ភ្នំពេញៈ ផលិតផលគ្រំចំពុះទា អាហារសមុទ្រមកពីសហគមន៍ខេត្តកោះកុង ដែលមានវត្តមាននៅផ្សារម៉ាក្រូខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាផ្នែកមួយនៃការចូលរួមគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រំចំពុះទា នៅផ្សារម៉ាក្រូកាលពីថ្ងៃទី ២២ ខែ កញ្ញាថា នេះគឺជាជំហានថ្មីមួយសម្រាប់ពង្រីកទីផ្សារគ្រំចំពុះទាលើទីផ្សារក្នុងស្រុក និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង។
លោកថ្លែងថា៖ «គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសម្បូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូបនៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅទីផ្សារទំនើបម៉ាក្រូដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ»។
លោកបន្ថែមថា នេះគឺជាផ្នែកមួយនៃការចូលរួមរកទីផ្សារជូនផលិតផលក្នុងស្រុក និងក៏ជាផ្នែកមួយនៃការចូលរួមអភិរក្សសមុទ្រជាពិសេសចូលរួមក្នុងការការពារព្រៃកោងកាងនៅក្នុងតំបន់ខេត្តកោះកុងដែលជាប្រភពសុវត្ថិភាពស្បៀងដ៏សំខាន់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
ស្ថិតនៅក្រោមកិច្ចសហការរបស់គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) នៃក្រសួងបរិស្ថាន សហការជាមួយផ្សារម៉ាក្រូនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាបបានរៀបចំបើកលក់ផលិតផលគ្រំចំពុះទាកោះកុងក្នុងតម្លៃពិសេសចាប់ពីថ្ងៃទី ២២ ខែកញ្ញា ដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។
សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុងអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់ទីផ្សារបានប្រមាណ ៣ ២១០ តោនក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ឬក៏អាចពន្យារពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។
កញ្ញា ផល ចរិយា នាយិកាប្រតិបត្តិផ្សារស្នាដៃម៉ែបានឱ្យដឹងថា កន្លងមកទីផ្សារគ្រំចំពុះទាមិនទាន់ទូលំទូលាយទេ ដូចនេះការតាំងលក់នៅផ្សារម៉ាក្រូនឹងជួយជំរុញផលិតផលនេះកាន់តែបើកទីផ្សារបន្ថែមទៀត។ កញ្ញាបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា ពលរដ្ឋខ្មែរនឹងជួយគាំទ្រឱ្យបានផុលផុស ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ហើយក៏ជួយដល់ជីវភាពប្រជាសហគមន៍ដែលជាអ្នកផលិតគ្រំប្រភេទនេះ»។
លោក ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា ខេត្តកោះកុងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍខ្សែចង្វាក់តម្លៃគ្រំចំពុះទា។ បច្ចុប្បន្ននេះគម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) កំពុងគាំទ្រដើម្បីផ្សព្វផ្សាយ និងបង្កើតទីផ្សារក្នុងស្រុកជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។
លោកប្រាប់ថា៖ «ដើម្បីសម្រេចបានបំណងទាំងនេះ CSLEP និងចូលរួមជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនានា លើសកម្មភាពសេដ្ឋកិច្ចដែលមានមេត្រីភាពជាមួយការអភិរក្ស។ ការរៀបចំគោលនយោបាយការនាំចេញផលិតផលគ្រំចំពុះទា ក៏ជាអាទិភាពសម្រាប់គម្រោង CSLEP ដើម្បីកែលម្អស្ថានភាពទីផ្សារក្រៅប្រទេស។ គម្រោងនេះបានសហការជាមួយក្រុមហ៊ុនស្នាដៃម៉ែ និងក្រុមហ៊ុនម៉ាក្រូកម្ពុជា ដើម្បីរៀបចំដំណើរការកែច្នៃផលិតផលប្រកបដោយគុណភាព និងអនាម័យ សម្រាប់ផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជា»៕ LA