ភ្នំពេញៈ ទោះជាការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជាមិនទាន់មានភាពធូរស្រាល ក៏បរិមាណនៃការនាំចេញ និងនាំចូលរបស់សួនឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ SSEZ បានរក្សាកំណើនជាង ៤៤ ភាគរយក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
ទិន្នន័យ SSEZ បង្ហាញថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១ សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទទួលបានបរិមាណនាំចេញ-នាំចូលសរុប ១ ៣៧៣ លានដុល្លារ កើន ៤៤,៣៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជានៅពេលកំពុងប្រឈមមុខនឹងជំងឺកូវីដ- ១៩។ នេះបើតាមទំព័រហ្វេសប៊ុករបស់ SSEZ។
SSEZ បានឱ្យដឹងថា៖ «តំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុបានជំរុញការអភិវឌ្ឍយ៉ាងខ្លាំងដល់ការនាំចេញពីកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបានការរស់នៅរបស់ប្រជាពលរដ្ឋ និងដំណើរការអាជីវកម្មរបស់សហគ្រាស»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កំណើនការនាំចេញ នាំចូលពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺបង្ហាញឱ្យឃើញពីតម្រូវការទំនិញពីអ្នកបញ្ជាទិញពីប្រទេសកម្ពុជានៅរក្សាបានភាពវិជ្ជមាន ពិសេសតម្រូវការផលិតផលកសិកម្មដែលមានកំណើនគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩។ មួយវិញទៀតការនាំចេញរបស់កម្ពុជាពេលនេះក៏ប្រឈមនឹងបញ្ហាតម្លៃដឹកជញ្ជូនតាមផ្លូវទឹកហក់ឡើងខ្ពស់ និងកង្វះទូកុងតឺន័រផងដែរ។
លោកប្រាប់ថា៖ «ពាក់ព័ន្ធនឹងបរិមាណនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនឡើង ខ្ញុំយល់ថា ការបញ្ជាទិញពីខាងក្រៅនៅមានតម្រូវការច្រើន ហើយយើងក៏អាចនិយាយថា ខ្សែចង្វាក់ផ្គត់ផ្គត់របស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះមិនបានរងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩ ឡើយ។ ដូចនេះការផលិតរបស់យើងនៅធ្វើបានតាមតម្រូវការបញ្ជាទិញពីខាងក្រៅ»។
បើតាម SSEZ នៅដំណាក់កាលដំបូង តំបន់សេដ្ឋកិច្ចពិសេសនេះនឹងផ្តោតលើវិស័យវាយនភណ្ឌកាត់ដេរ កាបូប ផលិតផលស្បែកជើង និងផលិតផលពីឈើ ជាឧស្សាហកម្មចម្បងសម្រាប់ការអភិវឌ្ឍ។ រីឯដំណាក់កាលទី២ SSEZ នឹងផ្តោតលើការទាញយកប្រយោជន៍ពីកំពង់ផែ និងផ្តោតលើការណែនាំអំពីគ្រឿងម៉ាស៊ីន សម្ភារសំណង់ គ្រឿងសង្ហារិមគេហដ្ឋាន គ្រឿងបន្លាស់រថយន្ត និងសម្បកកង់។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុនកំពុងវិនិយោគនៅទីនោះសរុប ១៦៥ ដោយបង្កើតការងារបានចំនួន ៣០ ០០០ កន្លែង៕ LA