ភ្នំពេញៈ ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ មានប្រមាណ ៥ ម៉ឺននាក់ ធ្លាក់ចុះជាង ៩២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍។
ទិន្នន័យនាចុងសប្តាហ៍មុនបង្ហាញថា ចាប់ពីខែមករា-ខែកក្កដា អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៥១ ៧២៩ នាក់ ធ្លាក់ ៩២,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានចំនួន ៦៩៣ ០៦៤ នាក់។
ក្នុងនោះភ្ញៀវមកកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៤៣ ៩០៩ នាក់ ធ្លាក់ចុះ ៨៨,៧ ភាគរយ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ មាន ៧ ៨១៦ នាក់ ធ្លាក់ ៨៧,៥ ភាគរយ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ៤ នាក់ ធ្លាក់ចុះជិត ១០០ ភាគរយ។
ដោយឡែកសម្រាប់ចំនួនទេសចរបរទេសធ្វើដំណើរមកកម្ពុជា (ផ្លូវគោក អាកាស និងផ្លូវទឹក) ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២១ មាន ១១២ ៥៤៤ នាក់ ធ្លាក់ចុះ ៩០,៦ ភាគរយធៀបនឹងរយៈពេល ៧ ខែឆ្នាំ ២០២០។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងកាលពីថ្ងៃទី ៣ កញ្ញាថា កម្ពុជាគួរចាប់យកឱកាសឱ្យបានក្នុងពេលឆាប់ៗនេះ ដើម្បីប្រកាសដំណឹងពីការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ គ្រប់ដូសរួចរាល់ ព្រោះកម្ពុជាត្រូវបានគេទទួលស្គាល់ថា គ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អ និងមានអត្រាប្រជាជនចាក់វ៉ាក់សាំងបានច្រើនជាប់លេខ ២ ក្នុងតំបន់បន្ទាប់ពីប្រទេសសិង្ហបុរី។
អ្នកស្រីលើកឡើងថា៖ «ដំណឹងនៃការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងគ្រប់ដូសគឺជាដំណឹងល្អ ដែលអាចទាក់ទាញកំណើនភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា ស្របពេលដែលភ្ញៀវទេសចរអន្តរជាតិកំពុងសម្លឹងមើលគោលដៅទេសចរណ៍ណាដែលគេគិតថា គួរធ្វើដំណើរទៅកម្សាន្តក្នុងរដូវរងាខាងមុខនេះ»។
បច្ចុប្បន្ននេះក្រសួងទេសចរណ៍ និងវិស័យឯកជន កំពុងសហការគ្នាយ៉ាងសកម្មក្នុងការរៀបចំផែនការ ក៏ដូចជាដាក់ចេញវិធានការថ្មីៗជាច្រើនដើម្បីត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗ។
ក្នុងគោលបំណងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកម្រើកឡើងវិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីដើមខែមេសា ឆ្នាំ ២០២១ បានស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាពីការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១ នេះតទៅ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីសប្តាហ៍មុនថា ក្រសួងកំពុងជំរុញផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងឱ្យចូលកម្សាន្តនៅកម្ពុជាឡើងវិញ ដែលគម្រោងនេះអាចនឹងចាប់ផ្តើមនៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ខាងមុខ៕ LA