ភ្នំពេញៈ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំប្រទេសថៃ (CBC) និងក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំកម្ពុជា (TBCC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ក្នុងភាពជាដៃគូដើម្បីសហការគ្នាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រជាជាតិនៃអាស៊ីអាគ្នេយ៍ជិតខាងគ្នាទាំង ២។
MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៦ ខែកញ្ញា រវាងលោក សុធា សម្បត្តិ ប្រធាន CBC និងលោកស្រី Jiranun Wongmogkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំកម្ពុជានៅរាជធានីភ្នំពេញ។
លោក សុធា សម្បត្តិ បានឱ្យដឹងថា បេសកកម្មស្នូលរបស់ CBC Thailand នឹងអភិវឌ្ឍទំនាក់ទំនងរវាងសមាជិកទាំង ២ និងសហគមន៍ធុរកិច្ចថៃ និងកម្ពុជា ព្រមទាំងដើម្បីធ្វើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសថៃ និងកម្ពុជា។
លោកថ្លែងថា៖ «ដើម្បីសម្រេចទិសដៅនេះយើងផ្ដល់វេទិកាដ៏ទូលំទូលាយមួយ ដើម្បីលើកកម្ពស់អត្ថប្រយោជន៍សមាជិក អ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ និងរៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ក្នុងចំណោមសហគមន៍ធុរកិច្ចថៃ និងកម្ពុជា»។
លោកបន្ថែមថា ការបង្កើតបណ្ដាញសហការដ៏រឹងមាំជាមួយអង្គការ និងសាជីវកម្មដែលជាប់ពាក់ព័ន្ធ គឺពិតជាកត្តាដ៏សំខាន់មួយសម្រាប់ការបំពេញបេសកកម្មរបស់ CBC ខណៈទិសដៅស្នូលរបស់ TBCC នឹងផ្ដល់ព័ត៌មានដល់វិនិយោគិនថៃដែលចាប់អារម្មណ៍ ឬចូលមកកម្ពុជា ហើយវាពិតជាដៃគូជាយុទ្ធសាស្ដ្រដ៏ធំមួយ ដើម្បីពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី។
លោកលើកឡើងថា៖ «គោលបំណង MOU គឺដើម្បីផ្ដល់ និងផ្លាស់ប្តូរព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងអស់ក្នុងការតភ្ជាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍពាណិជ្ជកម្មរបស់សមាជិកគ្រប់ភាគី»។
លោកបន្ថែមថា ស្ថាប័នទាំង ២ ក៏អាចផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ឬសកម្មភាពអភិវឌ្ឍន៍រួមគ្នា ដើម្បីពង្រីកបណ្ដាញពាណិជ្ជកម្មរបស់ពួកគេ ព្រមទាំងការគាំទ្រសកម្មភាពរួម បណ្ដាញទីផ្សារ ដើម្បីលើកកម្ពស់ឱកាសពាណិជ្ជកម្ម និងការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់សង្គម។
លោកស្រី Jiranun ឱ្យដឹងថា ចាប់តាំងពី TBCC បង្កើតក្នុងឆ្នាំ ១៩៩៩ នៅកម្ពុជា លោកស្រីពិតជារីករាយចំពោះមិត្តភាពជាមួយសហគមន៍ពាណិជ្ជកម្មកម្ពុជា និងដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២។
លោកស្រីថ្លែងថា៖ «MoU នេះគឺជាជំហានសំខាន់ផ្សេងមួយទៀតសម្រាប់ TBCC ដែលផ្ដល់ដល់ពួកយើងនូវឱកាសដើម្បីធ្វើការងាររួមគ្នា និងសហប្រតិបត្តិការជាមួយអង្គការពាណិជ្ជកម្មកម្ពុជា ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ ហើយនឹងផ្លាស់ប្តូរព័ត៌មាន និងសកម្មភាពដែលនឹងជួយដល់ភាគីទាំង ២ ដើម្បីសម្រេចបានគោលបំណងប្រកបដោយប្រសិទ្ធភាព»។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានអបអរសាទរចំពោះក្រុមប្រឹក្សាធុរកិច្ចទាំង ២ នេះ ខណៈដែលពួកគេនឹងរួមចំណែកក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគស្របគ្នាជាមួយនឹងយុទ្ធសាស្ដ្រសេដ្ឋកិច្ចការទូតរបស់រដ្ឋាភិបាលកម្ពុជា។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ៦ ខែកញ្ញា ថា៖ «ក្នុងនាមស្ថានទូតខ្ញុំតែងគាំទ្រជានិច្ចចំពោះការអភិវឌ្ឍវិស័យឯកជន ដែលត្រូវបានរដ្ឋាភិបាលចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ ខ្ញុំយល់ថា ពិធីចុះ MoU រវាង CBC និង TBCC គឺព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងចូលរួមចំណែកដល់ជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគទេ្វភាគីកម្ពុជា-ថៃ ឱ្យកាន់តែប្រសើរថែមទៀត»។
លោកបន្តថា ចាប់ពីពេលនេះទៅ CBC នៅទីក្រុងបាងកក និង TBCC នៅទីក្រុងភ្នំពេញនឹងក្លាយជាស្ពានជួយផ្តល់ព័ត៌មានអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដូចជាការតភ្ជាប់ពួកគាត់ទៅនឹងដៃគូពាណិជ្ជកម្មដ៏ត្រឹមត្រូវពិតប្រាកដ។ លោកថ្លែងថា៖ «កិច្ចសហការនេះ ក៏នឹងបើកផ្លូវដល់សមាគមទាំង ២ នៅក្នុងការពង្រឹងកិច្ចសហការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ ដើម្បីផ្តល់ឱកាសធុរកិច្ចថ្មីៗជូនវិស័យឯកជន ក្នុងការពង្រីកអាជីវកម្មថែមទៀត ដែលទាំងអស់នេះស្របទៅនឹងគោលដៅនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២១-២០២៣»។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃសម្រេចបាន ៧ ២៣៦ លានដុល្លារកាលពីឆ្នាំ ២០២០ ធ្លាក់ចុះ ២៣,១៧ ភាគរយធៀបឆ្នាំ ២០១៩ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩។
ការនាំទំនិញពីកម្ពុជាទៅប្រទេសថៃមានតម្លៃ ១ ១៤៨ លានដុល្លារធ្លាក់ចុះ ៤៩,៤៩ ភាគរយ ធៀបទៅនឹងឆ្នាំ ២០១៩ ចំណែកការនាំចូលវិញមានតម្លៃ ៦ ០៨៩ លានដុល្លារ ធ្លាក់ចុះ ១៤,៨០ ភាគរយធៀបឆ្នាំ ២០១៩។ នេះបើយោងតាមស្ថិតិបានពីក្រសួងពាណិជ្ជកម្មថៃ៕ LA