ភ្នំពេញៈ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ទាញយក​រ៉ែ​មាស​ប្រមាណ ៥២២ ​គីឡូក្រាម​ពី​គម្រោង​វិនិយោគ​របស់ខ្លួន​នៅ​តំបន់​អូរខ្វាវ​នៃ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ការចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែមិថុនា ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ក្រសួង​រ៉ែ និង​ថាមពល​។

Renaissance Minerals (Cambodia) Ltd គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​អូស្ដ្រាលី Emerald Resources NL​។ Renaissance Minerals បានចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​របស់ខ្លួន​ដែលមាន​តម្លៃ ១២០ ​លាន​ដុល្លារ នៅ​តំបន់​អូរខ្វាវ​នៃ​ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២១​។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នា​ថ្ងៃទី​ ២៦ ខែកញ្ញា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិតពី​ពេល​បើក​ដំណើរ​ផ្លូវការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​របស់ខ្លួន​នៅ​តំបន់​អូរខ្វាវ មកដល់​ថ្ងៃទី​ ២៣ ខែកញ្ញា ក្រុមហ៊ុន​នេះ​ចម្រាញ់​រ៉ែ​មាស​បាន ៤៦ ​ដុំ ស្មើនឹង​ប្រមាណ ៥២២ ​គីឡូក្រាម​មកហើយ​។

លោក​ប្រាប់ទៀតថា ក្នុងនោះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គឺ​ក្រុមហ៊ុន​មួយ​នេះ​បាន​បំពេញបែបបទ​តាម​នីតិវិធី​គយ និង​បាន​នាំចេញ​ដុំ​មាស ៧ ​លើក​រួចមកហើយ ដែល​ស្មើនឹង​ប្រមាណ ២៤៧ ​គីឡូក្រាម ដើម្បី​យកទៅ​បន្សុទ្ធ​ជា​មាស​ទឹក ៩៩,៩៩ ​ភាគរយ​នៅក្នុង​ប្រទេស​អូស្ត្រាលី​។

លោក​បន្ថែមទៀតថា ការសម្រេច​បាន​លទ្ធផល​ជា​វិជ្ជមាន​នៃ​គម្រោង​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​អូរខ្វាវ​របស់ Renaissance Minerals គឺជា​មោទនភាព​មួយ​នៃ​កិច្ចខិតខំ​របស់​ក្រសួង​រ៉ែ និង​ថាមពល និង​ផ្នែក​ពាក់ព័ន្ធ​ក៏ដូចជា​រាជរដ្ឋាភិបាល ព្រមទាំង​ក្រុមហ៊ុន​វិនិយោគ​។ ភាពជោគជ័យ​នេះ គឺជា​សក្តានុពល​មួយ​បន្ថែមទៀត​របស់​វិស័យ​ធនធាន​រ៉ែ​នៅ​កម្ពុជា ដែលជា​ប្រទេសមួយ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា «​ដែនដី​សុវណ្ណភូមិ​»​។

លោក​ថ្លែងថា​៖ «​យើង​រំពឹងថា នឹងមាន​ក្រុមហ៊ុន​កាន់តែច្រើន​ចូលមក​សិក្សា និង​វិនិយោគ​ក្នុង​វិស័យ​ធនធាន​រ៉ែ​នៅ​កម្ពុជា ដែល​នឹង​នាំឱ្យ​កម្ពុជា​បានទទួល​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​បង្កើត​ឱកាស​ការងារ​ថ្មីៗ​»​។

លោក​អះអាងថា កម្ពុជា​ស្វាគមន៍​រាល់​វិនិយោគិន ឬ​ក្រុមហ៊ុន​ដែលមាន​បំណង​ចូលមក​ធ្វើការ​សិក្សា និង​រុករក​រ៉ែ​គ្រប់​ប្រភេទ ដើម្បី​ឈាន​ឆ្ពោះទៅ​ការវិនិយោគ​ជា​លក្ខណៈ​ឧស្សាហកម្ម​។

ទោះបីយ៉ាងណា លោក​បញ្ជាក់ថា​៖ «​រាល់​ការវិនិយោគ​អាច​ប្រព្រឹត្ត​ទៅ​បាន លុះត្រាតែ​ការវិនិយោគ​ទាំងអស់នោះ​ធ្វើឡើង​ស្របច្បាប់ និង​មាន​ការសិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន​ (EIA) និង​សេដ្ឋកិច្ច​/​សង្គម ឱ្យ​ច្បាស់លាស់​ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​មួយ​ប្រកប​ដោយ​ចីរភាព​»​។

ទាក់ទង​តម្លៃ​មាស​នៅ​ទីផ្សារ​អន្តរជាតិ​លោក ឌីប៉ូឡា ប្រាប់ថា ដោយសារ​ផ្សារហ៊ុន​អន្តរជាតិ​ធំៗ​បិទទ្វារ​នៅ​ថ្ងៃអាទិត្យ ហេតុនេះ​លោក​មិនមាន​ទិន្នន័យ​តម្លៃ​មាស​ជាក់លាក់​ទេ ប៉ុន្តែ​កាលពី​ថ្ងៃ​ ២៥ ខែកញ្ញា នៅលើ​ទីផ្សារ​អន្តរជាតិ មាស មាន​តម្លៃ ១៧៥០,៨៧ ​ដុល្លារ​ក្នុង​ ១ ​អោនស៍​ (៨,៣ ​ជី​)​។ ចំណែក​តម្លៃ​មាស​នៅ​ទីផ្សារ​កម្ពុជា គឺ​ប្រែប្រួល​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បានឱ្យដឹងថា ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ​មាន​សមត្ថភាព​ជីក​យក​រ៉ែ​បាន​ប្រមាណ​ជិត ២ ​លាន​តោន​ក្នុង ១ ​ឆ្នាំ និង​អាច​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត ៩០ ​ភាគរយ​ (Gold Dore Bars) ប្រមាណ ៣ ​តោន​ក្នុង ១ ​ឆ្នាំ​សម្រាប់​រយៈពេល​ប៉ាន់ស្មាន​ដំបូង​ចំនួន ៨ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​សមិទ្ធផល​នេះ​បាន​នាំមក​នូវ​រំហូរ​ទុនវិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា ការបង្កើត​ឱកាស​ការងារ និង​សេដ្ឋកិច្ច ការពង្រីក​នូវ​ពិពិធកម្ម​ខឿន​ឧស្សាហកម្ម​ក្នុងស្រុក និង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម​ផ្សេងៗ​ទៀត​ជាច្រើន សម្រាប់​ប្រទេស​កម្ពុជា​»​។

កាលពី​ថ្ងៃទី​ ១០ ខែមិថុនា ឆ្នាំនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ការដាក់ឱ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​របស់ Renaissance Minerals ធ្វើឡើង​បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ​អស់ ១៤ ​ឆ្នាំ​។

បច្ចុប្បន្ន Renaissance Minerals កំពុងមាន​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​លើ​ផ្ទៃដី​សរុប ១ ២២៧,១៦ ​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ខេត្តមណ្ឌលគិរី ក្រចេះ និង​ត្បូងឃ្មុំ​។ នេះ​បើតាម​លោក ឌីប៉ូឡា​៕ LA

វីដេអូ៖