ការវិនិយោគលើទីផ្សារភាគហ៊ុនអាចជាជម្រើសដ៏ប្រសើរមួយក្នុងការរកប្រាក់ ដោយសារវាអាចផ្តល់ឱ្យវិនិយោគិននូវប្រភពចំណូលបន្ថែម ឬ ហៅថា ចំណូលអកម្មដែលអាចជួយវិនិយោគិនសម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុនាថ្ងៃអនាគតបានផងដែរ។
ជាការពិតណាស់ ការវិនិយោគទាំងអស់គឺសុទ្ធតែមានហានិភ័យ ប៉ុន្តែវានឹងត្រូវបានកាត់បន្ថយ ប្រសិនបើវិនិយោគិនជ្រើសរើសនូវវិធីសាស្ត្រត្រឹមត្រូវ។ ដូច្នេះ ដើម្បីបង្កើននូវឱកាសជោគជ័យ ការសិក្សាស្រាវជ្រាវអំពីកត្តាចម្បងមួយចំនួន រួមមានកត្តាហានិភ័យ ចំណូលដែលរំពឹងទុក ជម្រើសនៃក្រុមហ៊ុនឱ្យបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តវិនិយោគគឺពិតជាមានសារៈសំខាន់ណាស់។
លោក វ៉ារិន បាហ្វេត (Warren Buffett) ដែលត្រូវបានគេប្រសិទ្ធនាមថា ជាមនុស្សទេពនៃអូម៉ាហា (Oracle of Omaha) និងសព្វថ្ងៃជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃក្រុមហ៊ុន បឺកស្ស៊ើរ ហាសាវេ (Berkshire Hathaway) បានចាប់ផ្តើមការងារទាក់ទងនឹងការវិនិយោគក្នុងអំឡុងទសវត្សរ៍ទី ៥០ និងបានក្លាយជាមហាសេដ្ឋីពាន់លានក្នុងឆ្នាំ ១៩៨៦។
តាមរយៈគេហទំព័រ ប្លូមបឺក ប៊ីលានែរ អ៊ិនដេច (Bloomberge Billionaires Index) ទ្រព្យសម្បត្តិសរុបរបស់លោក វ៉ារិន បាហ្វេត ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១០៤,២ ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងខែសីហា ឆ្នាំ ២០២១ ដែលតួលេខនេះបានធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីមានបំផុតលំដាប់ទី ៦ លើពិភពលោក។
លោក បាហ្វេត ត្រូវបានមនុស្សភាគច្រើនលើសលប់លើសកលលោកទទួលស្គាល់ថា ជាកំពូលវិនិយោគិនឆ្នើម ១ រូបក្នុងវិស័យមូលបត្រ ហើយដំបូន្មានទាក់ទងនឹងការវិនិយោគរបស់លោកក៏ត្រូវបានទទួលយក និងរៀនសូត្រតាមដោយវិនិយោគិនភាគច្រើនផងដែរ។
មានទស្សនៈដ៏ល្បីមួយរបស់លោកបានលើកឡើងថា «គួរសិក្សាអំពីក្រុមហ៊ុនទាំងនោះ ដើម្បីកំណត់រកថ្លៃពិតប្រាកដឱ្យច្បាស់ជាមុនសិនមុនសម្រេចចិត្តវិនិយោគ រួចទិញភាគហ៊ុនណាដែលថ្លៃទីផ្សារទាបជាងថ្លៃពិតប្រាកដក្នុងគោលបំណងកាន់កាប់រយៈពេលវែង ដើម្បីទទួលបានផលចំណេញកាន់តែច្រើន»។
តើលោក វ៉ារិន បាហ្វេត មានយុទ្ធសាស្ត្រវិនិយោគបែបណាខ្លះ ទើបធ្វើឱ្យលោកអាចទាញរកផលចំណេញបានច្រើន?
១. សិក្សាពីក្រុមហ៊ុនដែលវិនិយោគិនចង់វិនិយោគឱ្យបានច្បាស់
វិធីសាស្ត្រគោលមួយរបស់លោក វ៉ារិន បាហ្វេត គឺត្រូវសិក្សាពីក្រុមហ៊ុនដែលលោកមានបំណងចង់វិនិយោគឱ្យបានច្បាស់ដោយខ្លួនលោកផ្ទាល់ ជាជាងដើរតាមទំនោរទីផ្សារ ឬផ្អែកទាំងស្រុងលើកត្តាផ្គត់ផ្គង់ និងតម្រូវការលើទីផ្សារ។ ការចំណាយពេលសិក្សាស្រាវជ្រាវ និងតាមដានផែនការអាជីវកម្មរបស់ក្រុមហ៊ុនមួយនឹងធ្វើឱ្យវិនិយោគិនយល់កាន់តែច្បាស់ថា តើក្រុមហ៊ុននោះអាចនឹងនៅស្ថិតស្ថេរគង់វង្ស ហើយបន្តមានកំណើនទៅមុខឬទេ? មានកត្តាជាច្រើនដែលលោកបានលើកមកវិភាគ ដើម្បីសិក្សាពីក្រុមហ៊ុនមួយ ហើយក្នុងចំណោមនោះមានអនុបាតមួយចំនួន ដូចជាអត្រាប្រាក់ចំណេញធៀបនឹងមូលធន (Return on Equity - ROE) កម្រិតបំណុលធៀបនឹងទ្រព្យរបស់ម្ចាស់ ( Debt to Equity - D/E) និងអត្រាប្រាក់ចំណេញធៀបនឹងចំណូលដែលរកបាន (Profit Margin) ជាដើម។
ម្យ៉ាងវិញទៀត លោក បាហ្វេត ក៏បានផ្តោតសំខាន់ទៅលើផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនមួយក្នុងការប្រកួតប្រជែងដណ្តើមទីផ្សារជាមួយដៃគូរក្នុងវិស័យតែមួយផងដែរ។ លើសពីនេះទៅទៀត ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងរបស់គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន ក៏ជាកត្តាចម្បងមួយដែលលោកយកចិត្តទុកដាក់តាមដានផងដែរ ដោយហេតុថា ការសម្រេចចិត្តរបស់បុគ្គលជាន់ខ្ពស់ក្នុងក្រុមហ៊ុនអាចជះឥទ្ធិពលដល់ដំណើរការរបស់ក្រុមហ៊ុនទាំងមូល។
យ៉ាងណាមិញ លោក បាហ្វេត មិនមែនជាប្រភេទវិនិយោគិនដែលទិញភាគហ៊ុនរបស់ក្រុមហ៊ុនមួយ ដើម្បីធ្វើជាភាគហ៊ុនិកធម្មតានោះទេ ផ្ទុយទៅវិញលោកតែងទិញភាគហ៊ុននៅចំនួនមួយដែលអាចផ្តល់ឱ្យលោកនូវតំណែងមួយក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះផ្ទាល់ ដើម្បីអាចចូលរួមក្នុងការសម្រេចចិត្តលើរឿងសំខាន់ៗរបស់ក្រុមហ៊ុន និងជួយដឹកនាំតម្រង់ទិសក្រុមហ៊ុននោះទៀតផង។
២. វិនិយោគលើភាគហ៊ុនណាដែល មានថ្លៃទាប
លោក វ៉ារិន បាហ្វេត ជាប្រភេទវិនិយោគិនដែលផ្តោតសំខាន់លើថ្លៃពិតប្រាកដរបស់ក្រុមហ៊ុន (Value Investor) ដោយសម្លឹងមើលថាតើថ្លៃពិតប្រាកដរបស់ភាគហ៊ុននោះបច្ចុប្បន្នមានតម្លៃខ្ពស់ជាងថ្លៃទីផ្សារឬយ៉ាងណា? ដោយសារលោកជាវិនិយោគិនដែលទិញភាគហ៊ុនទុកកាន់កាប់រយៈពេលវែង ដូច្នេះលោកផ្តោតលើកត្តានេះ ដោយលោកជឿជាក់ថា ថ្លៃភាគហ៊ុនដែលលោកទិញនឹងកើនឡើងដល់ថ្លៃពិតប្រាកដរបស់វាដែលអាចធ្វើឱ្យលោកចំណេញបានច្រើនជាងធៀបនឹងការប្រើយុទ្ធសាស្ត្រទិញលក់ភាគហ៊ុនញឹកញាប់។ ជាទូទៅ ដើម្បីរកថ្លៃពិតប្រាកដនេះ លោកតែងទស្សន៍ទាយចំណូលនាថ្ងៃអនាគតរបស់ក្រុមហ៊ុននោះ រួចប្រើវិធីសាស្ត្រធ្វើអប្បហារ (Discount)។
ម្យ៉ាងវិញទៀត លោកក៏តែងឆ្លៀតទិញចូលបន្ថែមនូវភាគហ៊ុនរបស់ក្រុមហ៊ុនណាដែលមានសក្តានុពលខ្លាំង ពេលដែលថ្លៃភាគហ៊ុននោះធ្លាក់ចុះ ឬប្រភេទភាគហ៊ុនណាដែលល្អ ប៉ុន្តែពុំទទួលបានការចាប់អារម្មណ៍ពីទីផ្សារក្នុងពេលបច្ចុប្បន្ន។
ការធ្វើបែបនេះត្រូវបានជឿជាក់ថាអាចធ្វើឱ្យវិនិយោគិនទទួលបានផលចំណេញច្រើននាថ្ងៃអនាគត ពេលដែលថ្លៃភាគហ៊ុនឡើង និងពេលដែលភាគហ៊ុននោះទទួលបានការពេញចិត្តពីសំណាក់វិនិយោគិនផ្សេងៗលើទីផ្សារ។
៣. ធ្វើជាវិនិយោគិនសកម្ម (Active Investor)
ទោះបីជាលោក វ៉ារិន បាហ្វេត ជាប្រភេទវិនិយោគិនកាន់កាប់ភាគហ៊ុនរយៈពេលវែងក្តី ប៉ុន្តែលោកក៏ពុំព្រងើយកន្តើយជាមួយនឹងផលបត្ររបស់លោកទាំងស្រុងនោះដែរ។ លោកតែងពិនិត្យមើលថា តើភាគហ៊ុនណាដែលមានថ្លៃល្អសមគួរល្មមលក់ចេញ? ហើយប្រមូលទុននេះទៅវិនិយោគក្នុងក្រុមហ៊ុនផ្សេងៗទៀតដែលមានថ្លៃនៅទាប ដែលអាចផ្តល់ផលចំណេញឱ្យលោកបានច្រើនជាងមុន។ ម្យ៉ាងវិញទៀត លោកតែងតាមដាន និងវិភាគនូវព័ត៌មានផ្សេងៗដែលអាចជះឥទ្ធិពលដល់ថ្លៃភាគហ៊ុនផងដែរ។ ជាទូទៅ ព័ត៌មានទាំងនោះអាចជាព័ត៌មានដែលទាក់ទងនឹងប្រតិបត្តិការរបស់ក្រុមហ៊ុន ដូចជារបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានសេដ្ឋកិច្ចជាដើម។ តាមរយៈការពិនិត្យ និងវិភាគលើផលបត្រក៏ដូចជាការតាមដានព័ត៌មានជាទៀងទាត់ លោកតែងអាចក្តាប់បាននូវឱកាសល្អក្នុងការលក់ភាគហ៊ុនចេញ ដើម្បីទទួលបានផលចំណេញត្រឡប់មកវិញយ៉ាងគាប់ប្រសើរ។
ឱកាសទាំងនោះអាចជាពេលវេលាមួយដែលលោកជឿថាថ្លៃទីផ្សាររបស់ភាគហ៊ុននោះបានឡើងដល់ថ្លៃពិតប្រាកដរបស់វាហើយ ឬពេលដែលថ្លៃទីផ្សាររបស់ភាគហ៊ុននោះកើនលើសថ្លៃពិតប្រាកដ។ លោកក៏អាចលក់ភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយចេញផងដែរ ពេលដែលលោកប្រមើលមើលថា អាចនឹងមានកើតហេតុការណ៍អ្វីដែលអាចជះឥទ្ធិពលខ្លាំងដល់ថ្លៃភាគហ៊ុនលើទីផ្សារ បណ្តាល ឱ្យមានការធ្លាក់ចុះយ៉ាងគំហុក។
ជាក់ស្តែង នៅដើមឆ្នាំ ២០២០ លោក វ៉ារិន បាហ្វេត បានសម្រេចលក់ចេញនូវភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនបួននៅសហរដ្ឋអាមេរិក រួមមាន អាមេរិខេន (American) ដែលតា (Delta) យូណាយធិត (United) និង សោសវេស (Southwest) ដោយសារលោករំពឹងថាវិស័យមួយនេះអាចនឹងជួបវិបត្តិរយៈពេលវែង ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ មុននឹងអាចងើបឡើងមកវិញបានដូចធម្មតា។ ឧទាហរណ៍ ថ្លៃភាគហ៊ុនរបស់សម្ព័ន្ធក្រុមហ៊ុន អាមេរិខេន អ៊ែរឡាញ (American Airlines Group Inc.) បានធ្លាក់ចុះពីប្រមាណជិត ៣០ ដុល្លារអាមេរិកនៅដើមខែកុម្ភៈឆ្នាំ ២០២០ មកត្រឹមប្រមាណ ០៩ ដុល្លារអាមេរិកប៉ុណ្ណោះនៅពាក់កណ្តាលខែឧសភាក្នុងឆ្នាំដដែល ហើយមួយរយៈក្រោយមក បើទោះបីជាថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះបានងើបឡើងមកវិញសន្សឹមៗក្តី ក៏ប៉ុន្តែវានៅពុំទាន់អាចវិលទៅរកកំណត់ត្រាថ្លៃចាស់មុនខែកុម្ភៈឆ្នាំ ២០២០ នៅឡើយទេ។
ខាងក្រោមនេះគឺជាសម្រង់ដំបូន្មានសំខាន់ៗទាក់ទិននឹងការវិនិយោគរបស់ លោក វ៉ារិន បាហ្វេត ៖
(១) វិនិយោគិនត្រូវគិតឱ្យបានវែងឆ្ងាយមុនវិនិយោគ។ ដូចលោកបាននិយាយថា គ្មាននរណាម្នាក់ទិញកសិដ្ឋានមួយដោយផ្អែកលើការគិតថាតើវាអាចនឹងមានភ្លៀងធ្លាក់នៅឆ្នាំក្រោយទេ ផ្ទុយទៅវិញ គេទិញវា ដោយសារគេជឿជាក់ថាវាជាការវិនិយោគមួយល្អក្នុងរយៈពេល ១០ ឬ ២០ ឆ្នាំ។
(២) វិនិយោគិនគួរបន្តពុះពារទៅមុខឱ្យដល់គោលដៅដែលខ្លួនបានកំណត់ទុក (Stay the course)។ ជាជាងការផ្អើលតាមទំនោរទីផ្សារ វិនិយោគិនគួរធ្វើអារម្មណ៍ឱ្យស្ងប់ ហើយជឿជាក់លើការសម្រេចចិត្ត និងការវិនិយោគរបស់ខ្លួន ដូចលោកបានលើកឡើងថា ទោះបីទីផ្សារជាទូទៅតែងប្រព្រឹត្តទៅដោយសមហេតុសមផលក្តី ប៉ុន្តែក៏អាចមានពេលខ្លះទីផ្សារកើតមានរឿងមិនសមហេតុផលដែរ។
(៣) ការវិនិយោគសំខាន់បំផុតដែលវិនិយោគិនអាចធ្វើបានគឺការវិនិយោគលើខ្លួនឯង។ លោកបានលើកឡើងថា អ្វីក៏ដោយដែលអ្នកធ្វើដើម្បីពង្រឹងនូវទេពកោសល្យ និងដើម្បីបន្ថែមតម្លៃដល់ខ្លួនអ្នកនឹងផ្តល់ឱ្យអ្នកវិញនូវអំណាចទិញដ៏ពិតប្រាកដមួយ (Real Purchasing Power)៕
ដកស្រង់ពី៖ អ៊ិនវេស្តូភីឌា (Investopedia), ម៉ាន់នី ក្រាស់សឺ (Money Crashers), ហ្វប (Forbes), ឌឺ បាលេន (The Balance), បឺកស្ស៊ើរ ហាសាវេ (Berkshire Hathaway), ស៊ីអេនប៊ីស៊ី មេក អ៊ិត (CNBC Make It),ហ្គូ បេងឃីងរ៉េត (GO BankingRates)
រៀបរៀងដោយ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នាយកដ្ឋាន ប្រតិបត្តិការទីផ្សារ
អ៊ីមែល៖ market@csx.com.kh / ទូរស័ព្ទ៖ 023 95 88 88 / 023 95 88 85
សេចក្តីប្រកាស៖ អត្ថបទនេះត្រូវបានចងក្រងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងការអប់រំប៉ុណ្ណោះដោយមិនផ្តល់អនុសាសន៍ណាមួយទាក់ទងនឹងការវិនិយោគទេ។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតណាមួយដែលកើតឡើងពីការប្រើប្រាស់អត្ថបទនេះឡើយ។