ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានប្រាប់ឱ្យសហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឱ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានមុន ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១។
សេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី ១៥ ខែកញ្ញាបានសរសេរថា ទោះបីក្រសួងបានធ្វើការផ្សព្វផ្សាយ និង រៀបចំសិក្ខាសាលាផ្សព្វផ្សាយជាច្រើនលើករួចមកហើយ ប៉ុន្តែរហូតដល់ពេលនេះក្រសួងសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាននិងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួនធំ ពុំទាន់បានមកស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយទេ ។
លិខិតបានបន្តថា ជាថ្មីម្តងទៀតក្រសួងសូមស្នើឱ្យលោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សូមរួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានមុន ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ ជាកំណត់។
យោងតាមលិខិតខាងលើចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ តទៅ ប្រសិនបើសហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬ ប្រឈមនឹងវិធានការនានាដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន។
លិខិតក្រសួងក៏បានឱ្យដឹងទៀតថា ចំពោះពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗអាចទាញយកបានតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ឬគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម www.moc.gov.kh។ បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំដោយផ្ទាល់នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh៕