ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍បានធ្វើការពិគ្រោះយោបល់ថ្នាក់ជាតិជាលើកដំបូងលើគេហទំព័រ ASEAN Access ដើម្បីពង្រឹង និងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ និងជួយជំរុញកេរ្តិ៍ឈ្មោះអត្តសញ្ញាណអាជីវកម្មឱ្យកាន់តែលេចធ្លោតាមរយៈគេហទំព័រនេះកាលពីថ្ងៃទី ៩ ខែកញ្ញា តាមប្រព័ន្ធហ្ស៊ូម។
គេហទំព័រ ASEAN Access ដែលជាគេហទំព័រមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ានត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១។ គេហទំព័រ ASEAN Access អាចតភ្ជាប់ទៅនឹងគេហទំព័រ KhmerSME ដែលនឹងដាក់ឱ្យប្រើប្រាស់នៅខែតុលាខាងមុខនេះ និងបង្កើតឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ការពិគ្រោះយល់ថ្នាក់ជាតិនេះ ចូលរួមពីតំណាងទីភ្នាក់ងារ GIZ អង្គការ PACT សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងការិយាល័យលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (OSMEP)។
កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីថ្នាលព័ត៌មាន e-portal ក្នុងតំបន់អាស៊ានដែលមានឈ្មោះថា “ASEAN Access” ដើម្បីឱ្យបានទៅដល់ម្ចាស់អាជីវកម្មនៅកម្ពុជា ព្រមទាំងអញ្ជើញសហគ្រាសធុនតូច និងមធ្យមឱ្យចូលរួមក្នុងការផ្គូផ្គងពាណិជ្ជកម្មភាពជាដៃគូរវាង ASEAN Access ជាមួយ Enterprise Europe Network(EEN) ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ និងថ្ងៃទី ៣០ ខែកញ្ញា ខាងមុខនេះ។
ការពិគ្រោះយោបល់នេះក៏ដើម្បីចែករំលែកព័ត៌មានអំពីគេហទំព័រ ASEAN Access និងអញ្ជើញអ្នកផ្គត់ផ្គង់សេវាកម្មឱ្យចុះឈ្មោះជាមួយគេហទំព័រ ASEAN Access ដែលជាគេហទំព័រនេះនឹងផ្តល់ព័ត៌មានសំខាន់ៗ រួមមាន ការចូលទៅកាន់ទីផ្សារអន្តរជាតិ ពាណិជ្ជកម្មទំនិញ ប្រតិទិនព្រឹត្តិការណ៍ ព័ត៌មានអំពីពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មក្រៅតំបន់អាស៊ាន ពាណិជ្ជកម្មសេវា ការបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក និងបណ្តុំទិន្នន័យអ្នកផ្គត់ផ្គង់សេវា។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្លែងក្នុងកម្មវិធីនេះថា ASEAN Access បានផ្តល់នូវព័ត៌មានទូលំទូលាយស្តីពីពាណិជ្ជកម្ម និងការចូលទីផ្សារនៅក្នុងតំបន់អាស៊ាន និងក្រៅតំបន់អាស៊ាន។
លោកថ្លែងទៀតថា៖ «សហគ្រាសធុនតូច និងមធ្យមនឹងអាចរកមើលផលិតផលថ្មី ឱកាសអាជីវកម្ម ស្វែងយល់ពីព្រឹត្តិការណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍ផ្គូផ្គងពាណិជ្ជកម្ម និង តាមឱ្យទាន់នូវព័ត៌មានថ្មីទាក់ទងនឹងអាជីវកម្ម និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន»៕