ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងប្រៃសណីយ៍កម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាលើភាពជាដៃគូ ដើម្បីតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងពង្រឹងសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជាសម្រាប់ប្រតិបត្តិការនៅលើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនអតិថិជនដែលបានទិញទំនិញតាមរយៈផ្សារអនឡាញ។
ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីលោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃអង្គារទី ២១ ខែ កញ្ញា ឆ្នាំ ២០២១។
ក្រសួងពាណិជ្ជកម្មជាថ្មីម្តងទៀតតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់របស់ធនាគារវីងជាមួយនឹងផ្សារអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្មមានឈ្មោះថា «Cambodiatrade.com» ដើម្បីជួយសម្រួលដល់ការទូទាត់ប្រាក់តាមបែបឌីជីថល ដែលនឹងផ្តល់ភាពងាយស្រួលជូនអាជីវករ សហគ្រាសធុនតូច និងមធ្យម និងអតិថិជនក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏ពេញនិយម។
លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាននិយាយថា វត្តមានរបស់ប្រៃសណីយ៍កម្ពុជានៅលើផ្សារខេមបូឌាត្រេដពិតជាមានសារៈសំខាន់ណាស់ក្នុងការបែងចែក និងដឹកជញ្ជូនទំនិញនៅក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកទាំងក្នុងស្រុក និងអន្តរជាតិ។
លោក បូរ៉ា បានថ្លែងថា៖ «ការសហការគ្នាក្នុងបរិបទឌីជីថលូបនីយកម្មថ្មីនេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមបែបបច្ចេកវិទ្យាថ្មីពិតជារួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសក្នុងអំឡុងពេលនៃជំងឺកូវីដ ១៩ ដើម្បីជាចលករ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច»។
ក្រសួងពាណិជ្ជកម្មកាលពីចុងខែសីហាបានដាក់ដំណើរការសាកល្បងផ្សារអេឡិចត្រូនិក «ខេមបូឌាត្រេដ» ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាអាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យារួមមួយ (មានទាំង ប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធដឹកជញ្ជូន) ក្នុងការនាំចេញផលិតផលកម្ពុជា និងពង្រីកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
ក្រសួងពាណិជ្ជកម្មគ្រោងរៀបចំពិធីសម្ពោធជាផ្លូវការផ្សារអេឡិចត្រូនិកខេមបូឌាត្រេដក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងថា៖ «ការបង្កើត CambodiaTrade គឺស្របនឹងបរិបទប្រទេសកម្ពុជាជាមួយការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ យើងពឹងផ្អែកលើការនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេសតាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយដៃគូពាណិជ្ជកម្ម។ ការនាំចេញទាំងអស់នោះមានតម្លៃប្រមាណ ៥៥ ភាគរយនៃ GDP របស់កម្ពុជា»៕ LA
វីដេអូ៖