ភ្នំពេញៈ ក្នុងកិច្ចខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងបង្កើតប្រព័ន្ធប្រកបដោយនិរន្តរភាព និងដែលអាចធ្វើការងារបានសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា សហគ្រិនខ្មែរដែលផ្ដល់មូលនិធិដោយរដ្ឋាភិបាល និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយកាលពីចុងសប្ដាហ៍មុន។
MoU នេះបានចុះហត្ថលេខារវាងលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរជាមួយលោក Anthony Galiano ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាកាលពីថ្ងៃទី ៣ កញ្ញានៅសណ្ឋាគារ ROSEWOOD Phnom Penh។
MoU នេះនឹងពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការដែលមានការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្ពោះទៅរកភាពរស់រវើក និងច្នៃប្រឌិតដែលជាកម្លាំងចលករមួយក្នុងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។
MOU នេះបានភ្ជាប់មកជាមួយកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាដូចជា ការរៀបចំបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលា ការផ្គូផ្គងអាជីវកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្មព្រឹត្តិការណ៍ប្រកួតប្រជែង និងការផ្សព្វផ្សាយវប្បធម៌សហគ្រិនរួមគ្នា។
ស្ថិតក្រោម MoU នេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជានឹងផ្តល់ការពង្រឹងសមត្ថភាពផ្តល់ការណែនាំ និងការចែករំលែកព័ត៌មានពីអាជីវកម្មអាមេរិកនៅប្រទេសកម្ពុជាដែលទាំងនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមគ្នា។
លោក ឈៀង វណ្ណមុនិណ្ឌ ឱ្យដឹងថា ភាពជាដៃគូនេះនឹងផ្ដល់ការបង្កើនល្បឿននៃបេសកកម្មសហគ្រិនខ្មែរ (Khmer Enterprise) ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូសហគ្រិនភាព។
លោកថ្លែងថា៖ «ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នានេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលជាដៃគូថ្មីនឹងរួមចំណែកយ៉ាងសំខាន់ចំពោះចក្ខុវិស័យរបស់យើងក្នុងការក្លាយជាវេទិកាជាតិសម្រាប់ ការលើកកម្ពស់សកម្មភាពសហគ្រិនភាព»។
លោក Anthony Galiano បានលើកឡើងថា កិច្ចសហការនេះ AmChamber នឹងផ្ដល់អ្នកជំនាញ និងធនធាន ដើម្បីជួយ និងគាំទ្រសម្រាប់កែលម្អ SMEs និងធុរកិច្ចបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា។
លោកប្រាប់ថា៖ «យើងចាប់យកឱកាសនេះប្រកបដោយការប្ដេជ្ញាចិត្តក្នុងការរួមជាមួយសហគ្រិនខ្មែរ ដើម្បីផ្ដល់ធនធាន អ្នកជំនាញ និងបណ្ដាញក្នុងការអភិវឌ្ឍ និងលើកកម្ពស់ទីផ្សារអាជីវកម្ម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងគាំទ្រធុរកិច្ចបង្កើតថ្មី សហគ្រិន និង SMEs។ យើងប្ដេជ្ញាចិត្តចំពោះការចូលរួមសកម្មភាព និងលទ្ធផលក្នុងការគាំទ្រសហគមន៍អាជីវកម្ម និងទីផ្សារ។ យើងប្រតិបត្តិការដើម្បីភាពល្អប្រសើររបស់សមាជិកភាពរបស់យើង និងប្រទេសកម្ពុជា»។
បច្ចុប្បន្នក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គ្រោងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសធុនតូច និងមធ្យមទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពេលឆាប់ៗដើម្បីពិនិត្យ និងផ្តល់ធាតុចូលបន្ថែមបន្ទាប់ពីក្រុមការងារបច្ចេកទេសបានបញ្ចប់ឯកសារនេះរួចរាល់។
ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីសម្រួលដំណើរការសម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្តល់ការគាំទ្រដល់ពួកគេ ដើម្បីទទួលបានឱកាសទីផ្សារកាន់តែច្រើន។ ជាមួយគ្នានេះច្បាប់នេះ ក៏នឹងជួយកាត់បន្ថយការប្រកួតប្រជែងមិនស្មើភាពគ្នាផងដែរ។ ជាពិសេសគោលដៅនេះនឹងជំរុញទីផ្សារ និងចង្វាក់ផលិតកម្ម តាមរយៈការបង្កើនការផលិតដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើនតាមអាចធ្វើបាន៕LA