអំណរគុណ CDC និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​សម្របសម្រួល និង​ផ្តល់​ការឆ្លើយតប​ប្រកប​ដោយ​ភាពទន់ភ្លន់​ចំពោះ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​វិនិយោគិន​ជប៉ុន​។

ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចប្រជុំ​លើក​ទី​២២ មានដូចជា ប្រាក់​ឈ្នួល​គោល​អប្បបរមា និង​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​, កាតព្វកិច្ច​ពន្ធដារ​, ឡូជីស្ទិក​, ការផ្គត់ផ្គង់​ និង​តម្លៃ​អគ្គិសនី​, ការនាំចូល​រថយន្ត​, គម្រោង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការរៀបចំ​សិក្ខាសាលា​ស្វែងយល់​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​ស្តីពី​សន្ធានកម្ម​ខ្សែចង្វាក់​ផ្គត់ផ្គង់​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៣១ ខែសីហា ថា បើទោះបី​វិបត្តិការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ចំនួន​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មួយចំនួន​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន នៅតែមាន​ភាពល្អប្រសើរ​។ លោក​ថ្លែងថា​៖ «​ជប៉ុន​ជា​ទីផ្សារ​សក្តានុពល​សម្រាប់​ផលិតផល​ពី​ប្រទេស​កម្ពុជា​»​។

ទិន្នន័យ​ពី Jetro បង្ហាញថា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មានតម្លៃ ៨១៤,៥៣ ​លាន​ដុល្លារ កើន ២,៧ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​ ២០២០ និង​ទំនិញ​ជប៉ុន​នាំមក​កម្ពុជា​មានតម្លៃ ២៩៥,២៣ ​លាន​ដុល្លារ កើនឡើង ៣៥ ​ភាគរយ​៕ LA