ភ្នំពេញៈ កម្ពុជាបានចុះកិច្ចព្រមព្រៀងស្តីពីគម្រោងការព្យាករផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាននៃកម្លាំងពលកម្មលើខ្សែចង្វាក់ផលិតកម្មកៅស៊ូធម្មជាតិនៅអាស៊ីអាគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យកៅស៊ូនៅក្នុងតំបន់ឱ្យកាន់តែរីកចម្រើន។ នេះបើយោងតាមអគ្គនាយកដ្ឋានកៅស៊ូ។
លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ និងលោកស្រី Ophelie Bourhis នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) កាលពីថ្ងៃទី ៣ ខែកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
លោក ឃុន កក្កដា ដែលជាប្រធានជ្រើសតាំងទី១ តំណាងឱ្យក្រុមអនុវត្តគម្រោងនៃប្រទេសទាំង ៣ កម្ពុជា ថៃ និងវៀតណាម ឱ្យដឹងថា FORSEA គឺជាគម្រោងថ្នាក់តំបន់នឹងត្រូវអនុវត្តនៅបណ្តាប្រទេសដាំដំណាំកៅស៊ូ រួមមាន កម្ពុជា ថៃ និងវៀតណាម ហើយអាចនឹងពង្រីកទៅប្រទេសឡាវ និងមីយ៉ាន់ម៉ា នាពេលអនាគត។
លោកឱ្យដឹងថា គម្រោង FORSEA ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ចរិតលក្ខណៈលម្អិតអំពីស្ថានភាពនៃការអភិវឌ្ឍដំណាំកៅស៊ូនៅតាមបណ្តាប្រទេសក្នុងតំបន់ ថាតើកំពុងទទួលរងផលប៉ះពាល់ដូចម្តេចនាពេលបច្ចុប្បន្ននៅក្រោមសេណារីយោផ្សេងៗគ្នានៃការប្រែប្រួលអាកាសធាតុ និងកម្លាំងពលកម្ម។
លោកបន្ថែមថា គម្រោងនេះក៏នឹងធ្វើការកំណត់រកបញ្ហា និងដំណោះស្រាយសមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលលេចចេញពីការផ្លាស់ប្តូរទាំងនេះ និងផ្តល់ព័ត៌មានជាមូលដ្ឋានដល់វិស័យសាធារណៈ និងឯកជន ព្រមទាំងតួអង្គពាក់ព័ន្ធក្នុងការសម្រេចចិត្តរៀបចំគោលនយោបាយវិនិយោគ និងអភិវឌ្ឍដំណាំកៅស៊ូប្រកបដោយនិរន្តរភាព ដោយផ្អែកលើការព្យាករពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងបម្រែបម្រួលសេណារីយោក្នុងពេលបច្ចុប្បន្ន។
លោកអះអាងថា៖ «គម្រោងដែលមានរយៈពេល ៣ ឆ្នាំនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន ជួយដោះស្រាយផលប៉ះពាល់បញ្ហាកង្វះកម្លាំងពលកម្ម និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ជួយលើកកម្ពស់និរន្តរភាពផលិតកម្មកៅស៊ូ និងជីវភាពកសិករកៅស៊ូគ្រួសារនៅទីជនបទ និងជួយកសាងសមត្ថភាពមន្ត្រីជំនាញនៅបណ្តាប្រទេសដែលនឹងត្រូវអនុវត្តគម្រោងនាពេលខាងមុខ»។
លោក យូ រដ្ឋា កសិករដាំកៅស៊ូនៅខេត្តស្ទឹងត្រែង កត់សម្គាល់ថា ទិន្នផលកៅស៊ូឆ្នាំនេះទំនងជាផ្តល់ផលតិចជាងឆ្នាំមុន ដោយសារភ្លៀងច្រើនពេក ប៉ុន្តែតម្លៃកៅស៊ូបានហក់ឡើងវិញបន្តិចបើធៀបឆ្នាំមុន ដោយតម្លៃមធ្យម ៣ ២០០ រៀល ក្នុង ១ គីឡូក្រាម (២ ៨០០ រៀល ក្នុង ១ គីឡូក្រាមឆ្នាំ ២០២០)។
លោកឱ្យដឹងទៀតថា៖ «នៅខេត្តខ្ញុំ មិនប្រឈមនឹងកង្វះកម្លាំងពលកម្មទេ ព្រោះចម្ការកៅស៊ូភាគច្រើនដាំជាលក្ខណៈគ្រួសារ។ ឆ្នាំនេះ ចម្ការកៅស៊ូខ្ញុំមិនសូវមានជ័រច្រើននោះទេ ព្រោះភ្លៀងជោកជាំពេកនាំឱ្យកៅស៊ូអត់បើកមុខដាក់ជ័រ»។
បើយោងតាមក្រុមស្រាវជ្រាវកៅស៊ូអន្តរជាតិ (IRSG) បរិមាណកៅស៊ូសរុបដែលដាំដុះនៅលើពិភពលោកគិតត្រឹមឆ្នាំ ២០២០ មាន ១៤,១ លានហិកតា។ ផ្ទៃដីដាំដុះកៅស៊ូបានកើន ១,៨ ដងក្នុងរយៈ ៣០ ឆ្នាំចុងក្រោយនេះជាមួយនឹងល្បឿនយ៉ាងឆាប់រហ័សក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយ។ ការដាំដុះកៅស៊ូ គឺមានការរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍ (ដីគោក) ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងខេត្តយូណាន ប្រទេសចិន។
IRSG បានឱ្យដឹងកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ ថា តម្រូវការកៅស៊ូសកលនៅក្នុងវិស័យសម្បកកង់ត្រូវបានរំពឹងថា នឹងងើបឡើងវិញ ៧,២ ភាគរយនៅឆ្នាំ ២០២១ ពីការធ្លាក់ចុះ -៧,៣ ភាគរយ ដែលបានជួបប្រទះនៅឆ្នាំ ២០២០។
ការស្ទុះងើបឡើងវិញខ្លាំងជាងមុនសម្រាប់វិស័យមិនមែនសម្បកកង់ ៧,៦ ភាគរយ ត្រូវបានជំរុញដោយការបន្តកើនឡើងនៃតម្រូវការផលិតផលកៅស៊ូនៅក្នុងឧស្សាហកម្មថែទាំសុខភាពពិភពលោក។
តម្រូវការកៅស៊ូសរុបត្រូវព្យាករថានឹងកើនឡើង ៧,៤ ភាគរយនៅឆ្នាំ ២០២១ និងមធ្យមទៅ ៤,៧ ភាគរយ នៅឆ្នាំ ២០២២ ក្រោមសេណារីយោ របស់ IMF៕ LA