ភ្នំពេញៈ រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសបន្តជួយទិញផ្លែមៀន (តាង៉ែន) និងមៀនក្រអូបពីប្រជាកសិករក្នុងរយៈពេលជាង ១០ ថ្ងៃទៀត គឺចាប់ពីថ្ងៃទី ៣ ខែកញ្ញាតទៅ ស្របពេលផ្លែមៀនកំពុងបន្តជួបប្រទះបញ្ហាទីផ្សារនាំចេញទៅក្រៅប្រទេសដែលបណ្តាលមកពីវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។
សេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឱ្យដឹងថា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាកសិករម្ចាស់ចម្ការផ្លែមៀន (តាង៉ែន) និងមៀនក្រអូប នៅក្នុងអំឡុងពេលមានការរាំងស្ទះការនាំចេញក្រៅប្រទេស (ប្រទេសថៃ) នៃដំណាក់កាលការរីករាលដាលកូវីដ ១៩ ក្រុមការងាររដ្ឋបាលខេត្តបាត់ដំបងនឹងបន្តទិញតាង៉ែនចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១។
មន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានសហការគ្នាជាមួយរដ្ឋបាលស្រុកពាក់ព័ន្ធនឹងបន្តជួយទទួលទិញផ្លែមៀន។ ចំពោះទីតាំងទទួលទិញគឺស្ថិតក្នុងបរិវេណកីឡដ្ឋានបាល់ទាត់វាលបែកចានជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី ៥ ក្នុងក្រុងបាត់ដំបង។ នេះបើតាមសេចក្តីជូនដំណឹង។
លោក សួន ជុំ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមៀនប៉ៃលិន បានស្វាគមន៍ចំពោះរដ្ឋបាលខេត្តបាត់ដំបងសម្រេចបន្តជួយទិញមៀនប៉ៃលិនជាច្រើនថ្ងៃទៀតដោយលោកបានអំពាវនាវឱ្យបន្តទិញរហូតដល់ផុតរដូវប្រមូលផលផ្លែមៀន។
លោកអះអាងថា៖ «ខ្ញុំយល់ឃើញថា បើសិនរដ្ឋាភិបាលមិនជួយទិញផ្លែមៀនរបស់ប្រជាកសិករក្នុងអំឡុងពេលដ៏លំបាកនេះ ប្រហែលជាពួកគាត់មិនដឹងត្រូវយកទៅលក់នៅឯណាទេ ចំពេលការប្រមូលផលមៀនកាន់តែច្រើនឡើងៗ ពិសេសក្នុងខែវិច្ឆិកាខាងមុខ»។
លោកបន្តថា រហូតមកដល់ពេលនេះមិនទាន់មានសញ្ញាវិជ្ជមានពីការបើកទីផ្សារមៀន-ប៉ៃលិននៅប្រទេសថៃឡើងវិញនោះទេ។ លោកបានលើកឡើងថា៖ «សម្រាប់ការនាំចេញទៅប្រទេសថៃក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នឹងមិនមានពន្លឺនាំចេញដូចរាល់ដងទេ»។
ទីផ្សារនាំចេញមៀនប៉ៃលិន (តាង៉ែន) និងមៀនក្រអូបពីកម្ពុជាទៅប្រទេសថៃបានជួបបញ្ហាចាប់តាំងពីអំឡុងពាក់កណ្តាលខែសីហា។ បើទោះជា ប្រទេសចិនបានអនុញ្ញាតឱ្យថៃនាំចូលមៀនទៅកាន់ទីផ្សារខ្លួនឡើងវិញ បន្ទាប់ពីហាមឃាត់រយៈពេលខ្លីដោយសារមានការរកឃើញសមាសធាតុចង្រៃលើផ្លែមៀនក៏ដោយ ក៏មកដល់ពេលនេះ កម្ពុជានៅតែមិនទាន់អាចបើកទីផ្សារមៀនជាមួយថៃឡើងវិញនៅឡើយទេ។
ក្នុងរយៈពេល ១៤ ថ្ងៃ (ចាប់ពីថ្ងៃទី ១៧ ដល់ ៣០ ខែសីហា) លោក ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលទិញផ្លែមៀន (តាង៉ែន) និងមៀនក្រអូបជិត ២ ០០០ តោន ដើម្បីយកទៅចែកជូនកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាល ក្រុមគ្រូពេទ្យ អ្នកធ្វើចត្តាឡីស័កតាមមណ្ឌលទូទាំងប្រទេស។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង៕ LA
វីដេអូ៖