ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ គ្រោងនឹងដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង នាខែតុលាខាងមុខ ដើម្បីចុះហត្ថលេខាជាផ្លូវការនៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដោយផ្ទាល់ប្រសិនបើស្ថានភាពកូវីដ ១៩ មានភាពធូរស្រាល ប៉ុន្តែប្រសិនបើស្ថានភាពមិនល្អការចុះហត្ថលេខាអាចនឹងត្រូវធ្វើឡើងតាមអនឡាញ។
កម្ពុជា និងកូរ៉េខាងត្បូងបានប្រកាសរួមគ្នាពីការបិទបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាំងពីខែកុម្ភៈ ឆ្នាំ ២០២១ ខណៈអ្នកជំនាញ និងមន្ត្រីយល់ឃើញដូចគ្នាថា កូរ៉េខាងត្បូងនឹងក្លាយជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា បន្ទាប់ពីប្រទេសមហាយក្សចិន។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២០ ខែកញ្ញាថា បើស្ថានភាពការរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេសកូរ៉េខាងត្បូងមានភាពធូរស្រាល លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានឹងទៅចុះហត្ថលេខាដោយផ្ទាល់នៅប្រទេសកូរ៉េ ប៉ុន្តែប្រសិនបើស្ថានភាពមិនអំណោយផល ការចុះហត្ថលេខានឹងធ្វើតាមរយៈអនឡាញ។ លោកបានបន្តថា តាមរយៈ FTA នេះ ទំនិញកម្ពុជាប្រមាណជាង ១០ ០០០ (មួយម៉ឺន) បន្ទាត់ពន្ធនឹងនាំចេញដោយរួចពន្ធទៅកូរ៉េ។
លោកថ្លែងថា៖ «ដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ គឺជាកិច្ចខំប្រឹងប្រែង និងជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្មក្នុងការបើកច្រកសម្រាប់នាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (បណ្ឌិត្យសភាកម្ពុជា) ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រទេសទាំង ២ នៅតែមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយគ្នា ហើយវានឹងកាន់តែពិសេសបន្ថែមទៀតនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីប្រទេស ២ ចូលជាធរមាន។
លោកបានបន្ថែមថា ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជាចាំបាច់ត្រូវខិតខំបន្ថែមទៀត ដើម្បីធ្វើខ្លួនឱ្យក្លាយទៅជាប្រទេសផលិត និងនាំចេញ ដោយមិនត្រឹមតែជាមួយប្រទេសកូរ៉េប៉ុណ្ណោះទេ គឺសម្រាប់គ្រប់ទីផ្សារលើពិភពលោកតែម្តង។
លោកអះអាងថា៖ «ការធ្វើពិពិធកម្មទៅលើការផលិតផលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិនឹងជួយធ្វើឱ្យកម្ពុជាអាចមានឧត្តមភាពលើការធ្វើពាណិជ្ជកម្មជាអន្តរជាតិ»។
បើយោងតាមលោក សុវិជាតិ ទីផ្សារកូរ៉េនឹងបង្កើនឱកាសថែមទៀតសម្រាប់ទំនិញកសិផល, កសិផលកែច្នៃ, វាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, កាបូបធ្វើដំណើរ ផលិតផលកៅស៊ូ, គ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងបន្លាស់, ផលិតផលឧស្សាហកម្មស្រាល, និងផលិតផលមួយចំនួនទៀតដែលផលិតដោយអ្នកវិនិយោគក្នុង និងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសអាចនឹងនាំចេញដោយរួចពន្ធទៅទីផ្សារកូរ៉េ។
ទន្ទឹមនឹងនេះលោកបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក៏នឹងបង្កលក្ខណៈងាយស្រួលដល់ការនាំចូលមកវិញនូវទំនិញអេឡិចត្រូនិក, ថ្នាំពេទ្យ គ្រឿងបន្លាស់រថយន្ត និងសម្ភារបរិក្ខារដែលជាវត្ថុធាតុដើម និងម៉ាស៊ីនឧបករណ៍ផលិតកម្មផ្សេងៗបម្រើឱ្យការផលិតរបស់កម្ពុជាដែលនឹងនាំឱ្យមានការកើនឡើងនូវផលិតភាពផលិតកម្ម ក៏ដូចជាគុណភាពផលិតផលសម្រាប់នាំចេញ។
ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៤៥១,៩៨ លានដុល្លារកើន ៦,៧២ ភាគរយពីចំនួន ៤២៣,៥១ លានដុល្លារ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងនោះការនាំចេញពីកម្ពុជាមានទឹកប្រាក់ ១៥៩,៤ លានដុល្លារធ្លាក់ចុះ ១,៦ ភាគរយ និងការនាំចូលពីកូរ៉េមានទឹកប្រាក់ ២៩២,៥៩ លានដុល្លារ កើន ១១,៩ ភាគរយ៕ LA