ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ផ្អែកលើការធ្លាក់ចុះជាបន្តបន្ទាប់នៃការឆ្លង ការឈឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺកូវីដ ១៩ កម្ពុជានឹងបើកសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញនៅក្នុងពេលឆាប់ៗនេះ ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងកំពុងធ្វើយ៉ាងរហ័ស។
ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ៥ ស្ដីពីការកសាងជាតិ ឆ្នាំ ២០២១ ក្រោមប្រធានបទ «គោលនយោបាយសេដ្ឋកិច្ចសម្រាប់ការស្ទុះងើបឡើងវិញពីវិបត្តិ និងការកសាងជាតិ» កាលពីថ្ងៃទី ៨ ខែកញ្ញា តាមប្រព័ន្ធអនឡាញដែលដឹកនាំដោយវិទ្យាស្ថានកសាងជាតិប្រទេសថៃ (NBIT) លោក អូន ព័ន្ធមុនីរ័ត្ន ឱ្យដឹងថា ទោះបីសេដ្ឋកិច្ចពិភពលោកត្រូវរំពឹងថានឹងស្ទុះងើបឡើងវិញក្នុងឆ្នាំ ២០២១ ក៏ប្រទេសទាំងអស់នៅតែកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ខ្លាំង ដោយសារហានិភ័យរលកថ្មីនៃវីរុសវ៉ារ្យ៉ង់ថ្មី ដែលរីករាលដាលកាន់តែខ្លាំង និងបន្តរំខានដល់សកម្មភាពសេដ្ឋកិច្ចសង្គមជាទូទៅ។
របាយការណ៍ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃទី ៨ ខែកញ្ញា អត្រានៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ មានចំនួន ៧១,០២ ភាគរយនៅក្នុងចំណោមប្រជាជនសរុប ១៦ លាននាក់។ ជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ បានសម្រេចចិត្តដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារពីអាយុ ១២ ឆ្នាំ ដល់មនុស្សពេញវ័យ និងដូសជំរុញសម្រាប់មន្ដ្រីរាជការជួរមុខ។
លោកបានថ្លែងថា៖ «ខ្ញុំសូមជម្រាបអង្គសន្និសីទថា ការឆ្លងការឈឺធ្ងន់ធ្ងរ និងការស្លាប់កំពុងធ្លាក់ចុះជាប្រចាំ ក្នុងរយៈពេល ១ ខែចុងក្រោយនេះ។ ដោយឈរលើមូលដ្ឋាននេះ ប្រទេសកម្ពុជាត្រូវរំពឹងថា នឹងសម្រេចបានភាពស៊ាំទូទាំងប្រទេស និងបើកដំណើរការជាថ្មីបណ្ដើរៗនូវសកម្មភាពសេដ្ឋកិច្ចសង្គមពេញលេញនៅពេលអនាគតដ៏ខ្លីខាងមុខនេះ»។
ទោះជាយ៉ាងណា លោកមិនបានបង្ហាញពីពេលវេលាជាក់លាក់នោះទេ។
បើតាមលោក អូន ព័ន្ធមុនីរ័តុ្ន ចក្ខុវិស័យសេដ្ឋកិច្ចសង្គមដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួចហើយ គឺជាវិធានការបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យមានស្ថិរភាពអាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជនពិសេសអ្នកធ្វើការងារ គ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះដោយសារផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩។
លោកអះអាងថា៖ «ជាមួយនឹងការប្ដេជ្ញាចិត្ត ដើម្បីប្រែក្លាយវិបត្តិជំងឺកូវីដ ១៩ ទៅជាឱកាសមួយសម្រាប់ការកែទម្រង់កាន់តែស៊ីជម្រៅសំដៅកសាងប្រព័ន្ធសេដ្ឋកិច្ចសង្គមកាន់តែរឹងមាំ និងភាពធន់កាន់តែខ្លាំងចំពោះវិបត្តិនៅពេលអនាគត រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ដំណើរផែនការការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺកូវីដ ១៩ ឆ្នាំ ២០២១-២០២៣» ជាមួយនឹងទិសដៅស្ដារកំណើនសេដ្ឋកិច្ចឡើងវិញឱ្យត្រឡប់ទៅរកស្ថិរភាព ភាពធន់ និងកំណើនសក្ដានុពលបរិយាប័ន្ន»។
កាលពីដើមខែសីហា កម្ពុជា បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២១ ពីអត្រា ៤,១ ភាគរយមកត្រឹម ២,៥ ភាគរយ។
លោកស្រី Victoria Kwak-wa អនុប្រធានប្រចាំតំបន់នៅធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីពាក់កណ្ដាលខែកក្កដាថា កម្ពុជាកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសវ៉ារ្យ៉ង់ SARS-CoV-2។
លោកស្រីបន្តថា៖ «ការប៉ាន់ប្រមាណរបស់យើង សេដ្ឋកិច្ចកម្ពុជាអាចកើនឡើងក្នុងអត្រា ៤ ភាគរយ បើពួកគេអាចទទួលជោគជ័យក្នុងការគ្រប់គ្រងវីរុសវ៉ារ្យ៉ង់ថ្មី។ ទន្ទឹមនឹងនោះវាក៏អាចនៅក្រោម ១ ភាគរយដែរបើពួកគេមិនអាចគ្រប់គ្រងជំងឺការរីករាលដាលបានល្អ»។
លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងទៀតថា ផែនការការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា នឹងប្រើប្រាស់អ្វីដែលហៅថា ដំណោះស្រាយ ៣Rs ដែលរួមមានការស្ទុះងើបឡើងវិញដោយផ្ដោតការយកចិត្តទុកដាក់លើការស្ដារវិស័យសំខាន់ៗដែលជាសសរស្ដម្ភនៃសេដ្ឋកិច្ចមុនពេលវិបត្តិជំងឺកូវីដ ១៩ ព្រមទាំងការជំរុញសក្ដានុពលដែលកម្ពុជាទទួលបានភាពអំណោយផលដល់អតិបរមា, ការកែទម្រង់ ដោយផ្តោតការយកចិត្តទុកដាក់លើការបន្តកែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ, និងភាពធន់ដោយផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងការត្រៀមខ្លួនរួចរាល់ និងការឆ្លើយតបចំពោះវិបត្តិ ឬស្ថានការណ៍ស្រដៀងគ្នាដែលអាចកើតឡើងពេលអនាគតទាំងចក្ខុវិស័យសេដ្ឋកិច្ច និងសង្គម។
លោកបញ្ជាក់ថា ដើម្បីសម្រេចទិសដៅខាងលើការដាក់ឱ្យដំណើរការគោលនយោបាយហិរញ្ញប្បទានសាធារណៈសមស្របដែលធានាថា ការបែងចែក និងប្រសិទ្ធភាពប្រតិបត្តិការ គឺជាយុទ្ធសាស្ត្រដ៏សំខាន់។ ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលនឹងបន្តអនុវត្តគោលនយោបាយបង្កើនថវិកា លើកកម្ពស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការផ្ដល់អាទិភាពដល់ការចំណាយសមស្រប តាមគោលដៅកំណត់ និងការពង្រឹងការកៀរគរធនធានប្រភពធនធានប្រកបដោយសក្តានុពលទាំងចំណូលពន្ធ និងចំណូលមិនមែនពន្ធ ព្រមទាំងការដាក់ចេញនូវយន្តការហិរញ្ញប្បទានផ្សេងៗដើម្បីបំពេញតម្រូវការចំណាយទាំងអស់ក្នុងបរិបទនៃវិបត្តិកូវីដ ១៩ និងធានាការស្ទុះងើបឡើងវិញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅកម្ពុជា៕ LA
វីដេអូ៖