ភ្នំពេញៈ កម្ពុជាបានបង្ហាញពីឆន្ទៈក្នុងការបង្កើតក្រុមការងាររួមជាមួយនឹងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC: Eurasian Economic Commission) ដើម្បីពិនិត្យលទ្ធភាពចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ EEC នាពេលខាងមុខ ខណៈពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតទាបនៅឡើយ។
គំនិតនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំលើកទី ៣ នៃក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និង EEC តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៧-៨ ខែកញ្ញា ឆ្នាំ ២០២១ ដែលភាគីកម្ពុជាដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគី EEC តំណាងដោយលោក Sergey GLAZIEV សមាជិកក្រុមប្រឹក្សាភិបាល និងជារដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃ EEC។
EEC ជាតំណាងឱ្យប្រទេសចំនួន ៥ ស្ថិតនៅភាគកណ្ដាល និងខាងជើងអាស៊ី និងអឺរ៉ុបខាងកើត (EAEU) ដែលរួមមាន សហព័ន្ធរុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។ EAEU មានប្រជាជនសរុប ១៨៤,៥៧ លាននាក់ (ឆ្នាំ ២០២០) និងមានផលិតផលក្នុងស្រុក GDP រួម ៤,៧៧៨ ពាន់ពាន់លានដុល្លារ។
លោកស្រី តឹករ៉េត កំរង ឱ្យដឹងថា កិច្ចប្រជុំនេះបង្ហាញពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា និង EEC លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ តាមរយៈកិច្ចប្រជុំនេះភាគីទាំង ២ បានចែករំលែកបទពិសោធឱ្យគ្នាទៅវិញ-ទៅមកពីប្រតិបត្តិការក្នុងវិស័យមួយចំនួនដូចជា គយ, កសិកម្ម, ព័ត៌មានវិទ្យា, ការគាំទ្រការធ្វើធុរកិច្ច និងសហគ្រាសមីក្រូ តូច និងមធ្យម, និងការអភិវឌ្ឍបទប្បញ្ញតិ្តបច្ចេកទេសនានា។
លោកស្រីលើកឡើងថា៖ «កម្ពុជាមានឆន្ទៈក្នុងការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យលទ្ធភាពនៃការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និង EEC នាពេលខាងមុខ»។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំង ២ ក៏បានសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាពចំនួន ៧ រួមមាន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការលើវិស័យគយ, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងការអភិវឌ្ឍឌីជីថល, វិស័យឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ, របាំងបច្ចេកទេសពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស អនាម័យ និងភូតគាមអនាម័យ, និងកម្មសិទ្ធិបញ្ញា និងការការពារអ្នកប្រើប្រាស់។
កន្លងមកកិច្ចប្រជុំនេះបានរៀបចំ ២ លើករួចមកហើយ ដោយលើកទី១ ធ្វើនៅកម្ពុជាក្នុងឆ្នាំ ២០១៧ និងលើកទី២ នៅសហព័ន្ធរុស្ស៊ី ក្នុងឆ្នាំ ២០១៨។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្នអាមេរិក អឺរ៉ុប ចិន និងកូរ៉េ ជាទីផ្សារធំសម្រាប់ផលិតផលនាំចេញកម្ពុជា ប៉ុន្តែទៅថ្ងៃអនាគត EAEU ក៏អាចនឹងក្លាយជាទីផ្សារសក្តានុពលសម្រាប់ផលិតផលកម្ពុជាដែរ ខណៈ EAEU ត្រូវគេដឹងថា ជាក្រុមប្រទេសមានប្រជាជនច្រើន និងមានសេដ្ឋកិច្ចរីកចម្រើន។ លោកបន្តថា ហេតុនេះ EAEU ជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់ទំនិញកម្ពុជាដែលត្រូវខិតខំចាប់យកចំណែកទីផ្សារនេះឱ្យបានច្រើនបន្ថែមទៀត។
លោកលើកឡើងថា៖ «EAEU គឺជាទីផ្សារដែលកម្ពុជាកំពុងចាប់អារម្មណ៍ ព្រោះជាទីផ្សារមានប្រជាជនច្រើន និងមានសេដ្ឋកិច្ចរីកចម្រើន។ ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នឹងធ្វើឱ្យផលិតផលនាំចេញកម្ពុជាមានទីផ្សារកាន់តែច្រើន»។
យោងតាមលោក លឹម ហេង ផលិតផលដែលកម្ពុជានាំចេញទៅទីផ្សារ EAEU មានភាគច្រើនជាផលិតផលកសិកម្ម និងវាយនភណ្ឌ ចំណែកផលិតផលនាំពី EAEU មានគ្រឿងម៉ាស៊ីន ត្រាក់ទ័រ និងគ្រឿងបន្លាស់យានយន្តកសិកម្ម ជាដើម។
ទិន្នន័យក្រសួងពាណិជ្ជកម្ម បង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី នៅឆ្នាំ ២០២០ សម្រេចបាន ៦៧,៣៧ លានដុល្លារ កើនឡើង ១៨,២២ ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៩។ ក្នុងនោះកម្ពុជានាំចេញក្នុងតម្លៃ ៥២,១៩ លានដុល្លារកើនឡើង ០,៧៣ ភាគរយពីចំនួន ៥១,៨១ លានដុល្លារ និងការនាំពី EAEU មកកម្ពុជាវិញមានតម្លៃ ១៥,១៨ លានដុល្លារ កើនឡើង ១៩៣,៥៧ ភាគរយ ពីចំនួន ៥,១៧ លានដុល្លារ៕ LA