ភ្នំពេញៈ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានទទួលអាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈ ផ្ទៃដីទំហំ ១០៧,១០ គីឡូម៉ែត្រការ៉េ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។
លោក អឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមហ៊ុននេះបានទទួលអាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈ (រ៉ែមាស) លេខ ០០០១ ចុះថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ ពីក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើការសិក្សាស្រាវជ្រាវ។ ក្រុមហ៊ុននេះក៏ត្រូវបានជ្រើសរើស ដើម្បីបន្តនីតិវិធីក្នុងការផ្តល់អាជ្ញាប័ណ្ណស្វែងរកធនធានរ៉ែ តាមរយៈលិខិតលេខ ០៧០ កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ ផងដែរ។
លោកឱ្យដឹងទៀតថា ច្បាប់បានតម្រូវឱ្យក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ែទាំងអស់មុននឹងធ្វើប្រតិបត្តិការសិក្សាស្រាវជ្រាវលើផ្ទៃដីដែនអាជ្ញាប័ណ្ណរបស់ខ្លួន គឺត្រូវទទួលបានការឯកភាពជាផ្លូវការពីក្រសួងបរិស្ថានជាមុនលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)។
លោកបានបន្តថា ជាដំណាក់កាលដំបូងនេះ ក្រុមហ៊ុនបានចុះពិនិត្យទីតាំងនៃដែនអាជ្ញាបណ្ណរបស់ខ្លួន ដោយក្រុមការងារស្វែងរុករក និងក្រុមការងារបរិស្ថាន ព្រមទាំងបានជួបជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំខ្លួន និងផ្សព្វផ្សាយអំពីផែនការការងារស្វែងរុករកនៅក្នុងតំបន់មេមត់តែប៉ុណ្ណោះ។
លោកអះអាងថា៖ «ចំពោះទីតាំងតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ ទាល់តែសិក្សាលម្អិតបន្ថែម ទើបអាចកំណត់ថាមានសក្តានុពលឬអត់? ដោយផ្អែកទៅលើទិន្នន័យព័ត៌មានភូគព្ភសាស្ត្រ ដែលមានស្រាប់ជាបឋម យើងគ្រាន់តែអាចវាយតម្លៃបានត្រឹមថា អាចមានខនិជកម្មរ៉ែ ដែលអាចពាក់ព័ន្ធនឹងការកកើតរ៉ែមាសតែប៉ុណ្ណោះ និងត្រូវធ្វើការសិក្សាលម្អិតបន្តទៀតដើម្បីកំណត់ពីទំហំជម្រករ៉ែនោះ និងឈានទៅវាយតម្លៃថាជាតំបន់ដែលមានសក្តានុពលពិតប្រាកដ»។
លោកបន្តថា ដោយសារស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ ដូចនេះក្រសួងមិនទាន់អាចវាយតម្លៃពីទំហំបរិមាណរ៉ែមាសដែលក្រុមហ៊ុនអាចធ្វើការទាញយកបាននោះទេ។ ដើម្បីកំណត់ពីបរិមាណស្តុករ៉ែមួយច្បាស់លាស់ គឺវាត្រូវទាមទារនូវរយៈពេល សមត្ថភាពបច្ចេកទេស និងសមត្ថភាពផ្នែកហិរញ្ញវត្ថុ។
លោកបន្តថា អាជ្ញាប័ណ្ណនេះមានសុពលភាព ៣ ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៤។
ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុននេះ កាលពីសប្តាហ៍មុន លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមកវិនិយោគនៅតំបន់រ៉ែមាសក្នុងខេត្តត្បូងឃ្មុំ។
លោកលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចនឹងចូលរួមសហការជាមួយក្រុមហ៊ុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្វែងរករ៉ែមាសនេះ។
លោកថ្លែងថា៖ «សព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួនកំពុងអាស្រ័យផលក្នុងតំបន់នោះ ដោយពួកគាត់ធ្វើសកម្មភាពរែងយកមាសជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារក្នុងបរិបទនៃការរីករាលដាលកូវីដ ១៩ ដូច្នេះសូមខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងមេត្តាយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ»។
បើតាម លោក អឹង ឌីប៉ូឡា បន្ទាប់ពីមានការធ្វើការកំណែ-ទម្រង់លើវិស័យរ៉ែនេះរួចមក មានក្រុមហ៊ុនមួយចំនួនត្រូវបានដកហូតអាជ្ញាប័ណ្ណ និងបញ្ចប់កិច្ចព្រមព្រៀង ដោយសារក្រុមហ៊ុនទាំងនោះស្វែងរុករករ៉ែមិនឃើញ ហើយរយៈពេលស្វែងរុករករ៉ែដែលបានកំណត់ ៦-៨ ឆ្នាំ ក៏ត្រូវបានផុត។
លោកថា គិតត្រឹមថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ នៅសល់តែក្រុមហ៊ុនចំនួន ២២ ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនមកពីប្រទេសចិន អូស្ត្រាលី ជប៉ុន ព្រមទាំង ក្រុមហ៊ុនក្នុងស្រុកសហការជាមួយដៃគូបរទេសកំពុងកាន់អាជ្ញាប័ណ្ណស្វែងរុករករ៉ែ (ដែក មាស ទង់ដែង ម៉ូលីបដែន) បុកស៊ីត ថ្មកំបោរ និងធ្យូងថ្ម នៅក្នុងតំបន់សម្បទានចំនួន ៣៤ លើផ្ទៃដីសរុបប្រមាណ ៤ ៧១១,៥៥ គីឡូម៉ែត្រការ៉េ។
រីឯក្រុមហ៊ុនដែលកំពុងកាន់អាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (មាស ដែក បុក ស៊ីត ថ្មកំបោរ ខ្សាច់ស ធ្យូងថ្ម) មានចំនួន ១៩ ក្រុមហ៊ុន នៅក្នុងតំបន់សម្បទានចំនួន ១៩។
បច្ចុប្បន្នក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល កំពុងធ្វើប្រតិបតិ្តការរោងចក្រចម្រាញ់រ៉ែមាសដែលមានតម្លៃ ១២០ លានដុល្លារ លើគម្រោងរ៉ែមាសតំបន់អូរខ្វាវ ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះមានសមត្ថភាពជីកយករ៉ែជិត ២ លានតោន ក្នុង ១ ឆ្នាំ និងចម្រាញ់ជាដុំមាសកម្រិត ៩០ ភាគរយប្រមាណ៣តោន ក្នុង ១ ឆ្នាំសម្រាប់រយៈពេលប៉ាន់ស្មានដំបូង ៨ ឆ្នាំ។ នេះបើតាម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៕ LA