ភ្នំពេញៈ ភាពល្អប្រសើរនៃចំនួនប្រជាជនចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ និងអនុវត្តបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងទេសចរណ៍ និងសុខាភិបាលបានធ្វើឱ្យចលនានៃការធ្វើដំណើរកម្សាន្តក្នុងស្រុកចាប់ផ្តើមមានសម្ទុះឡើងវិញជាបន្តបន្ទាប់ ជាក់ស្តែងចំនួនភ្ញៀវទេសចរដើរកម្សាន្តនាថ្ងៃចុងសប្តាហ៍ទី ៤ ខែកញ្ញា នេះកើនឡើងជិត ៣០ ភាគរយបើធៀបនឹងចុងសប្តាហ៍ទី ៣ ខែកញ្ញា។
ទិន្នន័យក្រសួងទេសចរណ៍បង្ហាញថា រយៈពេល ៣ ថ្ងៃ ចុងសប្តាហ៍ទី ៤ ខែកញ្ញា (ថ្ងៃទី ២៤-២៥-២៦) ភ្ញៀវទេសចរផ្ទៃក្នុង ដែលចេញដើរកម្សាន្តទូទាំងប្រទេសមានចំនួន ១០២ ០៦៣ នាក់ ក្នុងនោះភ្ញៀវជាតិ ១០០ ៥១២ នាក់ និងភ្ញៀវបរទេស (ផ្ទៃក្នុង) ១ ៥៥១ នាក់។ តួលេខនេះបានកើនឡើងប្រមាណ ២៩,១៦ ភាគរយបើធៀបនឹងសប្តាហ៍ទី ៣ ខែកញ្ញា។
បើតាមក្រសួងទេសចរណ៍គោលដៅទេសចរណ៍នៅក្នុងរាជធានីភ្នំពេញមានចំនួន ៣២ ៧៩៣ នាក់, កំពត ២៤ ៣២៩ នាក់, ព្រះសីហនុ ៨ ១៩៨ នាក់, កែប ៦ ៧៥០ នាក់, កំពង់ស្ពឺ ៥ ៦០៧ នាក់, តាកែវ ៤ ៥៩៨ នាក់, មណ្ឌលគិរី ៤ ២៦២ នាក់ និងខេត្តពោធិ៍សាត់ ៣ ៦៣១ នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានឱ្យដឹងថា ការកើនឡើងនៃចំនួនប្រជាពលរដ្ឋដើរកម្សាន្តនៅពេលនេះ គឺដោយសារប្រជាជនមួយចំនួនបានយកចង្ហាន់ និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃនៅតាមវត្ត រួចបន្តដំណើរដើរលេងកម្សាន្ត។ ចលនានៃការធ្វើដំណើរកម្សាន្តក្នុងស្រុកកំពុងមានសម្ទុះកើនឡើងវិញហើយ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកដោយសារការឆ្លងរាលដាលជំងឺកូវីដ ១៩។
លោកបន្តថា ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក៏បាននិងកំពុងសហការគ្នាចុះជំរុញការអនុវត្តវិធាន ៣ ការពារ ៣ កុំ សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) នៅតាមមូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសផងដែរ។
លោកថ្លែងថា៖ «នៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចូលរួមអនុវត្តកាន់តែសកម្មនូវវិធានការ «៣ កុំ និង ៣ ការពារ» ជាពិសេសបានពាក់ម៉ាស់ជាប្រចាំ និងការជ្រើសរើសដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ សហគមន៍ និងអេកូទេសចរណ៍»។
បើតាមលោក ថោង ខុន គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ មណ្ឌលគិរី និងខេត្តពោធិ៍សាត់ បានក្លាយជាគោលដៅពេញនិយមសម្រាប់ការដើរកម្សាន្តនាសប្តាហ៍កន្លងមក លើកលែងតែតំបន់សៀមរាបអង្គរ ដែលកំពុងបិទខ្ទប់។
លោក ហូ វណ្ឌី ប្រធានក្រុមហ៊ុនទេសចរណ៍ វើលដ៍អិចប្រេស បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៨ ខែកញ្ញាថា សកម្មភាពទេសចរណ៍ក្នុងស្រុកចាប់ផ្តើមមានដំណើរឡើងវិញជាលំដាប់ ពិសេសតំបន់មាត់សមុទ្រ និងធម្មជាតិ។ កំណើននេះនឹងមានសម្ទុះបន្ថែមទៀតពេលស្ថានភាពជំងឺកូវីដ ១៩ កាន់តែធូរស្រាល ហើយវិធានការដែលដាក់ចេញដោយក្រសួងទេសចរណ៍ សុខាភិបាល និងផ្នែកពាក់ព័ន្ធផ្សេងទៀតត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
លោកនិយាយថា៖ «កំណើននេះនឹងបន្តភាពរឹងមាំរបស់ខ្លួន ខណៈថ្មីៗនេះក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ដើម្បីទាក់ទាញកំណើនទេសចរប្រកបដោយបរិយាប័ន្ន»។
លោកបន្ថែមថា តំបន់ទេសចរណ៍មាត់សមុទ្រ និងអេកូទេសចរណ៍ នឹងទទួលការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ប្រជាជនក្នុងស្រុក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ដល់កុមារអាយុចាប់ពី ៦-១២ ឆ្នាំ កាលពីពេលថ្មីៗនេះបានបង្ហើបថា កម្ពុជាមានផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចឱ្យចូលមកកម្សាន្តក្នុងពេលខាងមុខឆាប់ៗ ដោយអាចចាប់ផ្តើមពីភ្ញៀវទេសចរចិន ដែលជាប្រទេសមានការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អជាងគេ៕ LA