ភ្នំពេញៈ កម្ពុជាទទួលបានចំណូលពីការនាំចេញកៅស៊ូ និងឈើកៅស៊ូជាង ៣២៦ លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ ។ យោងតាមអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា ចាប់ពីខែមករាដល់ខែសីហា កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូសរុប ៣២៦ ៣៣៨ ៧២៨.៨៤ ដុល្លារពីការនាំចេញជ័រកៅស៊ូចំនួន ១៩៤ ៥២៥ តោនកើន ៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងឈើកៅស៊ូ ចំនួន ៤ ៣៧៩ ម៉ែត្រគុប។
ទិន្នន័យបានបន្តថាក្នុងអំឡុងពេលនេះ តម្លៃកៅស៊ូជាមធ្យមថ្លៃ ១ ៦៧៣ ដុល្លារក្នុង ១ តោនកើន ៣៨៦ ដុល្លារក្នុង ១ តោនស្មើនឹង ៣០ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៨ កញ្ញាថា កត្តាដែលនាំឱ្យការនាំចេញកៅស៊ូកើនឡើងក្នុងអំឡុងពេលនេះ ដោយសារឧបសគ្គចំពោះការផ្គត់ផ្គង់កៅស៊ូធម្មជាតិដែលបណ្តាលមកពីជំងឺកូវីដ ១៩ មានភាពធូរស្រាលជាបណ្តើរៗ ហើយនៅតាមបណ្តាប្រទេសផលិតកៅស៊ូ រដ្ឋាភិបាលបានដកចេញវិញនូវការរឹតត្បិតប្រទេស ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
លោកបន្តថា៖ «តម្រូវការផលិតផលកៅស៊ូកើនឡើង និងបណ្តាក្រុមហ៊ុនធំៗត្រូវការប្រមូលទិញជ័រកៅស៊ូ ដើម្បីបំពេញស្តុកដូចជាក្រុមហ៊ុននៅចិនជាដើម»។
លោកបានឱ្យដឹងទៀតថា ទន្ទឹមនឹងនេះ ផ្ទៃដីប្រមូលផលឆ្នាំ ២០២១ មានការកើនឡើងប្រហែល ២១ ៨១៩ ហិកតា បើប្រៀបធៀបនឹងឆ្នាំ ២០២០។ ចំណែកតម្លៃកៅស៊ូក្នុងឆ្នាំ ២០២១មានភាពល្អប្រសើរជាងឆ្នាំមុន។
កម្ពុជានាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ប្រទេសគោលដៅ រួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន ឥណ្ឌា និងបរិមាណតិចតួច នាំចេញទៅសហភាពអឺរ៉ុប។
លោកបញ្ជាក់៖ «អគ្គនាយកដ្ឋានកៅស៊ូបន្តខិតខំជំរុញការផលិតកៅស៊ូតាមប្រភេទស្របតាមតម្រូវការទីផ្សារ និងជំរុញការផ្សព្វផ្សាយតម្លៃកៅស៊ូប្រចាំថ្ងៃដល់កសិករ និងប្រតិបត្តិករកៅស៊ូទាំងអស់ហើយជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលរវាងអ្នកផលិត និងពាណិជ្ជករកៅស៊ូបានធ្វើពាណិជ្ជកម្មជាមួយគ្នា»។
លោក ម៉ែន សុភក្តិ ប្រធានក្រុមហ៊ុនវិនិយោគ សុភក្តិនីកា ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញកៅស៊ូធ្លាប់អះអាងថា តម្លៃកៅស៊ូនៅកម្ពុជាប្រែប្រួលយ៉ាងរហ័សតាមចរន្តទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ថា៖ «កំណើនតម្លៃជ័រកៅស៊ូពេលនេះ គឺដោយសារតែការចាប់ផ្តើមបើកដំណើរការរោងចក្រឧស្សាហកម្មកាន់តែច្រើននៅប្រទេសមានសេដ្ឋកិច្ចរីកចម្រើនពិសេសប្រទេសចិន»។
បច្ចុប្បន្ននៅកម្ពុជាមានផ្ទៃដីកៅស៊ូ ៤០៤ ១៦០ ហិកតាក្នុងនោះផ្ទៃដីចៀរជ័រមាន ២៩២ ៥០០ ហិកតា ស្មើនឹង ៧២ ភាគរយ និងផ្ទៃដីថែទាំ ១១១ ៦៦០ ហិកតា៕ LA