សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានសេចក្តីសោមនស្សក្រៃលែង ក្នុងការប្រកាសដាក់ឱ្យដំណើរការនូវ «គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS)» ជាផ្លូវការ។ គម្រោង CFGS ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទានដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។
គម្រោង CFGS របស់ CGCC និងគម្រោង SCFS II របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ខណៈដែលគម្រោង SCFS II មានគោលបំណងកាត់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ CGCC គឺជាគម្រោងធានាឥណទានដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី។
CGCC នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវជំហានទីមួយនៃគម្រោង CFGS ដែលមានទឹកប្រាក់សរុប ៥០ លានដុល្លារ ដើម្បីធានាដល់ឥណទានដែលផ្តល់ក្រោមគម្រោង SCFS II។ គម្រោងនេះនឹងជួយឱ្យមានការបញ្ចេញឥណទានថ្មីៗនៅក្នុងវិស័យធនាគារពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំដោយហានិភ័យក្នុងការផ្តល់ឥណទាននេះនឹងត្រូវបានចែករំលែកដោយ CGCC រហូតដល់ ៨០%។
CFGS គឺជាគម្រោងធានាឥណទានទី ២ ដែលត្រូវបានដាក់ចេញដោយ CGCC។ គួរបញ្ជាក់ថា CGCC បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិកនៅខែមីនាឆ្នាំ ២០២១ ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩។ គិតត្រឹមថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៨៥ កម្ចី ដែលមានទំហំប្រមាណ ១២ លានដុល្លារដល់បណ្តាក្រុមហ៊ុនអាជីវកម្មតាមរយៈ PFIs របស់ CGCC។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការនូវគម្រោង CFGS របស់ CGCC គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់លើគម្រោង SCFS II របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាក្នុងការចែករំលែកហានិភ័យជាមួយ PFIs។ គម្រោងទាំងពីរនេះនឹងបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងការដោះស្រាយនូវបញ្ហាប្រឈមចម្បង ២ យ៉ាងក្នុងការទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម ដែលទីមួយគឺការចំណាយខ្ពស់ក្នុងការទទួលបានកម្ចី និងទីពីរគឺកង្វះទ្រព្យបញ្ចាំ»។
ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមដែលមានសញ្ជាតិកម្ពុជា (កាន់កាប់ភាគហ៊ុនលើសពី ៥០%) អាចទាក់ទងទៅកាន់ PFIs របស់ CGCC ឬទាក់ទងផ្ទាល់មកកាន់ CGCC តាមរយៈលេខទូរស័ព្ទ ០២៣ ៧២២ ១២៣ ឬអ៊ីម៉ែល info@cgcc.com.kh ឬចូលទៅកាន់គេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។
ស្ថាប័នហិរញ្ញវត្ថុចូលរួមរបស់សាជីវកម្មធានាឥណទានកម្ពុជារួមមានធនាគារអេប៊ីអេ, ធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, ធនាគារអាស៊ាប៉ាស៊ីហ្វិកឌីវេឡុបមេន, ធនាគារប្រេដប៊ែង, ធនាគារប្រៃសណីយ៍កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, ធនាគារកាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារជេត្រាស់រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី, ធនាគារហ្វីលីព, ធនាគារភីភីស៊ីប៊ែង, ធនាគារព្រីនស៍, ធនាគារអអេចប៊ី, ធនាគារស្ថាបនា និងធនាគារវីង។ CGCC ស្វាគមន៍នូវកិច្ចសហការជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាមួយនឹងគម្រោង CFGS៕