ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.) ដើម្បីកសាងមូលដ្ឋានគ្រឹះសង្គមឌីជីថលក្នុងការជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចថ្មី។ នេះបើតាមព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមឌីជីថលនៅថ្ងៃទី ៨ ខែកញ្ញា។
ព្រះរាជក្រឹត្យបានឱ្យដឹងថា ក.ស.ឌ. ត្រូវបានបង្កើតសម្រាប់ជាសេនាធិការរបស់រដ្ឋាភិបាលក្នុងការដឹកនាំសម្របសម្រួល និងការជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម។
ក.ស.ឌ. មានតួនាទី និងភារកិច្ចកំណត់ចក្ខុវិស័យ និងគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល តម្រង់ទិស រៀបចំ និងដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងកំណត់យន្តការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
ក.ស.ឌ. ក៏មានតួនាទីលើកសំណើផ្តល់យោបល់ជូនរដ្ឋាភិបាលលើការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលអាចមានកម្មវិបាកលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ហើយនឹងលើអនុសាសន៍ជូនរដ្ឋាភិបាលលើផែនការវិនិយោគលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល និងមានតួនាទីភារកិច្ចសំខាន់ៗមួយចំនួនទៀត។ ក.ស.ឌ. មានគណៈកម្មាធិការជំនាញ ៣ ដែលជាសេនាធិការលើការងារបច្ចេកទេស រួមមាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងសន្តិសុខឌីជីថល។
ក.ស.ឌ. ត្រូវបានបង្កើតឡើងស្របទៅតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលរដ្ឋាភិបាលបានដាក់ចេញកាលពីថ្មីៗនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងក្នុងឯកសារនោះថា ចក្ខុវិស័យនេះត្រូវសម្រេចឱ្យបានក្នុងរយៈពេល ១៥ ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣៥ ហើយអនុលោមតាមគោលការណ៍ចំនួន ៣ គឺការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល។
លោកថ្លែងថា៖ «ស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ ១៩ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នឹងក្លាយជាផ្នែកដ៏សំខាន់នៃក្របខ័ណ្ឌផែនការស្តារ សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ ១៩ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការទាក់ទាញវិនិយោគក្នុងស្រុក និងពីបរទេស ការជំរុញការបង្កើតធុរកិច្ចថ្មី»។
លោក ប៊ិន សុជាតិ ទីប្រឹក្សាស្ថាបនិកនៃកម្មវិធីបច្ចេកវិទ្យាសុខាភិបាលឌីជីថល «ពេទ្យយើង» និងជានាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃកម្មវិធីបច្ចេកវិទ្យាសុខាភិបាលចល័តកម្ពុជា-សិង្ហបុរី e-Health MyCLNQ បានឱ្យដឹងថា បើទោះក្នុងវិស័យបច្ចេកវិទ្យារបស់កម្ពុជាហាក់យឺតជាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ប៉ុន្តែលោកជឿថា នេះជាឱកាសរបស់កម្ពុជាក្នុងការពង្រឹងសមត្ថភាព។
លោកអះអាងថា៖ «យើងត្រូវពង្រីកសមត្ថភាព បង្កើនភាពច្នៃប្រឌិតផលិតបច្ចេកវិទ្យា ដើម្បីឱ្យសហគមន៍សេដ្ឋកិច្ច ឬសហគមន៍អាជីវកម្មប្រើប្រាស់អាចដំណើរការក្នុងសម័យបច្ចេកវិទ្យាតាមគន្លងថ្មីឱ្យទាន់គេ»៕ LA