ភ្នំពេញៈ DBD Engineering Plc ដែលជាក្រុមហ៊ុនពហុបំណងផ្នែកវិស្វកម្ម និងសំណង់ឈានមុខនៅកម្ពុជា ត្រូវបានចុះបញ្ជីជាផ្លូវការលក់មូលបត្រកម្មសិទ្ធិលើកដំបូងនៅក្នុងទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១។
លោក នាង វិធី នាយកគ្រប់គ្រងក្រុមហ៊ុន DBD Engineering Plc បានថ្លែងថា ក្រុមហ៊ុន DBD បានបង្កើតនូវប្រវត្តិសាស្ត្រថ្មីក្នុងនាមជាក្រុមហ៊ុនសំណង់ដំបូងបង្អស់បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិទីផ្សារកំណើននៃ CSX។
លោក នាង វិធី និយាយ៖ «ខ្ញុំពិតជាមានមោទនភាពចំពោះសមិទ្ធផលនេះជាខ្លាំង ដែលក្រុមហ៊ុនបានសម្រេចជោគជ័យក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈក្នុងអំឡុងពេលដ៏លំបាកនេះ។ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវិនិយោគិនទាំងអស់ដែលបានគាំទ្រ ទុកចិត្តមកលើក្រុមហ៊ុន DBD ដែលជាហេតុនាំឱ្យការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន DBD ទទួលបានជោគជ័យដ៏ល្អប្រសើរដោយមានបរិមាណប្រតិបត្តិការភាគហ៊ុនលើសពីទំហំបោះផ្សាយ»។
លោកបានបន្ថែមថា គោលបំណងក្នុងការបោះផ្សាយមូលបត្រក្នុងទីផ្សារកំណើននេះមិនត្រឹមតែអនុញ្ញាតឱ្យក្រុមហ៊ុន DBD ទទួលបាននូវប្រភពទុន ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មក្នុងការឆ្លើយតបនឹងទំនុកចិត្តដែល DBD ទទួលបានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបំពេញតម្រូវការរួមទាំងខិតខំប្រឹងប្រែងជំរុញសក្តានុពលកំណើននៃឧស្សាហកម្មសំណង់ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកបន្តថា លើសពីនេះ ការបោះផ្សាយមូលបត្រកម្មសិទ្ធិទីផ្សារកំណើនបានផ្តល់សិទ្ធិពេញលេញដល់ DBD ក្នុងនាមជាក្រុមហ៊ុនដែលមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ មានតម្លាភាពហិរញ្ញវត្ថុ និងអនុវត្តបទប្បញ្ញត្តិនានាយ៉ាងល្អ។
លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងក្នុងកម្មវិធីនេះថា ក្រុមហ៊ុន DBD Engineering ដែលជាក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្ម និងសំណង់ដំបូងគេដែលបានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា។
លោកថ្លែងបន្តថា៖ «កម្មវិធីនេះគឺបង្ហាញពីការវិវត្តថ្មីរបស់ទីផ្សារមូលបត្រកម្ពុជាដែលមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិទី ១ ក្នុងទីផ្សារកំណើន និងបានឆ្លុះបញ្ចាំងឱ្យឃើញនូវឆន្ទៈរបស់ក្រុមហ៊ុនវិនិយោគិនសាធារណៈ ហើយក៏បង្ហាញពីទំនុកចិត្តទីផ្សារដែលបាននិងកំពុងកើតមានឡើងដែលអនុញ្ញាតឱ្យយើងជាច្រកមួយសម្រាប់ធ្វើពិពិធកម្មហិរញ្ញប្បទានរបស់ក្រុមហ៊ុន។ នេះក៏ជាឱកាសវិនិយោគសម្រាប់វិនិយោគិនសាធារណៈរបស់យើង»។
លោកបន្តថា មានក្រុមហ៊ុនជាច្រើនទៀតបានយកក្រុមហ៊ុន DBD ជាគំរូក្នុងការឈានជើងចូលទីផ្សារមូលបត្រកម្ពុជាជាបន្តបន្ទាប់។
លោកអះអាង៖ «ខ្ញុំសូមឱ្យក្រុមហ៊ុន DBD Engineering PlC និងក្រុមហ៊ុន SBI Royal Securities បន្តយកចិត្តទុកដាក់អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ និងលក្ខខណ្ឌតម្រូវផ្សេងៗឱ្យបានម៉ឺងម៉ាត់ក្នុងនាមជាក្រុមហ៊ុនចុះបញ្ជី ដើម្បីរក្សាឱ្យបានសណ្តាប់ធ្នាប់ និងប្រសិទ្ធភាព ពិសេសទំនុកចិត្តដល់វិនិយោគិនលើក្រុមហ៊ុនរបស់ខ្លួន»។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានលើកឡើងថា មកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ១៤ ក្នុងនោះក្រុមហ៊ុន ៨ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន ៦ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណអាជីវកម្ម។ ក្រុមហ៊ុនទាំង ១៤ នេះ បានប្រមូលទុនទីផ្សារមូលបត្រសរុបជាង ៥៧ លានដុល្លារ។
ក្រុមហ៊ុន DBD Engineering PlC និងក្រុមហ៊ុន SBI Royal Securities (SBIR) ឱ្យដឹងក្នុងឯកសារផ្ញើទៅ CSX ថា ខ្លួនបានជូនដំណឹងដល់ក្រុមវិនិយោគិន ដែលបានចូលរួមក្នុងដំណើរការបរិវិសកម្មរបស់ DBD IPO ដោយបង្ហាញពីការធ្វើបរិវិសកម្មទទួលបានជោគជ័យយ៉ាងខ្លាំងដោយភាគហ៊ុនទាំង ៦៤៦១ ៥៣៨ ត្រូវបានជាវទាំងអស់៕ LA