ភ្នំពេញៈ ក្រសួងទេសចរណ៍អំពាវនាវដល់ប្រតិបត្តិករ និងម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ឱ្យចុះបញ្ជីចំនួនបុគ្គលិករបស់ខ្លួនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចក្នុងកម្មវិធី Telegram BOT ដែលជាផ្នែកមួយជំរុញការបើកដំណើរការនៃវិស័យនេះកាន់តែទូលំទូលាយឡើងវិញ ស្របពេលរដ្ឋាភិបាលកំពុងបង្កើនល្បឿនចាក់វ៉ាក់សាំងបានជាង ៩៦ ភាគរយនៃចំនួនដែលបានកំណត់។
កម្មវិធី Telegram BOT ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី ១២ ខែសីហា និងបានធ្វើការផ្សព្វផ្សាយតាមរយៈការបើកវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពីការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចតាមប្រព័ន្ធ Telegram BOT កាលពីថ្ងៃទី ៧ ខែកញ្ញា ដោយមានការចូលរួមពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍សរុប ១២៧ នាក់តាមប្រព័ន្ធវីដេអូអនឡាញ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ៨ ខែកញ្ញាថា ចំពោះកម្មវិធី Telegram BOT នេះ ក្រសួងបង្កើតឡើងដើម្បីគ្រប់គ្រងទិន្នន័យរបស់អាជីវកម្មទាំងអស់ក្នុងវិស័យទេសចរណ៍ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់។
លោកបាននិយាយថា៖ «កាលណាគាត់បញ្ចូលទិន្នន័យរួចរាល់ក្នុង Telegram BOT គឺយើងអាចគ្រប់គ្រងទិន្នន័យទាំងអស់បានដែលធ្វើឱ្យមានភាពងាយស្រួលប្រមូលព័ត៌មាន ជាពិសេសខាងអាជីវកម្មក៏ពួកគាត់ងាយស្រួលក្នុងការគ្រប់គ្រងភ្ញៀវទេសចរដែលទៅលេងកន្លែងរបស់គាត់ដែរ»។
បើយោងតាមលោក សុភ័ក ចំពោះស្ថានភាពភ្ញៀវទេសចរ ក្រសួងសង្កេតឃើញថា មានចលនាទេសចរផ្ទៃក្នុងបណ្តើរៗខ្លះហើយ បន្ទាប់ពីរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាបានបើកឱ្យដំណើរការឡើងវិញ។
លោកបន្ថែមទៀតថា៖ «យ៉ាងណាក្តីក្រសួងទេសចរណ៍បានធ្វើការងារនេះជាមួយរដ្ឋបាលខេត្តផ្សេងៗទៀត ដើម្បីធ្វើការងារនេះឱ្យបានល្អប្រសើរនៅក្នុងដំណាក់កាលកូវីដ ១៩ នេះ។ មានន័យថា កន្លែងណាដែលយើងអាចបើកបាន គឺយើងបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ហើយកន្លែងណាត្រូវបិទខ្ទប់ គឺយើងត្រូវបិទតាមកន្លែងៗ»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា នៅក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា (ថ្ងៃទី ៤-៥) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ៥១ ០៤២ នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ៥០ ១៣៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨ នាក់។
លោកបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ កាលពីទី ១៩ ខែសីហា ឆ្នាំនេះ ទោះបីចំនួនភ្ញៀវទេសចរសរុបនៅមិនទាន់មានចំនួនច្រើនក៏ដោយ។
បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី ៧ ខែកញ្ញា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងបានចាក់វ៉ាក់សាំង មាន ៩៦,៣៧ ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១០ លាននាក់ និងកុមារអាយុពី ១២ ទៅក្រោម ១៨ ឆ្នាំមាន ៨៥,៩៧ ភាគរយធៀបគោលដៅ ១ ៩៦៦ ៩៣១ នាក់។
លោក តុប សុភ័ក យល់ឃើញថា ការបង្កើនល្បឿនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលគឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងស្រោចស្រង់វិស័យនេះ។ លោកអះអាងថា៖ «សម្រាប់ការពន្លឿនចាក់វ៉ាក់សាំងការពារកូវីដ ១៩ របស់រាជរដ្ឋាភិបាលនេះ គឺជាការចូលរួមចំណែកក្នុងការធ្វើឱ្យមានភាពស៊ាំនៅក្នុងសហគមន៍ ដូច្នេះពេលយើងមានភាពស៊ាំក្នុងសហគមន៍ គោលដៅទេសចរណ៍នឹងអាចចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ ព្រោះប្រជាពលរដ្ឋមានភាពស៊ាំគ្រប់ទីកន្លែងអស់ហើយ ដែលនេះជាការរួមចំណែកលើកស្ទួយវិស័យទេសចរណ៍»។
កាលពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវជាតិ-អន្តរជាតិ។
ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២១ ជនបរទេសធ្វើដំណើរមកកម្ពុជាមាន ១០២ ៥៦០ នាក់ ធ្លាក់ ៩១,៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន៕ LA