ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) ដែលជាធនាគារកណ្ដាលរបស់ប្រទេសកម្ពុជាបានដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកជាង $១០០ លាននៅក្នុងខែកញ្ញា សម្រាប់ក្រុមហ៊ុនប្តូរប្រាក់ និងវិស័យហិរញ្ញវត្ថុក្នុងគោលបំណងរក្សាស្ថិរភាពរូបិយប័ណ្ណប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេលនៃវិបត្តិសុខភាពឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ចឆាប់រហ័ស។
យោងតាមការសង្កេតរបស់ភ្នំពេញប៉ុស្តិ៍ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ២១ ខែកញ្ញា NBC បានប្រកាសដាក់ដេញថ្លៃចំនួន ៦ លើក គឺថ្ងៃទី ២ ខែកញ្ញា ចំនួន ២០ លានដុល្លារ ថ្ងៃទី ៦ ខែកញ្ញា ២០ លានដុល្លារ ថ្ងៃទី ៨ ខែកញ្ញា ៣០ លានដុល្លារថ្ងៃទី ១៧ ខែកញ្ញា ២០ ដុល្លារ និងថ្ងៃទី ២១ ខែកញ្ញា ៤០ លានដុល្លារ។
អគ្គនាយកធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្នុងរយៈពេល ២ ទសវត្សរ៍មកនេះ ធនាគារជាតិនៃកម្ពុជាបានរក្សាស្ថិរភាពតម្លៃប្រាក់រៀលបានយ៉ាងល្អ។ ជាលទ្ធផល ស្ថិរភាពប្រាក់រៀលបានជួយរក្សាអំណាចទិញរបស់ប្រាក់រៀល ពង្រឹងជំនឿចិត្ត ព្រមទាំងលើកទឹកចិត្តសាធារណជនឱ្យប្រើប្រាស់ និងសន្សំជាប្រាក់រៀល។
លោកស្រីពន្យល់ថា៖ «ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការរីកចម្រើនសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយចីរភាព»។
លោកស្រីបានបន្តថា ដើម្បីធានាស្ថិរភាពអត្រាប្តូរប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានតាមដានយ៉ាងហ្មត់ចត់ ហើយបានធ្វើការគ្រប់គ្រងយ៉ាងសកម្មតាមរយៈការប្រើប្រាស់មធ្យោបាយចម្បង ដូចជាការធ្វើអន្តរាគមន៍អត្រាប្តូរប្រាក់តាមរយៈការទិញ-លក់ប្រាក់រៀលដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈផ្លាតហ្វមរបស់ធនាគារជាតិនៃកម្ពុជា និងការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិក។
លោកស្រីបន្តថា ទន្ទឹមនឹងនេះ ការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុ តាមរយៈការដំឡើង ឬបន្ថយនូវទំហំប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) អត្រាលើអនុបាតប្រាក់បម្រុងកាតព្វកិច្ច និងអត្រាការប្រាក់លើមូលបត្រអាចជួញដូរបាន (NCD)។
លោកស្រីបញ្ជាក់ថា៖ «ក្នុងបរិបទបច្ចុប្បន្ន ផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ ១៩ បានបន្តដាក់សម្ពាធលើរូបិយប័ណ្ណនៃបណ្ដាប្រទេសកំពុងលូតលាស់ ក្នុងនោះក៏មានប្រាក់រៀលផងដែរ បើទោះមិនត្រូវបានរងសម្ពាធធ្ងន់ធ្ងរដូចរូបិយប័ណ្ណផ្សេងៗក៏ដោយ»។
លោកស្រីបន្តថា៖ «ការផ្លាស់ប្តូរនយោបាយសារពើពន្ធ និងរូបិយវត្ថុនៅទូទាំងសកលលោក និងកម្ពុជា ដើម្បីជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច បានជះឥទ្ធិពលដូចការរំពឹងទុកទៅលើអត្រាប្តូរប្រាក់រៀល ដែលត្រូវទាមទារឱ្យមានការគ្រប់គ្រងយ៉ាងសកម្មពីធនាគារជាតិនៃកម្ពុជា។ ដូច្នេះ ការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិក គឺជាផ្នែកមួយនៃប្រតិបត្តិការទ្រទ្រង់ស្ថិរភាពអត្រាប្តូរប្រាក់រៀល ដើម្បីរួមចំណែកក្នុងការបង្កើតបរិយាកាសសេដ្ឋកិច្ចអំណោយផលដល់ការងើបឡើងវិញឆាប់រហ័សនៃកំណើនសេដ្ឋកិច្ច»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបាននិយាយថា គោលនយោបាយអន្តរាគមន៍ដែលធ្វើឡើងដោយធនាគារជាតិបានជំរុញយ៉ាងសកម្មដល់សកម្មភាពសេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លោកថ្លែងថា៖ «វាជាព័ត៌មានដ៏ល្អ ហើយធនាគារអេស៊ីលីដាតែងតែបានចូលរួមការដេញថ្លៃនេះ។ ការដេញថ្លៃមានដំណើរការល្អណាស់ ដោយសារតែធនាគារជាតិនៃកម្ពុជាអាចអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីស្ថិរភាពប្រាក់រៀលតាមរយៈការបញ្ចេញនូវរូបិយប័ណ្ណបរទេស ដើម្បីទិញប្រាក់រៀល»។
លោកបន្ថែមថា៖ «ជាមួយនឹងប្រាក់ដុល្លារអាមេរិក ធនាគារអេស៊ីលីដា អាចបន្តផ្ដល់កម្ចីដល់សហគ្រាសដែលត្រូវការរូបិយប័ណ្ណបរទេស ជាជម្រើសរបស់ពួកគេ។ ពិតហើយ ធនាគារអាចធ្វើប្រតិបត្តិការជារូបិយប័ណ្ណជាច្រើន ទាំងប្រាក់រៀល ឬដុល្លារ។ សកម្មភាពធនាគារជាតិនៃកម្ពុជាក្នុងការដេញថ្លៃ ជួយធ្វើឱ្យសាធារណជនមានជំនឿទុកចិត្តលើប្រាក់រៀល។ ពិតហើយ វាជាផ្នែកមួយនៃស្ថិរភាពសេដ្ឋកិច្ចនៅក្នុងបរិយាកាសណាមួយ ដែលរួមទាំងវិស័យសុខាភិបាល»។
លោកស្រីថ្លែងថា៖ «នៅក្នុងបរិបទនេះ គោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជាបានសម្រេចចិត្តដាក់ឱ្យដេញថ្លៃ ១០០ លានដុល្លារនៅខែកញ្ញា ឆ្នាំ ២០២១ ក្នុងគោលបំណង ដើម្បីស្រូបយកប្រាក់រៀល ដើម្បីរក្សាអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏នឹងបន្តប្រើប្រាស់នូវគោលនយោបាយរូបិយវត្ថុដែលមានស្រាប់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរក្សាសម្ពាធបញ្ចុះតម្លៃប្រាក់រៀលក្នុងគោលបំណងរួមចំណែកយ៉ាងសកម្ម ដើម្បីលើកកម្ពស់ភាពធន់ និងដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុង និងក្រោយពេលជំងឺកូវីដ ១៩»៕ LA