ភ្នំពេញៈ ក្រុមហ៊ុន អេមរុ រ៉ាយស៍ ខេមបូឌា ឯ.ក (Amru Rice Cambodia Co., Ltd) ប្រកាសស្វែងរកដៃគូចែកចាយ និងនាំចេញសន្លឹកគុយទាវមូរដែលជាផលិតផលថ្មីរបស់ខ្លួនសម្រាប់ទីផ្សារអូស្ត្រាលី បារាំង អាមេរិក និងចក្រភពអង់គ្លេស ដើម្បីជួយគាំទ្រ និងលើកកម្ពស់ជីវភាពកសិករខ្នាតតូចតាមបណ្តាខេត្តតំបន់ភ្នំភាគឦសាន។
លោក សុង សារ៉ន នាយកក្រុមហ៊ុន អេមរុ រ៉ាយស៍ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា នេះជាផលិតផលថ្មីរបស់ក្រុមហ៊ុនដែលទើបបង្កើតឡើង ដើម្បីគាំទ្រទៅដល់កសិករខ្នាតតូចមានជីវភាពក្រីក្រនៅតំបន់ដាច់ស្រយាលឱ្យទទួលបានចំណូលសមរម្យផ្គត់ផ្គង់គ្រួសារ។
លោកនិយាយថា៖ «ផលិតផលទាំងអស់នេះ គឺវត្ថុធាតុដើមយើងផលិតដោយកសិករខ្នាតតូចដែលមានដីចម្ការតូចៗរស់នៅតំបន់ភ្នំក្នុងខេត្តព្រះវិហារ មណ្ឌលគិរីក្នុងនោះក៏មានជនជាតិដើមភាគតិចមួយចំនួនផងដែរ។ យើងគាំទ្រមិនឱ្យមាននរណាម្នាក់ត្រូវបានគេទុកចោលដោយមិនបានគិតគូរទេ ដូចនេះយើងគិតគូរគាត់ក្នុងចង្វាក់ផ្គត់ផ្គង់របស់យើង»។
លោកបានឱ្យដឹងទៀតថា ការផលិតតាមស្តង់ដាសរីរាង្គនេះនឹងជួយដល់ប្រជាកសិករខ្នាតតូចឱ្យមានចំណូល និងជីវភាពសមរម្យ ដូចនេះការផលិតតាមស្តង់ដាសរីរាង្គអាចជំរុញឱ្យក្រុមហ៊ុនមានលទ្ធភាពចាប់ជាដៃគូជាមួយពួកគាត់បាន។
លោកប្រាប់ថា៖ «ការគាំទ្រជួយទិញផលិតផលនេះនឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកសិករខ្នាតតូច ពិសេសជនជាតិដើមភាគតិច»។
លោកឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនបាននាំចេញរួចហើយទៅកាន់ទីផ្សារប្រទេសដាណឺម៉ាក និងហូឡង់ដែលកំពុងមានតម្រូវការកើនឡើងជាលំដាប់។ បន្ថែមពីលើនេះក្រុមហ៊ុនក៏កំពុងស្វែងរកដៃគូនាំចូល និងចែកចាយសន្លឹកគុយទាវមូរសរីរាង្គទៅប្រទេសអូស្ត្រាលី អាមេរិក អង់គ្លេស និងបារាំងដើម្បីពង្រីកទីផ្សារបន្ថែមទៀត។
លោកអះអាងថា៖ «យើងរកឃើញថា ទីផ្សារដែលមានសក្តានុពលក្នុងការហូប និងប្រើប្រាស់សន្លឹកគុយទាវមូរភាគច្រើនជាប្រទេសដែលមានជនជាតិអាស៊ីមានចំណូលខ្ពស់រស់នៅដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ ដែលពួកគាត់ចូលចិត្តហូបគុយទាវមូរនេះ។ យើងព្យាយាមផលិតគុយទាវដែលមានស្តង់ដាសរីរាង្គស្របតាមសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដូចនេះយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុលោមតាមស្តង់ដាប្រទេសទាំងអស់នេះ។ គុយទាវមូរយើងទើបនឹងបង្កើតថ្មីរសជាតិ ស្តង់ដា គុណភាព មានកម្រិតខ្ពស់ដែលអាចប្រកួតប្រជែងបាននៅក្នុងទីផ្សារ»។
ដោយឡែក នៅក្នុងស្រុកក៏មានការចាប់អារម្មណ៍ និងការគាំទ្រច្រើនដែរ បើទោះជាមិនមានការទិញច្រើនដូចការនាំចេញ។ ទោះយ៉ាងណាក្រុមហ៊ុនពិតជារីករាយក្នុងការឃើញប្រជាជនខ្មែរគាំទ្រផលិតផលជាតិ។
ក្នុងរយៈពេល ៨ ខែកន្លងមកនេះក្រុមហ៊ុនបាននិងកំពុងរៀបចំផលិត និងដឹកជញ្ជូនទៅប្រទេសដាណឺម៉ាក និងហូឡង់ដោយក្រុមហ៊ុនផលិតបានប្រហែលជិត ២០ តោនមកហើយ ដើម្បីចែកចាយទៅកាន់ប្រទេសទាំង ២ នេះ។ នៅពេលនេះក្រុមហ៊ុនកំពុងផលិតបន្ត ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសផ្សេងទៀតផងដែរ។
ក្រុមហ៊ុនមានលទ្ធភាពនាំចេញប្រហែល ៤០ តោន ក្នុងឆ្នាំ ២០២១ នេះ ហើយបើសិនគ្មានអ្វីប្រែប្រួល ក្រុមហ៊ុនប្តេជ្ញាជំរុញការនាំចេញផលិតផលជាតិឱ្យកាន់តែច្រើនជាលំដាប់។ នេះបើតាមលោក សុង សារ៉ន៕ LA