ភ្នំពេញៈ អ្នកក្នុងវិស័យទេសចរណ៍អះអាងថា កម្ពុជាបានត្រៀមខ្លួនរួចហើយក្នុងការទទួលភ្ញៀវទេសចរជនជាតិចិនឡើងវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងសប្តាហ៍មុន លើកឡើងថា កម្ពុជាអាចនឹងបើកទ្វារឡើងវិញក្នុងពេលឆាប់ៗ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ រួចរាល់ ដោយផ្តើមពីភ្ញៀវជនជាតិចិន។
លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ កញ្ញាថា សមាជិកក្នុងសមាគមលោកបានត្រៀមខ្លួនរួចហើយក្នុងការចាប់ផ្តើមទទួលភ្ញៀវទេសចរអន្តរជាតិ ពិសេសជនជាតិចិនឡើងវិញ ដោយពេលនេះស្ទើរតែ ១០០ ភាគរយនៃសមាជិកសមាគមលោក សុទ្ធតែបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ រួចរាល់។
លោកបន្តថា នេះជាការទន្ទឹងរង់ចាំរយៈពេលជិត ២ ឆ្នាំរបស់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ទាំងអស់ ខណៈក្នុងអំឡុងពេលនេះក៏មានបុគ្គលមួយចំនួនបានប្តូរទៅធ្វើការងារផ្សេងផងដែរ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព។
លោកនិយាយថា៖ «យើងត្រៀមរួចរាល់ក្នុងការទទួលភ្ញៀវទេសចរ (ចិន) ចូលមកកម្សាន្តនៅកម្ពុជា ទោះបីយើងគិតថា ក្នុងដំណាក់កាលដំបូលនេះមិនទាន់មានចំនួនច្រើនក៏ដោយ»។
បើតាមលោក គីឡេង នៅមុនពេលមានវិបត្តិជំងឺកូវីដ ១៩ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិនមានសមាជិកចំនួន ៨២៧ នាក់។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាននិយាយថា វិស័យឯកជនពិតជាចង់ឱ្យរដ្ឋាភិបាលបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចរាល់ឱ្យបានឆាប់ ព្រោះបើនៅអូសបន្លាយយូរអាចធ្វើឱ្យប្រទេសជិតខាងមានឱកាសស្រូបទាញយកភ្ញៀវទេសចរដែលមានបំណងមកកម្សាន្តនៅកម្ពុជា ឱ្យធ្វើដំណើរទៅកាន់ប្រទេសទាំងនោះវិញ។ ការបើកដំបូង គេអាចធ្វើជាមួយប្រទេសដែលមិនសូវមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ច្រើន និងមានអត្រាចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានច្រើន។
អ្នកស្រីលើកឡើងថា៖ «អត្រានៃការចាក់វ៉ាក់សាំងបានច្រើននៅកម្ពុជានឹងក្លាយជាចំណុចសំខាន់សម្រាប់កម្ពុជាក្នុងការចាប់ផ្តើមបើកទទួលភ្ញៀវបរទេសចាក់វ៉ាក់សាំងរួចរាល់ឡើងវិញ។ យើងកំពុងរង់ចាំស្វាគមន៍ពួកគេ»។
ក្រសួងទេសចរណ៍ ធ្លាប់លើកឡើងថា កម្ពុជាមានផែនការនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ គ្រប់ដូសចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១ នេះតទៅ។
លោក ហ៊ុន សែន ក្នុងឱកាសនៃពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនដល់កុមារអាយុចាប់ពី ៦ ឆ្នាំដល់ ១២ ឆ្នាំ កាលពីថ្ងៃទី ១៧ ខែកញ្ញា លើកឡើងថា បន្ទាប់ពីសម្រេចបានលទ្ធផលល្អជាបន្តបន្ទាប់នៃយុទ្ធនាការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ កម្ពុជាបាននិងកំពុងចាប់ផ្តើមបើកដំណើរការវិស័យសំខាន់ៗឡើងវិញជាបណ្តើរៗហើយ ដោយផ្តើមដំបូងពីវិស័យអប់រំ ហើយបន្ទាប់មកគឺវិស័យសេវាកម្ម (ទេសចរណ៍)។ លោកបន្តថា ដោយសារប្រទេសកម្ពុជា និងចិនមានទំនាក់ទំនងល្អជាមួយគ្នា ហើយអត្រាឆ្លងថ្មីនៅប្រទេសនេះមានកម្រិតទាបខ្លាំងនោះ ហេតុនេះកម្ពុជាអាចនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរចិនមុនគេ។
លោកថ្លែងថា៖ «ថ្ងៃមុនវាជាការភ្លេចភ្លាំងមួយរបស់ខ្ញុំដែលចង់ពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិន ថាយើងគួរសហការគ្នាធ្វើ។ បានសេចក្តីថា ធ្វើចត្តាឡីស័ក ៧ ថ្ងៃ ប៉ុន្តែអ្នកឯងមានសិទ្ធិ (ភ្ញៀវទេសចរ) ដើរនៅក្នុងក្រុង ដែលអ្នកឯងធ្វើចត្តាឡីស័ក គឺមិនមែនធ្វើចត្តាឡីស័កក្នុងបន្ទប់នោះទេ ហើយបន្ទាប់ពីហ្នឹងទៅអ្នកឯងផុត ៧ ថ្ងៃ គឺអ្នកឯងអាចចេញទៅខេត្តដទៃ»។ លោកបន្តថា៖ «ឥឡូវសូមជួយគិតគ្នា ដើម្បីឈានទៅរកការបើកទេសចរណ៍ឡើងវិញ ព្រោះកុំភ្លេចឱ្យសោះថា សេដ្ឋកិច្ចប្រទេសជឿនលឿន គឺមានផ្នែកសេវាកម្មនាំមុខ»។
របាយការណ៍ក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជាទទួលបានចំណូលពីទេសចរណ៍អន្តរជាតិប្រមាណ ១,០២៣ ពាន់លានដុល្លារធ្លាក់ចុះ ៧៩,២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៤,៩១៩ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីវិបត្តិការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ ១៩៕ LA
វីដេអូ៖