ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (​ក.ស.ភ.) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូលបត្រ​កម្ពុជា​ (CSX) ​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា បាន​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​ ៣ ដំណាក់កាល​ទី​ ១ ដែលមាន​តម្លៃ​វិនិយោគ​សរុប ១៨,៤ ​លាន​ដុល្លារ ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់ ពិសេស​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល​។

ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​ ៣ ដំណាក់កាល​ទី​ ១ មាន​ទីតាំងនៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល លើ​ផ្ទៃដី​ទំហំ​ ២,៧៥ ​ហិកតា ដោយ​ស្ថិតនៅ​ខាងជើង​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​ ១ និង​ជំហាន​ទី​ ២ ​។ LM១៧ ជំហាន​ទី​ ៣ ដំណាក់កាល​ទី​ ១ នេះ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន សៀង ហៃ ខនស្ត្រាក់សិន តាមរយៈ​នីតិវិធី​ដេញថ្លៃ​អន្តរជាតិ សាធារណៈ ដោយ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ចុងឆ្នាំ​ ២០១៩ និង​បានបញ្ចប់​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០២១​។

ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ លោក ហ៊ឺ បាវី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​ ៣ ដំណាក់កាល​ទី​ ១ ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​បាន​ពង្រីក​សមត្ថភាព​ផ្ទុក​កុងតឺន័រ​របស់ខ្លួន​ឱ្យបាន​កាន់តែច្រើន ដើម្បី​ឆ្លើយតប​នឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់​ជា​រៀងរាល់ឆ្នាំ ពិសេស​បន្ទាប់ពី​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​បញ្ចប់​។ លោក​បន្តថា គម្រោង​នេះ​បាន​ប្រើប្រាស់​ទុនវិនិយោគ​ប្រមាណ ១៨,៤ ​លាន​ដុល្លារ​ដែលជា​ថវិកា​ផ្ទាល់​របស់ ក.ស.ភ. បាន​ពី​ប្រាក់ចំណេញ និង​ប្រាក់​សន្សំ​អភិវឌ្ឍន៍​សហគ្រាស​។

លោក​ថ្លែងថា​៖ «​ទោះបី​ជាមាន​វិបត្តិ​ដែល​កើតឡើង​ដោយសារ​ជំងឺ​កូវីដ-១៩ ក៏​បរិមាណ​នៃ​ការឆ្លងកាត់​របស់​ទូ​កុងតឺន័រ​នៅ ក.ស.ភ. បាន​ឈាន​ជិត​ដល់​សមត្ថភាព​ផ្ទុក​កុងតឺន័រ​សរុប​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​ ១ និង​ទី​ ២ ដែលនាំឱ្យ​មាន​តម្រូវការ​ធ្វើការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ នេះ​»​។ ដូច្នេះហើយ​ទើប​ចុងឆ្នាំ​ ២០១៩ ក.ស.ភ. បាន​អនុវត្ត​គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​ ៣ ដំណាក់កាល​ទី​ ១ នេះ​ឡើង​»​។

LM១៧ ជំហាន​ទី​ ៣ ដំណាក់កាល​ទី​ ១ នេះ​មាន​សមត្ថភាព​អាច​ផ្ទុក​កុងតឺន័រ​បាន ១០០ ០០០ TEUs ក្នុង​ ១ ​ឆ្នាំ​បន្ថែម​លើ​សមត្ថភាព​ផ្ទុក​កុងតឺន័រ​សរុប​ (​ជំហាន​ទី​ ១ និង​ទី ​២) ​ដែល​ធ្វើឱ្យ​សមត្ថភាព​ផ្ទុក​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ទាំងមូល​ពេលនេះ​កើនឡើង ៤០០ ០០០ TEUs ក្នុង ១ ​ឆ្នាំ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កំណើន​កុងតឺន័រ​ឆ្លងកាត់ ក.ស.ភ. ជា​មធ្យម​ប្រចាំ​ឆ្នាំមាន​ចន្លោះ​ពី ១៥-១៨ ​ភាគរយ​។ កាលពី​ឆ្នាំ​ ២០១៩ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មាន ២៨១ ០៤៣ TEUs និង​នៅ​ឆ្នាំ​ ២០២០ មាន​ចំនួន ២៩០ ៨៥៧ TEUs​។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ជា​ការល្អ​ណាស់​ដែល​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​អាច​មាន​លទ្ធភាព​ក្នុង​ការប្រើប្រាស់​ថវិកា​ដែល​ខ្លួន​សន្សំ​យកមក​អភិវឌ្ឍ LM១៧ ជំហាន​ទី​ ៣ ដំណាក់កាល​ទី​ ១ នេះ​។ ការពង្រីក​សមត្ថភាព​លើកដាក់ និង​ស្តុក​ទំនិញ​របស់ ក.ស.ភ. នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ថ្លែងថា​៖ «​កំពង់ផែ​នេះ នឹង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការដឹកជញ្ជូន​ទំនិញ​ចូលមក​កម្ពុជា ក៏ដូចជា​ដឹកទំនិញ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​លក់​នៅក្រៅ​ប្រទេស​។ យើង​នឹង​ខិតខំប្រឹងប្រែង​ជំរុញ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​នេះ​បាន​កាន់តែ​ច្រើន​បន្ថែមទៀត ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ទំនិញ និង​កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់​»​។

លោក​ប្រាប់ទៀតថា នៅពេលនេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូ ដែល​មាន​ដូចជា JICA ធនាគារ​ពិភពលោក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​បាន​សិក្សា និង​បញ្ចប់​សព្វគ្រប់​ហើយ​នូវ​ផែនការមេ​វិស័យ​ដឹកជញ្ជូន ដែល​ក្នុងនោះ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក គឺជា​ចំណែក​ដ៏សំខាន់​នៅក្នុង​ផែនការមេ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​។

ក្នុងឱកាស​នោះ លោក ចាន់ថុល ក៏បាន​លើកឡើង​ពី​លទ្ធភាព​នៅក្នុង​ការតភ្ជាប់​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ​មក​កាន់​កំពង់ផែ​កុងតឺន័រ LM១៧ នេះ​ផងដែរ​។ លោក​បាន​លើកឡើង​ថា​៖ «​យើង​គួរ​ពិចារណា​ពី​ការតភ្ជាប់​ផ្លូវដែក​ (​ភ្នំពេញ​) ទៅកាន់​កំពង់ផែ​កុងតឺន័រ LM១៧ នេះ​បាន​ឬទេ​?»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​វិស័យ​ដឹកជញ្ជូន​នៅ​ទូទាំង​ពិភពលោក​រួមទាំង​កម្ពុជា ប៉ុន្តែ​នៅពេលនេះ​ស្ថានភាព​បានចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។

«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​ថា វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​នឹងមាន​សម្ទុះ​ឡើងវិញ​ខ្លាំង​ក្នុងពេល​ឆាប់ៗ​នេះ ខណៈពេល​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច និង​អប់រំ​បាន​ភាគច្រើន​រួចមកហើយ ហើយក៏​គ្រោង​នឹង​ត្រៀម​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ឡើងវិញ​ផងដែរ​»​។ នេះ​បើ​យោងតាម​លោក ស៊ិន ចន្ធី​។

បើតាម​លោក ចន្ធី បច្ចុប្បន្ននេះ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹកបាន​គ្របដណ្តប់​ប្រហែល​ជាង ៦០ ភាគរយ​នៃ​ការដឹកជញ្ជូន​ទំនិញ​ទាំង​ផ្លូវគោក និង​ផ្លូវអាកាស​៕ LA

វីដេអូ៖