ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដំណាក់កាលទី២ ចាប់ពីថ្ងៃទី ១ ខែកញ្ញា តទៅ ដោយបានបញ្ចូលក្រសួង-ស្ថាប័ន ៤ បន្ថែមទៀត ដើម្បីពង្រីកវិសាលភាពការផ្តល់អាជ្ញាប័ណ្ណដល់វិស័យអាទិភាពសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ ១៩។
ក្នុងកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី២ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញនាថ្ងៃពុធម្សិលមិញ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្រសួង-ស្ថាប័នទាំង ៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយតករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ។
លោកបន្ថែមថា ការដាក់ឱ្យដំណើរការប្រព័ន្ធ Single Portal ធ្វើឡើងក្នុងគោលបំណងកែប្រែបរិយាកាសធុរកិច្ច និងវិនិយោគក្នុងទិសដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសចូលរួមចំណែករក្សានិរន្តរភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃការរីករាលដាលកូវីដ ១៩ តាមរយៈការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ។
លោកថ្លែងថា៖ «ការដាក់ឱ្យដំណើរការ Single Portal ដំណាក់កាលទី ២ នេះ បានបង្ហាញយ៉ាងច្បាស់ពីការកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាដែលបានសម្រេចនូវលទ្ធផលល្អដូចការគ្រោងទុក»។
ក្នុងដំណាក់កាលទី១ រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធ Single Portal កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ដែលមានក្រសួង-ស្ថាប័នចំនួន ៦ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានកត់សម្គាល់ថា ដំណើរការប្រព័ន្ធ Single Portal ក្នុងដំណាក់កាលទី១ ទទួលបានលទ្ធផល ល្អប្រសើរដែលវិស័យឯកជនចង់បាន ហើយលោកជឿថា ការដាក់ឱ្យដំណើរការប្រព័ន្ធនេះដំណាក់កាលទី២ និងកាន់តែជោគជ័យបន្ថែមទៀត។ លោកបន្តថា បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋាភិបាលនឹងដាក់បញ្ចូលក្រសួង-ស្ថាប័នផ្សេងទៀតចូលទៅក្នុងប្រព័ន្ធនេះនាពេលអនាគត។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធនេះនឹងបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ដែលចំណេញទាំងពេលវេលា និងថវិកា ព្រមទាំងកាត់បន្ថយភាពស្មុគស្មាញជាច្រើនលើការបំពេញបែបបទឯកសារនានាក្នុងការសម្របសម្រួលដល់ម្ចាស់អាជីវកម្មទាំងក្នុង និងក្រៅប្រទេស។ នេះជាអ្វីដែលវិស័យឯកជនចង់បានបំផុត»។
លោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំប្រព័ន្ធ Single Portal បាននិយាយថា នៅក្នុងដំណាក់កាលទី ២ នេះ ក្រុមការងារបានដាក់បញ្ចូលប្រភេទអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតនៃក្រសួង-ស្ថាប័នទាំង ៤ នេះដែលរួមមាន អាជ្ញាប័ណ្ណការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ អាជ្ញាប័ណ្ណសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ និងអាជ្ញាប័ណ្ណភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នៃក្រសួងទេសចរណ៍។
លោកប្រាប់ថា៖ «ដូចគ្នានឹងដំណាក់កាលទី១ ការស្នើសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតគឺក្នុងដំណាក់កាលទី២ ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុងតាមគេហទំព័រ www.registrationsevices.gov.kh»។
លោកឱ្យដឹងទៀតថា រដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងកសាងវិស័យឌីជីថលឱ្យរស់រវើកតាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គមសម្រាប់ប្រជាពលរដ្ឋ និងធុរជនក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមដោយផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី។ នៅក្នុងន័យនេះ ប្រព័ន្ធ Single Portal ដំណាក់កាលទី២ នេះបានឆ្លើយតបយ៉ាងលឿនក្នុងការចូលរួមអនុវត្តក្នុងក្របខ័ណ្ឌគោលនយោបាយ ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩។
គិតត្រឹមថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២១ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានមានចំនួន ៧ ៧១៥ និងមានដើមទុនសរុបជិត ៣ ពាន់លានដុល្លារ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន៕ LA