ភ្នំពេញៈ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ត្រឹម​ ១,៩ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ដែល​បណ្តាល​មកពី​ការអូសបន្លាយ​ពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ត្រូវ​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅ​កម្រិត ៥,៥ ភាគរយ​សម្រាប់​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ការធ្វើ​បច្ចុប្បន្នភាព​ថ្មី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​ដែល​ចេញផ្សាយ​នា​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១​។

លោកស្រី Sunniya Durrani-Jamal តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា​ បានឱ្យដឹងថា ជំងឺ​រាតត្បាត​ដែល​អូស​បន្លាយពេល​យូរ បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេវាកម្ម និង​តម្រូវការ​ក្នុងស្រុក​។ ការបិទខ្ទប់ និង​ការផ្អាក​ដំណើរការ​រោងចក្រ​បណ្តោះអាសន្ន​បាន​ប៉ះពាល់​ដល់​ផលិតកម្ម​ក្នុង​វិស័យ​កាត់ដេរ ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង​កាលពីដើម​ឆ្នាំនេះ​។

លោកស្រី​និយាយថា​៖ «​ដោយ​ផ្អែកលើ​ចំណុច​នេះ យើង​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹងមាន​ត្រឹម ១,៩ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ទាប​ជាង​ការព្យាករ ៤,០ ​ភាគរយ​កាលពី​ខែមេសា​»​។

យោងតាម​ការធ្វើ​បច្ចុប្បន្នភាព​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ​ ២០២១ វិស័យ​កសិកម្ម ត្រូវ​រំពឹងថា​នឹង​កើនឡើង ១,៥ ​ភាគរយ​។ ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុងប្រទេស​បាន​រំខាន​ដល់​ចង្វាក់​ផ្គត់ផ្គង់​វិស័យ​កសិកម្ម ប៉ុន្តែ​ផលប៉ះពាល់​ជាទូទៅ​មាន​កម្រិត​។

ការនាំចេញ​ក្នុង​វិស័យ​កសិកម្ម កើន ៣០,៣​ភាគរយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ជាមួយ​នឹង​កំណើន​ដ៏រឹងមាំ​នៃ​ការនាំចេញ​កសិផល​ក្រៅពី​អង្ករ​។

តម្រូវការ​ក្នុងស្រុក​សម្រាប់​ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និង​សេវាកម្ម​បម្រើ​ផ្ទាល់​ផ្សេងទៀត​ត្រូវបាន​ប៉ះពាល់​យ៉ាងខ្លាំង​ ដោយសារ​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការបិទខ្ទប់​។ ការរឹតបន្តឹង​លើ​ការធ្វើដំណើរ​អន្តរជាតិ​នៅតែមាន ហើយ​ការមកដល់​នៃ​ភ្ញៀវ​អន្តរជាតិ​បាន​ធ្លាក់ចុះ ៩១,៣ ​ភាគរយ​ក្នុង​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២១ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កំណើន​វិស័យ​សេវាកម្ម​ត្រូវបាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះ ០,៦ ​ភាគរយ​។

ការនាំចេញ​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មាន​កម្រិត​ទាប​ជាង​ពេលមុន​មាន​ជំងឺ​រាតត្បាត ទោះ​វា​មាន​កម្រិត​ខ្ពស់ជាង​ឆ្នាំ​ ២០២០ ក៏ដោយ​។ ផលិតកម្ម​ផ្សេងៗ​ទៀត​បាន​បន្ត​លូតលាស់ ហើយ​សកម្មភាព​សំណង់​បានចាប់ផ្តើម​ងើបឡើង​វិញ​ជាមួយនឹង​ការនាំចូល​សម្ភារ​សំណង់​កើន ២៣,៥ ​ភាគរយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១​។ ​កំណើន​វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​នៅ​កម្រិត ៥,៣ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ដោយ​អាស្រ័យ​នឹង​លទ្ធភាព​ក្នុង​ការបង្កើន​ការនាំចេញ​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ​ស្បែកជើង និង​ការបន្ត​ភាពរឹងមាំ​ក្នុង​វិស័យ​កម្មន្តសាល​ផ្សេងទៀត​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារលិខិត​នាឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ថា ទោះបី​កម្ពុជា​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ​ ១៩ ប៉ុន្តែ​អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​ ២០២១ រំពឹងថា​នឹង​អាច​ងើប​ឡើងវិញ​នៅក្នុង​រង្វង់ ២,៥ ​ភាគរយ​បន្ទាប់ពី​ធ្លាក់ចុះ​ដក ១,៩ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។

ADB បានឱ្យដឹងថា រដ្ឋាភិបាល​បាន​ចាត់វិធានការ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ទៅលើ​សេដ្ឋកិច្ច និង​សង្គម​។ វិធានការ​ទាំងនោះ​រួមមាន ការផ្តល់​វ៉ាក់សាំង និង​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ (​ឥតគិតថ្លៃ​) ការជួយឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ និង​កម្មវិធី​រៀបចំ​កម្ចី​ឡើងវិញ​៕LA