ភ្នំពេញៈ RMA (Cambodia) Plc ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុននឹងបង្កើតរោងចក្រដំឡើងរថយន្តលើកដំបូងនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរថយន្តយីហោថ្មីៗ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុននេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរធំមួយក្នុងឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជា។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ១៥ ខែកញ្ញាថា ក្រុមហ៊ុនលោកនឹងបង្កើតរោងចក្រដំឡើងរថយន្តយីហោ Ford Brand បន្ទាប់ពីក្រុមហ៊ុនទទួលបានការយល់ព្រមពីក្រុមហ៊ុនមេ ដោយមើលឃើញពីតម្រូវការកើនឡើងសម្រាប់រថយន្តយីហោថ្មីនេះ។
លោកបន្តទៀតថា ក្រុមហ៊ុនបានចុះហត្ថលេខាជួលដីទំហំ ៤ ហិកតារួចហើយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈលោកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនគ្រប់គ្រងសំណង់រួចរាល់ផងដែរ។
លោកថ្លែងថា៖ «យើងរំពឹងថា រោងចក្រនេះនឹងបញ្ចប់ការសាងសង់ និងដាក់ដំណើរការនៅឆ្នាំក្រោយ។ ពេលនេះយើងកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាលដើម្បីចាប់ផ្ដើមការសាងសង់ ខណៈដែលរោងចក្រនេះនឹងត្រូវការពេលវេលាចន្លោះពី ៣-៤ ខែ ដើម្បីបញ្ចប់ ដូច្នេះយើងអាចនឹងចាប់ផ្ដើមដំឡើងរថយន្តនៅដើមឆ្នាំក្រោយ»។
បើតាមលោក ងន សាំង រោងចក្រនេះនឹងដំឡើងយីហោរថយន្ត ២ របស់ Ford គឺ Ford Ranger និង Ford Everest ជាង ១០ ០០០ គ្រឿង ក្នុង ១ ឆ្នាំ។ លោកបញ្ជាក់ថា៖ «សមត្ថភាពផលិតរបស់យើងធំ ប៉ុន្តែយើងដំឡើងដោយផ្អែកតាមតម្រូវការទីផ្សារ»។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានស្វាគមន៍ការសាងសង់រោងចក្រដំឡើងរថយន្តក្រុមហ៊ុន Ford នៅក្នុងខេត្តរបស់លោក ខណៈរោងចក្រនេះមិនគ្រាន់តែអាចបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងក្លាយជាឧស្សាហកម្មថ្មីមួយសម្រាប់ប្រទេសកម្ពុជា។
លោកបន្តថា៖ «យើងស្វាគមន៍ការវិនិយោគបែបនេះនៅក្នុងខេត្តខ្ញុំ ដោយសារតែពួកគេនឹងបង្កើតការងារកាន់តែច្រើន ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជន ព្រមទាំងបណ្ដុះបណ្ដាលកម្មករជំនាញកាន់តែច្រើននៅក្នុងឧស្សាហកម្មរថយន្ត»។
លោក ងន សាំង បញ្ជាក់ថា ទោះបីជាឧស្សាហកម្មរថយន្តរបស់ប្រទេសកម្ពុជា ត្រូវគ្របដណ្ដប់ដោយរថយន្តជជុះដែលមានចំណែកទីផ្សារចន្លោះពី ៧០ ទៅ ៨០ ភាគរយក៏លោកមើលឃើញពីនិន្នាការយីហោរថយន្តថ្មីនេះកំពុងផ្លាស់ប្តូរយ៉ាងរហ័សនៅក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះដែរ។
យោងតាមលោក ងន សាំង យីហោ Ford Brand ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នានៅក្នុងទីផ្សារ ខណៈចំណែកទីផ្សាររបស់ក្រុមហ៊ុននេះមាន ៤៥ ភាគរយនៃរថយន្តយីហោថ្មីសរុប។
លោកនិយាយថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនឹងគាំទ្រពួកយើង ដោយសារតែវាជារោងចក្រដំឡើងរថយន្តដំបូងមិនធ្លាប់មាននៅកម្ពុជា។ នេះជាការចាប់ផ្ដើមនៃឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជា ហើយវានឹងទាក់ទាញក្រុមហ៊ុនផ្សេងៗទៀតចូលមកដែរ»។
លោកបន្តថា៖ «តម្លៃរថយន្តយើងនឹងធ្លាក់ចុះបន្តិច ដូច្នេះយើងអាចទាក់ទាញប្រជាជនកាន់តែច្រើនឱ្យប្រើប្រាស់រថយន្តយីហោថ្មីដែលមានសុវត្ថិភាព។ ទិសដៅរបស់យើងក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅទីនេះ គឺដើម្បីផ្ដល់នូវរថយន្តតម្លៃសមរម្យសម្រាប់ប្រជាជន»៕ LA