ភ្នំពេញៈ កម្ពុជា​ទទួលបាន​ប្រាក់​ជាង ៦៨៥ ​លាន​ដុល្លារ​ ពី​ការនាំចេញ​ស្រូវ-អង្ករ ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៨ ​ខែ ដើមឆ្នាំ​ ២០២១ ដែល​ក្នុងនោះ​បរិមាណ​នៃ​ការនាំចេញ​ស្រូវ​បាន​កើនឡើង​ជិត​ទ្វេដង​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​ដែល​បញ្ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​ស្រូវ​-​អង្ករ ក្នុង​បរិមាណ​សរុប ២ ៧២៦ ៥៩៧ ​តោន​ក្នុង​តម្លៃ ៦៨៥,១៥ ​លាន​ដុល្លារ​។

យោងតាម​ទិន្នន័យ​ការនាំចេញ​ស្រូវ​ក្នុង​រយៈពេល​ ៨ ​ខែ​ឆ្នាំ​ ២០២១ មាន​បរិមាណ ២ ៣៨៣ ១៥០ ​តោន​កើនឡើង ៨៥,៩៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ចេញទៅ​ប្រទេស​វៀតណាម​ (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​) មាន​ ១ ៥៦៤ ៩៥២,៥២ តោន​។ ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ស្រូវ​មាន​ចំនួន​ ៣៩៣,២២ ​លាន​ដុល្លារ​។

ដោយឡែក​ការនាំចេញ​អង្ករ គឺមាន​បរិមាណ ៣៤៣ ៤៤៧ ​តោន ធ្លាក់ចុះ ២៣,៣៧ ​ភាគរយ​ពី​ចំនួន ៤៤៨ ២០៣ ​តោន​។ ចំណែក​ប្រាក់​ដែល​បានទទួល​ពី​ការនាំចេញ​អង្ករ​មាន​ចំនួន ២៩១,៩៣ ​លាន​ដុល្លារ ធ្លាក់ ២,៦៥ ​ភាគរយ​ពី ២៩៩,៩ ​លាន​ដុល្លារ​។

លោក វេង សាខុន បានឱ្យដឹងថា ការធ្លាក់ចុះ​បរិមាណ​អង្ករ​នាំចេញ​ក្នុងអំឡុងពេល ៨ ​ខែ ដើមឆ្នាំ​ ២០២១ គឺ​ដោយសារ​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ការនាំ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​មាន​បរិមាណ ៨៨ ២៧១ ​តោន ថយចុះ ៤១,០៩ ​ភាគរយ តំបន់​អាស៊ាន ៣៥ ៥៥៣ ​តោន ថយចុះ ៤១,៦៥ ​ភាគរយ និង​ទិសដៅ​ដទៃទៀត​ (២២ ​ប្រទេស​) មាន​បរិមាណ ៥៤ ០១១ ​តោន ថយចុះ ៣០,៩០ ​ភាគរយ​។ ទោះយ៉ាងណា បរិមាណ​ការនាំ​អង្ករ​ទៅ​ប្រទេស​ចិន​មាន ១៦៥ ៦១២ ​តោន កើនឡើង ៣,៩៩ ​ភាគរយ​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៦ ខែកញ្ញាថា កង្វះ​ទូ​កុងតឺន័រ និង​តម្លៃ​ដឹកជញ្ជូន គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ការនាំចេញ​អង្ករ​កម្ពុជា ទៅ​គោលដៅ​ឆ្ងាយៗ​ (​ពិសេស​សហគមន៍​អឺរ៉ុប​) ​ធ្លាក់ចុះ​ក្នុង​រយៈពេល ៨ ​ខែ​កន្លងមក​។ លោក​បន្តថា ដោយសារ​កន្លងមក​សហគមន៍​អឺរ៉ុប​ជា​ទីផ្សារ​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ ហេតុនេះ​ការធ្លាក់ចុះ​នេះ​វា​ក៏បាន​ទាញ​ទម្លាក់​បរិមាណ​សរុប​នៃ​ការនាំចេញ​ផងដែរ​។

ទាក់ទង​នឹង​ផែនការ​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​កាលពី​ចុងឆ្នាំ​ ២០២០ ក្នុងការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន ៨០ ​ម៉ឺន​តោន​ ក្នុង​ឆ្នាំ​ ២០២១ លោក សារ៉ន អះអាង​ថា ការនាំចេញ​អង្ករ​ឱ្យបាន​ច្រើន​ក្នុងឆ្នាំនេះ​នឹង​មិនអាច​សម្រេចបាន​ដូច​ផែនការ​ទេ ទោះបី​ទិន្នន័យ​នៃ​ការនាំ​ចេញទៅ​ប្រទេស​ចិន​បាន​កើនឡើង​ក៏ដោយ​។

លោក​និយាយថា​៖ «​ដោយសារ​យើង​នៅសល់​ត្រឹម​រយៈពេល​ ៣-៤ ​ខែ​ទៀត ដូច្នេះ​ទីផ្សារ​ចិន​នឹង​មិនអាច​ស្រូប​យក​អស់​នោះទេ​។

លោក​លើកឡើងថា បច្ចុប្បន្ន CRF កំពុង​ខិតខំ​ជំរុញ​ការធ្វើ​ពិពិធកម្ម​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន​ឱ្យបាន​កាន់តែ​ច្រើន​បន្ថែមទៀត​។ លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​មិនមាន​អ្វី​ប្រែប្រួល​ទេ ប្រទេស​ចិន​នឹង​ក្លាយជា​ទីផ្សារ​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២១ នេះ​»​។

កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០ ៨២៩ ​តោន​ដោយមាន​តម្លៃ​ជិត ៥៣៩ ​លាន​ដុល្លារ កើនឡើង ១១,៤០ ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ LA

វីដេអូ៖