ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដំណាក់កាលទី ២ ជាផ្លូវការ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីប្រកាសព័ត៌មានបន្តថា កម្មវិធីនេះនឹងធ្វើក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីក្រសួងស្ថាប័ន សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ស្ថានទូត និងគ្រឹះស្ថានសិក្សាមួយចំនួនទៀត។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងដំណាក់កាលទី ២ នេះ ប្រព័ន្ធនឹងពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញទៅតាមសកម្មភាពអាជីវកម្មពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។ ក្រសួង-ស្ថាប័ន ទាំង ៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយតករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារដែលទើបបង្កើតកាលពីពេលថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «នេះគឺជាការកែទម្រង់មុតស្រួច ជាកញ្ចប់របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៨ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ»។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការដាក់ឱ្យដំណើរការជំហានទី ២ នេះគឺពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងផែនការជាតិរបស់រាជរដ្ឋាភិបាល(E-Government) ក៏ដូចជាឆ្លើយតបនឹងផែនការយុទ្ធសាស្ត្ររបស់អាស៊ាន ផងដែរ។
លោកបានបន្តថា ក្នុងជំហានទី ២ នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានចូលរួមក្នុងប្រព័ន្ធ Single Portal នេះដោយលោករំពឹងថា នឹងមានការគាំទ្រច្រើនពីសំណាក់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកប្រាប់ថា៖ «យើងរំពឹងថា កម្មវិធីមួយនេះនឹងជួយសម្របសម្រួលច្រើនដល់បណ្តាធុរកិច្ចទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចុះបញ្ជីអាជីវកម្ម ដែលចំណេញទាំងពេលវេលា និងថវិកា ហើយយើងជឿថា ក្នុងដំណាក់កាលទី ២ នេះក៏នឹងទទួលបានជោគជ័យផងដែរ»។
រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។ ក្រសួង និងស្ថាប័នរដ្ឋចំនួន ៦ បានចុះបញ្ជីក្នុងប្រព័ន្ធនេះរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ដែលមានរយៈពេល ១ ឆ្នាំ បន្ទាប់ពីការចាប់ផ្តើមពាក្យស្នើសុំចំនួន ៦ ១៦៤ ត្រូវបានអនុម័តជាមួយនឹងទំហំដើមទុនសរុបចំនួន ២ ៦៣១ លានដុល្លារ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ LA