និយតករមូលបត្រកម្ពុជា (ន.ម.ក.) គឺជាអាជ្ញាធរគ្រប់គ្រង និងត្រួតពិនិត្យក្នុងវិស័យមូលបត្រ ដែលត្រូវបានបង្កើតឡើងអនុលោមតាមព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០០៩ ដែលប្រកាសឱ្យប្រើដោយច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។
ស្របតាមចក្ខុវិស័យដ៏មុតស្រួច និងស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១១-២០២០ គោលការណ៍របស់អង្គការគណៈកម្មការមូលបត្រអន្តរជាតិ (IOSCO) និងផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community Blueprint) ន.ម.ក. បានបង្កើតឱ្យមានមជ្ឈមណ្ឌលដោះស្រាយវិវាទក្នុងវិស័យមូលបត្រដែលជាការិយាល័យទទួលបន្ទុកដោះស្រាយវិវាទនៃនាយកដ្ឋានកិច្ចការគតិយុត្តនៃ ន.ម.ក. ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារមូលបត្រតាមរយៈការទទួលពាក្យបណ្តឹងពីអ្នកចូលរួមក្នុងទីផ្សារមូលបត្រ និងដោះស្រាយវិវាទក្នុងទិសដៅរក្សានូវទំនុកចិត្ត និងគាំពារអ្នកចូលរួមក្នុងទីផ្សារមូលបត្រ ជាពិសេសវិនិយោគិនសាធារណៈ។
១. អ្វីទៅជាវិវាទក្នុងវិស័យមូលបត្រ?
វិវាទក្នុងវិស័យមូលបត្រ គឺសំដៅដល់គ្រប់ការទាមទារ ជម្លោះ ឬទំនាស់ពាក់ព័ន្ធនឹងមូលបត្រ ឬការផ្តល់សេវាក្នុងវិស័យមូលបត្រ។ វិវាទអាចកើតឡើងរវាងវិនិយោគិនដែលជាអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនមូលបត្រ ឬរវាងវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយ ដែលវិនិយោគិនរូបនោះបានវិនិយោគជាមួយ ។ល។
២. ការផ្សះផ្សា (Mediation)
ការផ្សះផ្សាវិវាទ ជាដំណើរការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានការចូលរួមពីភាគីទីបី គឺអ្នកផ្សះផ្សា ដែលជាមន្ត្រីរបស់ ន.ម.ក. ត្រូវចាត់តាំងដោយអគ្គនាយកនៃ ន.ម.ក. តាមសំណើរបស់ប្រធានការិយាល័យទទួលបន្ទុកដោះស្រាយវិវាទ ដើម្បីសម្របសម្រួល បង្កភាពងាយស្រួលដល់ភាគីជម្លោះក្នុងការចរចាដោយសន្តិវិធី បង្កើតជម្រើស លើកទឹកចិត្ត និងជំរុញភាគីជម្លោះឈានដល់ការព្រមព្រៀងគ្នាតាមដែលអាចធ្វើទៅបាន។
ភាគីជម្លោះដែលមានវិវាទនៅក្នុងវិស័យមូលបត្រអាចដាក់ពាក្យបណ្តឹង សុំការផ្សះផ្សាវិវាទជូន ន.ម.ក. ដើម្បីធ្វើការផ្សះផ្សា ដែលដំណើរការផ្សះផ្សាវិវាទប្រព្រឹត្តទៅដោយសម្ងាត់ ក្រោមការសម្របសម្រួលរបស់អ្នកផ្សះផ្សា។ ពាក្យបណ្តឹងត្រូវបានបដិសេធមិនទទួលយកមកធ្វើការផ្សះផ្សាជូនទេ ករណីដែលកម្មវត្ថុនៃពាក្យបណ្តឹងមិនពាក់ព័ន្ធនឹងវិវាទក្នុងវិស័យមូលបត្រ ពាក្យបណ្តឹងដែលមានព័ត៌មានមិនគ្រប់គ្រាន់ ឬមិនសមស្រប ពាក្យបណ្តឹងដែលអ្នកប្តឹងគ្មានសមត្ថភាព ឬមិនមានផលប្រយោជន៍ក្នុងវិវាទ ពាក្យបណ្តឹងដែលពាក់ព័ន្ធបទល្មើស ពាក្យបណ្តឹងដែលកំពុង ឬត្រូវបានដោះស្រាយដោយមជ្ឈត្តការ ឬតុលាការ សិទ្ធិប្តឹងត្រូវបានរលត់ដោយផុតអាជ្ញាយុកាល។
ករណីដែលពាក្យបណ្តឹងសុំការផ្សះផ្សាត្រូវបានបំពេញត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌដែលបាន កំណត់ ភាគីជម្លោះត្រូវចុះកិច្ចព្រមព្រៀងផ្សះផ្សាវិវាទទៅតាមទម្រង់ដែលកំណត់ដោយអគ្គនាយកនៃ ន.ម.ក. និងបង់កម្រៃសេវារដ្ឋបាល សេវាសម្រាប់អ្នកផ្សះផ្សា ព្រមទាំងដាក់ប្រាក់តម្កល់សម្រាប់ទូទាត់សោហ៊ុយចំណាយផ្សេងៗនៅក្នុងដំណើរការផ្សះផ្សា។
អ្នកផ្សះផ្សា ត្រូវអញ្ជើញភាគីជម្លោះទាំងអស់ឱ្យចូលរួមដំណើរការផ្សះផ្សាតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ដោយអ្នកផ្សះផ្សា។ ករណីដែលភាគីជម្លោះមិនបានចូលរួមក្នុងដំណើរការផ្សះផ្សាតាមការអញ្ជើញទេ អ្នកផ្សះផ្សាត្រូវអញ្ជើញជាលើកទី ២ និងបន្តបន្ទាប់តាមការចាំបាច់។ ករណីដែលភាគីជម្លោះណាមួយមិនមកបង្ហាញខ្លួនចំនួន ២ លើកជាប់ៗគ្នានៅក្នុងដំណើរការផ្សះផ្សា ដោយគ្មានមូលហេតុសមរម្យ ការផ្សះផ្សាអាចត្រូវបានចាត់ទុកថាមិនសះជា។ ដំណើរការផ្សះផ្សាត្រូវបញ្ចប់ក្នុងរយៈពេល ៩០ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកផ្សះផ្សាត្រូវបានចាត់តាំងដោយអគ្គនាយកនៃ ន.ម.ក.។
លទ្ធផលនៃការផ្សះផ្សាអាចសះជា ឬមិនសះជា។ ករណីដែលការផ្សះផ្សាសះជាភាគីជម្លោះត្រូវចុះកិច្ចព្រមព្រៀងសះជា ហើយការព្រមព្រៀងនៅចំពោះមុខអ្នកផ្សះផ្សាជាការព្រមព្រៀង ដែលមានអានុភាពអនុវត្តន៍។
ចំពោះចំណុចនៃវិវាទដែលភាគីជម្លោះមិនបានព្រមព្រៀងគ្នា ត្រូវចាត់ទុកថាមិនសះជា។ អ្នកផ្សះផ្សាត្រូវរៀបចំធ្វើកំណត់ហេតុមិនសះជា ដោយបញ្ជាក់ពីចំណុចមិនសះជា មូលហេតុ និងព័ត៌មានចាំបាច់ផ្សេងទៀត។
ករណីដែលភាគីជម្លោះមិនសះជាក្នុងការផ្សះផ្សា តើភាគីជម្លោះអាចស្វែងរកយន្តការដោះស្រាយវិវាទណាបន្តទៀត?
ភាគីជម្លោះដែលមិនសះជាក្នុងការផ្សះផ្សា អាចដាក់ពាក្យបណ្តឹងសុំការដោះស្រាយវិវាទ (Adjudication) ជូន ន.ម.ក. វេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច ចំពោះចំណុចមិនសះជា ដែលអាជ្ញាយុកាលនៃបណ្តឹងនេះមានរយៈពេល ៩០ ថ្ងៃ គិតពីថ្ងៃភាគីជម្លោះទទួលបានកំណត់ ហេតុមិនសះជា ពុំនោះទេសិទ្ធិប្តឹងនេះនឹងត្រូវបាត់បង់៕
រៀបរៀងដោយ៖ និយតករមូលបត្រកម្ពុជា នាយកដ្ឋានកិច្ចការគតិយុត្ដ
អ៊ីមែល៖ Legal@secc.gov.kh /ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១