ភ្នំពេញៈ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) សហការជាមួយ Harvest II បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី «បេសកកម្មនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង» ដែលជាកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធឌីជីថលថ្មីមួយក្នុងការសម្របសម្រួល និងផ្សារភ្ជាប់ក្រុមហ៊ុនក្នុងស្រុកសំដៅជំរុញដល់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
កម្មវិធីដាក់ដំណើរការជាផ្លូវការដែលរៀបចំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នេះមានគោលបំណងផ្តល់ជំនួយ និងជំនាញសំខាន់ៗដល់ម្ចាស់អាជីវកម្មកម្ពុជាក្នុងការពង្រឹង និងពង្រីកសមត្ថភាពផ្នែកផលិតកម្មសុវត្ថិភាពចំណីអាហារ និងបង្កើតឱកាសនាំចេញទៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA)។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នាថ្ងៃទី ២១ ខែកញ្ញាថា តាមរយៈគម្រោងនេះកម្ពុជាបានជ្រើសរើសក្រុមហ៊ុនចំនួន ២៥ ក្នុងវិស័យកសិកម្ម (១០ ជាក្រុមហ៊ុននាំចេញម្រេច) ដើម្បីទៅចូលរួមក្នុងកម្មវិធី «ពិព័រណ៍ផលិតផលសរីរាង្គ និងធម្មជាតិនៅមជ្ឈមបូព៌ា» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូបៃចាប់ពីថ្ងៃទី ២៨-២៩ ខែកញ្ញា។ ពិព័រណ៍នេះនឹងធ្វើការផ្សព្វផ្សាយផលិតផលកម្ពុជាទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) ជាលើកដំបូង ហើយក៏ដូចជាឱកាសសម្រាប់ការនាំចេញដោយភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញនៅតំបន់មជ្ឈិមបូព៌ាផងដែរ។
លោកអះអាងថា៖ «នេះជាឱកាសដ៏អស្ចារ្យសម្រាប់វិស័យកសិកម្មនៅកម្ពុជាក្នុងការស្វែងរក និងវាយលុកទីផ្សារថ្មីនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ ដោយធ្វើការផ្ទាល់ជាមួយរដ្ឋាភិបាល CPSF នឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការជំរុញ និងលើកកម្ពស់ផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក»។
បើតាមលោក ម៉ាក់ នី តាមរយៈកម្មវិធីនេះ ក្រុមហ៊ុនទាំង ២៥ នឹងទទួលបាននូវអត្ថប្រយោជន៍មួយចំនួនដូចជា ការតភ្ជាប់ការផ្គូផ្គងអាជីវកម្មការធ្វើពាណិជ្ជកម្មជាមួយអ្នកទិញ អ្នកចែកចាយអ្នកនាំចេញ និងដៃគូផ្សេងៗ, ការចូលរួមក្នុងសាលពិព័រណ៍ឌីជីថលដែលមានស្តង់រួមមួយសម្រាប់ផលិតផលប្រទេសកម្ពុជា,អ្នកនាំចេញនីមួយៗនឹងរៀបចំតាំងពិព័រណ៍ផលិតផល ដែលពួកគេអាចទាក់ទាញ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញ ដៃគូ និងអ្នកចូលរួម, និងធ្វើយុទ្ធនាការឌីជីថលផ្សព្វផ្សាយម៉ាកយីហោផលិតផលកម្ពុជាទៅកាន់អតិថិជនគោលដៅនៅតំបន់ MENA។
លោក Nimish Jhaveri ប្រធានគម្រោងហាវែស II បាននិយាយថា នេះគឺជាលើកទី ១ ហើយដែលសហគ្រាសធុនតូច និងមធ្យមចំនួន ២៥ ពីវិស័យសាកវប្បកម្មនៅកម្ពុជានឹងបង្ហាញផលិតផល និងសមត្ថភាពរបស់ខ្លួន ដល់បណ្តាពាណិជ្ជករនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ក៏ដូចជាស្វែងរកឱកាសនាំចេញទៅកាន់តំបន់នោះផងដែរ។ លោកបន្ថែមថា៖ «ដោយមានការយល់ដឹងកាន់តែច្រើនពីតម្រូវការទីផ្សារអន្តរជាតិ ទើបបណ្តាលឱ្យមានក្រុមហ៊ុនកម្ពុជាជាច្រើនបានអនុវត្តស្តង់ដាថ្មីទៅលើគុណភាពផលិតផល និងសុវត្ថិភាពសម្រាប់អតិថិជន និងកំពុងកសាងសមត្ថភាពថ្មីបន្ថែមទៀតទៅលើផ្នែកការងារនាំចេញនៅក្នុងអង្គភាពរបស់ពួកគេ»។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានលើកឡើងក្នុងពិធីបើកសម្ពោធជាផ្លូវការកម្មវិធី «បេសកកម្មនាំចេញម្រេចទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»ថា លោកសូមអបអរសាទរចំពោះសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលបានអភិវឌ្ឍខ្លួនប្រកបដោយមោទនភាពក្នុងការផ្តួចផ្តើមជំរុញការនាំចេញផលិតផលដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ស្របតាមបរិបទឧស្សាហកម្មជំនាន់ទី ៤ ដែលពិភពលោកកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ក្នុងពិព័រណ៍នេះនឹងបង្កើតបាននូវក្តីសង្ឃឹមមួយដែលនឹងជួយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះម្រេចកម្ពុជាលើឆាកអន្តរជាតិបន្ថែមទៀត និងជាស្ពានតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មលើផលិតផលម្រេច និងគ្រឿងទេស រវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងផងដែរ»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Richfarm Asia Co., Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង ២៥ បាននិយាយថា ក្រុមហ៊ុនលោកផ្តោតលើការដាំដំណាំផ្លែឈើហូបផ្លែ និងផលិតផលកសិកម្មកែច្នៃដើម្បីធ្វើការនាំចេញ ដោយកន្លងមកក្រុមហ៊ុនរបស់លោកធ្លាប់បានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនរួចមកហើយ។ សម្រាប់ការបើកទីផ្សារថ្មី MENA គឺវាពិតជាមានសារៈសំខាន់ណាស់ ឬអាចនិយាយបានថា ជាទីផ្សារអ្នកមាន ឬ Unique Market៕ LA