
ផ្លែស្វាយត្រូវគេច្រកក្នុងស្បោង ក្នុងចម្ការនៅខេត្តកណ្តាល។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅទីផ្សារចិនក្នុងបរិមាណជាង ២០០ តោន គិតចាប់តាំងពីការនាំចេញត្រង់ទៅចិនផ្លូវការកាលពីខែឧសភា កន្លងទៅ ហើយរំពឹងថា ការនាំចេញនេះនឹងកើនឡើងទ្វេដងនារដូវប្រមូលផលឆ្នាំនេះដែលនឹងមកដល់នៅខែក្រោយ។
ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក កែ មុន្ធីវុធ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពុជានាំចេញផ្លែស្វាយស្រស់ត្រង់ទៅទីផ្សារប្រទេសចិន ដែលជាផ្សារធំនៅតំបន់អាស៊ី ជាលើកដំបូងកាលពីថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១ ដែលជាចុងរដូវប្រមូលផលទៅហើយ។ ការនាំចេញនៅពេលនោះមាន ២១១,៧៩ តោន។ លោកបានបន្តថា រដូវប្រមូលផលស្វាយកែវរមៀតខុសរដូវបានចូលមកដល់ជាបណ្តើរៗហើយ ខណៈរដូវប្រមូលផលពេញលេញ គឺនៅក្នុងខែតុលា និងវិច្ឆិកា។
លោកនិយាយថា៖ «នៅក្នុងខែតុលា និងវិច្ឆិកា ខាងមុខនេះ ស្វាយកែវរមៀតខុសរដូវនឹងត្រូវប្រមូលផល ហេតុនេះខ្ញុំគិតថា យើងនឹងមានកំណើននៃការនាំចេញផ្លែស្វាយស្រស់ត្រង់ទៅចិន ព្រោះយើងបានត្រៀមខ្លួនរួចហើយ។ ទោះយ៉ាងណាយើងមិនអាចវាយតម្លៃថាបានចំនួនប៉ុន្មានតោននៅឡើយទេ គឺរង់ចាំមើលទាំងអស់គ្នា»។
កម្ពុជានឹងចាប់ផ្តើមអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងនៃការនាំចេញផ្លែស្វាយស្រស់ចំនួន ៥០ ម៉ឺនតោនក្នុង ១ ឆ្នាំទៅប្រទេសចិន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពី ខែមិថុនា ឆ្នាំ ២០២០។
លោកឱ្យដឹងទៀតថា៖ «យើងនឹងធ្វើការនាំចេញផ្លែស្វាយស្រស់ទៅចិនពេញបន្ទុកនារដូវប្រមូលផលខាងមុខ។ យើងនឹងឃើញកំណើនខ្ពស់នាពេលនោះ ព្រោះយើងបានអនុវត្តពិធីសារនៃការនាំចេញស្វាយស្រស់ពេញលេញហើយ ស្របពេលយើងក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធភូតគាមអនាម័យ និងការវេចខ្ចប់បានត្រឹមត្រូវតាមលក្ខខណ្ឌរបស់ចិន»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែលក្រុមហ៊ុនដាំដុះ និងនាំចេញផ្លែស្វាយ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ត្រង់ទៅចិនកើនឡើងយ៉ាងច្រើននារដូវប្រមូលផលខាងមុខនេះ។
លោកនិយាយថា៖ «ខ្ញុំគិតថា ចាប់ពីឆ្នាំនេះទៅការនាំចេញស្វាយស្រស់ទៅទីផ្សារប្រទេសចិននឹងមានកំណើនទ្វេដង។ ប៉ុន្តែអ្វីៗក៏អាស្រ័យទៅលើការចរចាតម្លៃដែរ។ បើតម្លៃមានការព្រមព្រៀង ខ្ញុំជឿថា កម្ពុជានឹងនាំចេញស្វាយមានការកើនឡើងខ្ពស់នាឆ្នាំនេះ»។
គិតត្រឹមខែមេសា ឆ្នាំ ២០២១ រដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ ដែលអាចនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។
ទិន្នន័យក្រសួងកសិកម្មឱ្យដឹងថា កម្ពុជានាំចេញផ្លែស្វាយស្រស់ ១៦៣ ៨២៨,៥៥ តោនក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១ កើនឡើង ២៥១,០៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២០៕ LA