កែបៈ គម្រោងវិនិយោគតម្លៃ ១៣០ លានដុល្លារ លើផ្ទៃដី ១៤៤ ហិកតានៅកោះទន្សាយរបស់ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសត ឯ.ក បានធ្វើពិធីក្រុងពាលី ដើម្បីចាប់ផ្តើមដំណើរការសាងសង់ហើយកាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១។
កោះទន្សាយមានទីតាំងនៅប៉ែកអាគ្នេយ៍ទីក្រុងកែប ដោយមានចម្ងាយប្រហែល ៤,៥ គីឡូម៉ែត្រ។ កោះទន្សាយដែលមានផ្ទៃដីសរុប ១៨៤ ហិកតា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្អប្រណីត ដោយមានឆ្នេរខ្សាច់សពីធម្មជាតិ និងខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ ជាច្រើន។
លោក វ៉ៅ សុខា អភិបាលរងខេត្តកែប ដែលបានដឹកនាំក្រុមការងារ និងតំណាងក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសតទៅពិនិត្យទីតាំងផ្ទាល់កាលពីសប្តាហ៍មុន បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី ២៧ ខែកញ្ញា ថាក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសតទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលលើផ្ទៃដីជាង ១០០ ហិកតានៅកោះទន្សាយ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងជញ្ជូនគ្រឿងចក្រជាបណ្តើរៗទៅកាន់កោះ។ លោកបន្តថា គម្រោងនេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកមុខមាត់ខេត្តកែប ព្រោះតាមផែនការ ក្រុមហ៊ុននឹងរៀបចំការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅលើកោះមានដូចជា ផ្លូវថ្នល់ជុំវិញកោះ តំបន់ឆ្នេរ សណ្ឋាគារផ្កាយ ៥ បាងហ្គាឡូ ភូមិរមណីយដ្ឋានទេសចរណ៍ និងទីកន្លែងសម្រាប់លេងកីឡាតាមមាត់ឆ្នេរ ជាដើម។
លោកប្រាប់ថា៖ «គម្រោងនេះនឹងរួមចំណែកច្រើនក្នុងការលើកកម្ពស់មុខមាត់ ក៏ដូចជាកំណើនសេដ្ឋកិច្ចនៅខេត្តកែប តាមរយៈការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យធ្វើដំណើរមកទីនេះ ដែលជាទីតាំងទេសចរណ៍មាត់សមុទ្រមួយដ៏ស្រស់បំព្រង និងមានសក្តានុពលលើគ្រប់វិស័យ»។
លោកប្រាប់ទៀតថា បើតាមតំណាងក្រុមហ៊ុន ការវិនិយោគគម្រោងនេះនឹងត្រូវចំណាយ ១៣០ លានដុល្លារ ខណៈរយៈពេលសាងសង់មិនត្រូវបានប្រាប់ឱ្យដឹងនោះទេ។
បើតាមលោក សុខា កោះទន្សាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ ប៉ុន្តែបច្ចុប្បន្ននៅលើកោះមិនទាន់មានប្រព័ន្ធទឹកស្អាត ភ្លើងអគ្គិសនីប្រើនៅឡើយទេ។ កន្លងមក រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រគល់សិទ្ធិឱ្យក្រុមហ៊ុនវិនិយោគចំនួន ២ រួចមកហើយ ដើម្បីអភិវឌ្ឍ (តាំងពីឆ្នាំ ២០០៩) ប៉ុន្តែក្រុមហ៊ុនទាំងនោះមិនបានធ្វើសកម្មភាពអ្វីទាល់តែសោះ។ នៅឆ្នាំ ២០១៩ រដ្ឋាភិបាល បានសម្រេចប្រគល់សិទ្ធិឱ្យក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសត ធ្វើការវិនិយោគរយៈពេល ៥០ ឆ្នាំ។
ទាក់ទងនឹងការដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនរស់នៅទីនោះ លោក សុខា ប្រាប់ថា ក្រុមការងារបច្ចេកទេសបានចុះទៅសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនជិតរួចរាល់ហើយ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា ការអភិវឌ្ឍផលិតផល/តំបន់ទេសចរណ៍ឱ្យបានកាន់តែច្រើន គឺជាចំណុចសំខាន់ដែលទីភ្នាក់ងារទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរចង់បាន ព្រោះវាមិនត្រឹមតែធ្វើឱ្យភ្ញៀវមានជម្រើសកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមអាចធ្វើឱ្យការស្នាក់នៅរបស់ភ្ញៀវបរទេសនៅកម្ពុជាមានរយៈពេលកាន់តែយូរទៀតផង។ គម្រោងនេះនឹងអាចទាក់ទាញចំណាប់អារម្មណ៍ច្រើនសម្រាប់ភ្ញៀវទេសចរ ព្រោះទីនោះមានឆ្នេរសមុទ្រស្រស់ស្អាត និងមានធម្មជាតិស្រស់បំព្រង។
លោកស្រីបន្តថា ទោះយ៉ាងណាទន្ទឹមនឹងការអភិវឌ្ឍផលិតផល/តំបន់ទេសចរណ៍ជាបន្តបន្ទាប់នេះ គេក៏ត្រូវគិតពិចារណាពីគុណភាពនៃសេវាកម្មឱ្យមានលក្ខណៈស្តង់ដា និងការអនុវត្តច្បាប់ឱ្យបានរឹងមាំផងដែរ។
លោកស្រី ស៊ីវលីន បាននិយាយថា៖ «គម្រោងនេះនឹងរួមចំណែកបង្កើនភាពទាក់ទាញឱ្យភ្ញៀវទេសចរធ្វើដំណើរទៅកាន់តែខេត្តកែប។ តំបន់ទេសចរណ៍បែបកម្សាន្តបាតសមុទ្រកំពុងមានសម្ទុះកើនឡើងជាលំដាប់»។
បើតាមឯកសារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងគម្រោងនេះរួមមាន សណ្ឋាគារផ្កាយ ៥ ចំនួន ៥៦៨ បន្ទប់បាងហ្គាឡូ ១៦០ ខ្នង ក្យូស ៣០ ខ្នង កន្លែងសម្រាប់កីឡាជិះទូក-ម៉ូតូ កម្សាន្តក្នុងសមុទ្រ និងកំពង់ផែទេសចរណ៍ជាដើម។
តំណាងក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសត ឯ.ក បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកកាលពីសប្តាហ៍មុនថា លោក ទ្រី ភាព មានបំណងចង់អភិវឌ្ឍកោះទន្សាយឱ្យក្លាយទៅជាទីក្រុងរណបថ្មីមួយ សម្រាប់លើកស្ទួយ និងទាក់ទាញវិស័យទេសចរណ៍នៅក្នុងខេត្តកែប៕ LA
វីដេអូ៖