ភ្នំពេញៈ ស្របពេលប្រទេសកម្ពុជាគ្រោងបើកវិស័យទេសចរណ៍ឡើងវិញក្នុងពេលឆាប់ៗក្រុមហ៊ុន Pan Pacific Hotels Group(PPHG) ដែលជាសមាជិករបស់ UOL Group Ltd ជាក្រុមហ៊ុនចុះបញ្ជីនៅប្រទេសសិង្ហបុរី បានបង្ហាញពីផែនការផ្តើមអភិវឌ្ឍន៍សណ្ឋាគារចំនួន ២ នៅប្រទេសកម្ពុជា គឺនៅរាជធានីភ្នំពេញ និងក្រុងសៀមរាប។
ក្រុមហ៊ុន PPHG បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី ២២ ខែកញ្ញាថា៖ «សណ្ឋាគារ Pan Pacific Phnom Penh ដែលមាន ២១២ បន្ទប់ នឹងមានទីតាំងនៅបណ្ដោយមហាវិថីព្រះនរោត្តម ខណៈសណ្ឋាគារ Park Royal Siem Reap នឹងមាន ១៣០ បន្ទប់ ដោយគ្រាន់តែធ្វើដំណើរតាមរថយន្ត ១០ នាទីប៉ុណ្ណោះពីប្រាសាទអង្គរវត្ត»។
សណ្ឋាគារទាំង ២ នេះក្នុងចំណោមអចលនទ្រព្យថ្មីចំនួន ១៣ ក្នុងផែនការរហូតដល់ឆ្នាំ ២០២៤ ដែលត្រូវបានប្រកាសដោយក្រុមហ៊ុនបដិសណ្ឋារកិច្ចមួយនេះនៅទីក្រុងសំខាន់ៗចំនួន ១០ ដូចជាទីក្រុងឡុងដ៍ គូឡាឡាំពួរ ហ្សាការតា ដាលៀន និងហាណូយ ជាដើម។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានស្វាគមន៍ចំពោះយីហោសណ្ឋាគារលំដាប់ពិភពលោកនេះចូលមកកម្ពុជា ព្រោះវាឆ្លុះបញ្ចាំងពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគធំៗបែបនោះ។
លោកថ្លែងថា៖ «នេះជាព័ត៌មានដ៏ល្អ ខណៈកម្ពុជាត្រូវការយីហោល្បីៗលើពិភពលោកកាន់តែច្រើន មិនត្រឹមតែសណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភោជនីយដ្ឋាន ផ្សារទំនើបដើម្បីកែលម្អវិស័យទេសចរណ៍»។
លោកបានបន្តថា៖ «ខ្ញុំអាចមើលឃើញថាវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ពួកគេក្នុងការវិនិយោគ។ ដូច្នេះការសម្រេចចិត្តរបស់ PAN Pacific ដែលនឹងចាប់ផ្តើមជាផ្លូវការក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខនេះ គឺជាពេលដ៏ត្រឹមត្រូវដែលឧស្សាហកម្មទេសចរណ៍នឹងងើបចេញពីផលប៉ះពាល់ជំងឺកូវីដ ១៩»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងកាលពីថ្ងៃទី ១៧ ខែកញ្ញាថា កម្ពុជានឹងបន្ធូរបន្ថយវិធានការធ្វើចត្តាឡីស័ក ដើម្បីជួយសម្រួលដល់ដំណើរការបើកវិស័យទេសចរណ៍ឡើងវិញដោយរលូន។
លោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញផែនការ ដូចដែលបានអនុវត្តនៅក្នុងប្រទេសថៃ និងវៀតណាមដែលភ្ញៀវទេសចរត្រូវចំណាយពេល ៧ ថ្ងៃដំបូងនៃការធ្វើដំណើររបស់ពួកគេនៅទីកន្លែងដែលគេស្នាក់នៅ។
បើយោងតាមទិន្នន័យបានពីសមាគមទីភ្នាក់ងារទេសចរណ៍-កម្ពុជា (CATA) ជំងឺកូវីដ ១៩ បាននាំឱ្យមានការបិទ ឬផ្អាកអាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍ប្រមាណ ៣ ០០០ កន្លែងដែលបង្ខំឱ្យកម្មករប្រមាណ ៦ ម៉ឺននាក់ត្រូវបានជំរុញឱ្យឈប់ពីការងារ។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២ ៥៦០ នាក់ ធ្លាក់ចុះ ៩១,៣ ភាគរយបើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០៕ LA