ភ្នំពេញៈ ក្រុមហ៊ុន ដាវីត្រា (ខេមបូឌា) ឯ.ក បានបោះទុនជាច្រើនលានដុល្លារដើម្បីធ្វើការវិនិយោគលើគម្រោង Studio & Resort នៅលើផ្ទៃដីប្រមាណ ១០ ហិកតា នៅជាយរាជធានីភ្នំពេញ ខណៈតាមផែនការគម្រោងដំណាក់កាលទី១ នឹងបើកសម្ពោធក្នុងអំឡុងត្រីមាសទី២ ឆ្នាំ ២០២២។
លោកស្រី ច័ន្ទ ដាវី ស្ថាបនិកក្រុមហ៊ុន ដាវីត្រា (ខេមបូឌា) ឯ.ក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា Studio & Resort គឺជាគម្រោងដែលមានលក្ខណៈប្លែកមិនធ្លាប់មាននៅកម្ពុជា។ គម្រោងនេះបង្កើតឡើងដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសិល្បៈ។ គម្រោងនេះមានផ្ទៃដី ១០ ហិកតា តាមបណ្តោយផ្លូវជាតិលេខ ១ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារគគីរ។
លោកស្រី ដាវី បានប្រាប់ថា៖ «យើងធ្វើ Studio បែបជាលក្ខណៈទេសចរណ៍ដែលអាចថតកុន ចម្រៀងទាំងផ្នែកខាងក្នុងអគារ និងទីធ្លាខាងក្រៅនៃគម្រោងធំនេះ។ យើងចង់អភិវឌ្ឍ Studio &Resort ឱ្យក្លាយជាទីកន្លែងលំដាប់អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិមកទស្សនា»។
លោកស្រីឱ្យដឹងទៀតថា គម្រោងនេះមាន ៣ ដំណាក់កាល ដែលរួមមាន អាហារដ្ឋាន ហាងកាហ្វេ បាងហ្គាឡូ អាងហែលទឹក កន្លែងហាត់ប្រាណ និងសាលប្រជុំ ព្រមទាំងស្ទូតឌីយោថតសំឡេងជាមួយនឹងឧបករណ៍ទំនើបចុងក្រោយនាំចូលពីសហរដ្ឋអាមេរិក។
បច្ចុប្បន្នដំណើរការសាងសង់នៅក្នុងដំណាក់កាលទី១ ដែលរួមមានអគារថតសំឡេង សាលប្រជុំ ការិយាល័យ អាហារដ្ឋាន អាងហែលទឹក និងបាងហ្គាឡូ បានធ្វើរួចរាល់ហើយ។ ដោយដំណាក់កាលនេះទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់នៅចន្លោះពីខែមេសា-ឧសភា ឆ្នាំ ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់តែម្តង។
ដោយឡែកក្នុងដំណាក់កាលទី២ ក្រុមហ៊ុននឹងសង់ផ្ទះបុរាណខ្មែរដែលក្រុមហ៊ុនបានរចនាប្លង់ និងជ្រើសរើសទីតាំងសម្រាប់សាងសង់រួចហើយ។ ក្រុមហ៊ុនក៏នឹងបន្តសាងសង់សំណង់ជាច្រើនទៀតនៅជុំវិញមាត់បឹង។ ចំណែកដំណាក់កាលទី៣ ក្រុមហ៊ុននឹងបន្តសាងសង់វិទ្យាស្ថានសិក្សាចំណេះដឹងទូទៅធំមួយសម្រាប់ពីថ្នាក់មតេ្តយ្យដល់ថ្នាក់ឧត្តមសិក្សា។
លោកស្រីប្រាប់ថា៖ «វិទ្យាស្ថាននឹងទទួលនិស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ ដោយ ២ ឆ្នាំសិក្សានៅកម្ពុជានិង ២ ឆ្នាំទៀតបន្តការសិក្សានៅប្រទេសចិន។ យើងបានសហការជាមួយដៃគូរបស់យើងនៅស្រុកចិន ដើម្បីផ្តល់ឱកាសនិស្សិតខ្មែរយើងបានទៅរៀននៅមហាវិទ្យាល័យនៅទីក្រុងប៉េកាំង»។
លោកស្រី ច័ន្ទ ដាវី បញ្ជាក់ថា ជារួមគម្រោងទាំងមូលផ្តោតលើរចនាប័ទ្មបុរាណខ្មែរ និងមានលាយរចនាប័ទ្មទាន់សម័យផ្នែកខ្លះ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញ។ ក្នុងនោះ ផ្ទះបុរាណ និងបាងហ្គាឡូរចនាប័ទ្មខ្មែរ ថៃ និងជប៉ុន ជាដើមនឹងបម្រើដល់វិស័យថតភាពយន្ត ព្រមទាំងសាងសង់បឹងសិប្បនិមិ្មតដែលឌីហ្សាញឡើងតាមបែបធម្មជាតិ។
លោកស្រីបន្ថែមថា៖ «ខ្ញុំវិនិយោគលើគម្រោងនេះដោយសារតែក្រុមគ្រួសារខ្ញុំស្រឡាញ់អ្វីៗទាក់ទងនឹងវិស័យទេសចរណ៍ សិល្បៈ ហើយក៏ដូចជាប្រពៃណីខ្មែរផងដែរ។ យើងចង់ចូលរួមថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់របស់យើងឱ្យបានគង់វង្ស។ ខ្ញុំ និងគ្រួសារបានមើលថា អ្វីដែលយើងធ្វើនេះគឺថ្មីខុសប្លែកពីគេ។ ខ្ញុំគិតថា គម្រោងនេះនឹងមានការគាំទ្រច្រើនពីសាធារណជនជាមិនខាន»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មបាននិយាយថា រាល់គម្រោងទាំងអស់សភាពាណិជ្ជកម្មកម្ពុជាតែងតែគាំទ្រ និងសហការក្នុងការសម្របសម្រួលដំណើរការគម្រោងកាន់តែរលូនទៅមុខទាំងផ្លូវច្បាប់ និងឯកសារនានា។
លោកយល់ថា គម្រោងមួយនេះនឹងទទួលឱកាសល្អក្នុងការចាប់យកចំណែកទីផ្សារទាំងក្នុង និងក្រៅប្រទេស ក្រោយពីវិបត្តិកូវីដ ១៩ ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលជិតគ្រប់តាមផែនការ។
លោកប្រាប់ថា៖ «ជាការពិតក្រុមហ៊ុនបានសម្លឹងឃើញឱកាសទទួលបានទីផ្សារ ព្រោះក្រុមហ៊ុនបានសិក្សាទីផ្សាររួចរាល់ហើយ។ ខ្ញុំជឿជាក់ថា នេះគឺជាឱកាសល្អសម្រាប់គម្រោងនេះ ព្រោះរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងស្ទើររួចរាល់ហើយនៅទូទាំងប្រទេស។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ និងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតនឹងកាន់តែទាក់ទាញអ្នកវិនិយោគមកកម្ពុជាដែលពួកគេនឹងមានតម្រូវការការិយាល័យ អគារស្នាក់នៅ និងទីកន្លែងកម្សាន្ត ជាដើម»៕ LA